ឡុង សុ​ភី និង ឈោ​ក ឆៃ ណាត់គ្នា​ជម្រះបញ្ជី​

1360
ចែករម្លែក
ឡុង សុ​ភី និង ឈោ​ក ឆៃ (​រូប​៖ រ៉ូ​ហ្សា​)​

(​ភ្នំពេញ​): បន្ទាប់ពី​ប្រកួត​គ្នា​ស្មើ​ពិន្ទុ ២​លើក​មក​នោះ អ្នក​ប្រដាល់​កម្ពុជា ឡុង សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា និង​អ្នក​ប្រដាល់​ថៃ ឈោ​ក ឆៃ (Chhuok Chhai) បាន​ណាត់​ប្រកួត​គ្នា​ម្ដងទៀត លើស​ង្វៀន​អា​ឡិច​ហ្ស​ង់ ព្រឹក​ថ្ងៃទី​២០​សីហា​។​

​សុ​ភី ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​ជង្គង់​ល្អ​ណាស់ តែ​ជង្គង់​របស់ ឈោ​ក ឆៃ កាន់តែ​អស្ចារ្យ​ណាស់​ទៅទៀត​។ មាន​អ្នក​ប្រដាល់​កម្ពុជា​ច្រើន​នាក់​ហើយ ដែល​សន្លប់​ក្រោម​ថ្វី​ជង្គង់​របស់ ឈោ​ក ឆៃ មិនតែប៉ុណ្ណោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ធ្លាប់​ស្ពាយ​ខ្សែក្រវាត់​ពី​ស្រុក​ខ្មែរ​មួយ ដែលមាន​រង្វាន់​អម ៥.០០០​ដុល្លារ ទៅ​ប្រទេស​គេ​ដែរ​។​

​សម្រាប់​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធតែ​ត្រៀមខ្លួន​មុន​បានល្អ​ដូចគ្នា ព្រោះ​បន្ទាប់ពី​ជួបគ្នា ២​លើក មិនបាន​លទ្ធផល​មក​នោះ ពួកគេ​សុទ្ធតែ​ចង់ដឹងថា តើ​ជំនួប​លើក​ទី​៣​នេះ មាន​លទ្ធផល ឬក៏​អត់​ទៀត​។ ពួក​កេ​សុទ្ធ​តែមាន​ចំណុចខ្សោយ​ខ្លះ​ដូចគ្នា តែ​ពួកគេ​ហាក់ដូចជា​មិនសូវ​វាងវៃ ក្នុងការ​ស្វែងរក​ចំណុចខ្សោយ​គូប្រកួត​ដូចគ្នា​ដែរ​។​

​សុ​ភី ធ្លាប់​និយាយថា គេ​ប្រកួត​ជាមួយ ឈោ​ក ឆៃ ម្ដងៗ​ឈឺខ្លួន​២-៣​ថ្ងៃ​ឯណោះ បើ​ប្រកួត​ជាមួយ​អ្នកផ្សេងៗ មិនសូវ​ជា​ឈឺខ្លួន​ណាស់ណា​ទេ តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ទោះបី​វ៉ៃ​កៀក ឬ​វ៉ៃ​ប្រយោល​ក៏​ឈឺ​សាច់​ដូចគ្នា​។ ចំពោះ​អ្នក​ប្រដាល់​ថៃ ឈោ​ក ឆៃ វិញ គេ​ក៏​និយាយ​ដែរ​ថា សុ​ភី ជា​គូប្រកួត​ដែល​មិនអាច​មើលស្រាល​បាន​នោះទេ​។​

​លោក ថៃ អ៊ូ ដែលជា​អ្នក​បាំ​អ្នក​ប្រដាល់​ថៃ​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ បាន​និយាយថា នៅ​ប្រទេស​ថៃ ឈោ​ក ឆៃ មិនជា​មានឈ្មោះ​បោះ​សំឡេង​នោះទេ តែ​គេ​ជា​អ្នក​ប្រដាល់​ល្អ​មួយរូប​ដែរ គ្រាន់តែ​ឱកាស​ឡើង​សង្វៀន​របស់គេ​មិនសូវមាន​។​

​សម្រាប់​ជំនួប​លើក​ទី​៣​នេះ មិនដឹងថា លទ្ធផល​ស្មើគ្នា​ដូច ២​លើក​មុន​ទៀត ឬក៏​មាន​ចាញ់​មាន​ឈ្នះ​នោះឡើយ​។ ទោះជា​យ៉ាងណា​ក៏​គូ​នេះ​នឹង​ប្រកួត​គ្នា ៥​ទឹក ទោះបី​ស្មើ​ទៀត ឬ​មាន​ចាញ់​-​ឈ្នះ​ក៏ដោយ ក៏​ទាំងសងខាង​នឹង​ទ្រមខ្លួន​ដូចគ្នា​មិនខានឡើយ​៕L ដោយ​៖ រ៉ូ​ហ្សា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ