ចិន​និយាយថា​ចាប់ខ្លួន​ភេរវជន​បាន​ជិត ១៣.០០០ នាក់​នៅ​ស៊ីន​ជាំ​ង

561
ចែករម្លែក
  • 57
    Shares

​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មីនា​បាន​និយាយ​ការពារ​អំពី​ការបង្ក្រាប​សន្តិសុខ​ដ៏​ចម្រូងចម្រាស់​របស់ខ្លួន​នៅក្នុង​តំបន់​ចុង​ភាគ​ខាងលិច​នៃ​ខេត្ត​ស៊ីន​ជាំ​ង ដោយ​និយាយថា “​ភេរវ​ករ​ជិត ១៣.០០០ នាក់​” ត្រូវបាន​ចាប់ខ្លួន​នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ ២០១៤ មក​។​

​យោងតាម​ក្រុម​សិ​ទិ្ធ​មនុស្ស​បានឱ្យដឹងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រង​ការរិះគន់​ពី​សំណាក់​អន្តរជាតិ​លើ​គោលនយោបាយ​របស់ខ្លួន​ក្នុង​តំបន់​ស៊ីន​ជាំ​ង កន្លែង​ដែល​ជនជាតិ​អ៊ុយ​ហ្គួ​រ​និង​ជនជាតិភាគតិច​មូស្លីម​ភាគច្រើន កំពុង​ត្រូវបាន​ឃុំឃាំង​នៅក្នុង​ជំរំ​លុត​ដំ​។​

​គណៈរដ្ឋមន្ត្រី​ចិន​បាន​វាយបក​វិញ​ជាមួយនឹង​ឯកសារ​ពណ៌​ស ដោយ​និយាយថា រដ្ឋាភិបាល “​ប្រឹងប្រែង​ឥតឈប់ឈរ​ស្របតាម​ច្បាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ប្រ​ព្រឹ​ត្ដ​ណាមួយ ដែល​គាំទ្រ​ដល់​ភេរវកម្ម​និង​ភាពជ្រុលនិយម​”​។​

​ឯកសារ​ពណ៌​ស​នោះបាន​លើកឡើងថា ស៊ីន​ជាំ​ង​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន​តាំងពី​យូរណាស់​មកហើយ ប៉ុន្តែ “​ពួក​ភេរវជន​និង​កម្លាំង​ជ្រុលនិយម​” បាន​បង្ក​សកម្មភាព​ផ្តាច់ខ្លួន​ដោយ “​ការ​ក្លែង​” ប្រវត្តិសាស្ត្រ​របស់​តំបន់​នេះ​។​

​យោងតាម​ឯកសារ​ពណ៌​ស​នេះ “​ចាប់តាំងពី​ឆ្នាំ​២០១៤ ខេត្ត​ស៊ីន​ជាំ​ង​បាន​បំផ្លាញ​ក្រុម​ភេរវជន​និង​ក្រុម​បង្ក​ហិង្សា​ចំនួន ១.៥៨៨ ក្រុម ចាប់ខ្លួន​ភេរវជន​បាន​ចំនួន ១២.៩៩៥ នាក់ រឹប​អូ​បាន​គ្រឿងផ្ទុះ​ចំនួន ២.០៥២ ដាក់ពិន័យ​មនុស្ស​ចំនួន ៣០.៦៤៥​នាក់​សម្រាប់​សកម្មភាព​សាសនា​ខុសច្បាប់​ចំនួន ៤.៨៥៨ ករណី និង​រឹបអូស​បាន​ច្បាប់​ចម្លង​នៃ​សៀវភៅ​សាសនា​ខុសច្បាប់​ចំនួន ៣៤៥.២២៩ ក្បាល​”​។​

​ឯកសារ​នេះ​បាន​បន្ថែមថា “​ការងារ​ប្រឆាំង​ភេរវកម្ម​និង​ការតស៊ូ​លុបបំបាត់​ភាពជ្រុលនិយម​នៅ​ស៊ីន​ជាំ​ង​តែងតែ​ត្រូវបាន​អនុវត្ត​ស្របតាម​នីតិរដ្ឋ​”​។​

​ឯកសារ​នេះ​ត្រូវបាន​ថ្កោលទោស​យ៉ាង​ឆាប់រហ័ស​ដោយ​អង្គការសិទ្ធិមនុស្ស​អ៊ុយ​ហ្គួ​រ​មួយ ដែល​ហៅ​ឯកសារ​នេះ​ថា​ជា​លេស​នយោបាយ​ដើម្បី​បង្ក្រាប​ជនជាតិ​អ៊ុយ​ហ្គួ​រ​។​

​លោក​ឌី​ល​ហ្សា​ត រ៉ា​ស៊ីត (Dilxat Raxit) អ្នកនាំពាក្យ​នៃ​អង្គការ​សមាជ​អ៊ុយ​ហ្គួ​រ​ពិភពលោក ដែល​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​គោលបំណង​នៃ​ការចេញផ្សាយ​ឯកសារ​ពណ៌​ស​គឺជា​មធ្យោបាយ​មួយ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ក្នុងស្រុក​សម្រាប់​គោលនយោបាយ​ជ្រុលនិយម​របស់ខ្លួន​និង​ដើម្បី​បិទបាំង​ការរំលោភបំពាន​សិទ្ធិមនុស្ស​”៕ ដោយ៖ កញ្ញាដាលីស

ចិន​រង​ការរិះគន់​ជា​អន្តរជាតិ​ជុំវិញ​គោលនយោបាយ​របស់ខ្លួន​នៅ​ស៊ីន​ជាំ​ង

ទីតាំងផ្សាយពាណិជ្ជកម្ម