FAO សុំ​អោយ​វៀតណាម​ប្រកាស​ប៉េស​ជ្រូក​អាហ្វ្រិកជា​ស្ថានភាព​គ្រា​អាសន្នជាតិ​មួយ​

1050
ចែករម្លែក
  • 3
    Shares

​អង្គការ​ស្បៀង​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​(FAO)​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មីនា បាន​ប្រាប់​ទៅ​វៀតណាម​អោយ​ប្រកាស​ការឆ្លង​រាលដាល​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​(ASF)​យ៉ាង​ឆាប់រហ័ស​ពី​ភាគ​ខាងជើង​មក​កាន់​តំបន់​កណ្តាល​នោះ ជា​ស្ថានភាព​គ្រាអាសន្ន​ជាតិ​មួយ​។​

​សូមបញ្ជាក់​ថា សាច់ជ្រូក​តំណាងអោយ​សាច់​ប្រើ​ជា​អាហារ​ចំនួន​៣​ភាគ​៤​នៅ​វៀតណាម​ដែល​មាន​ប្រជាពលរដ្ឋ​៩៥​លាន​នាក់​និង​ជ្រូក​ចិញ្ចឹម​ប្រមាណ​៣០​លាន​ក្បាល​ត្រូវបាន​ប្រើ​​ប្រាស់​ជា​អាហារ​នៅក្នុង​ស្រុក​ភាគច្រើន​។​

​អាល់​ប៊ឺត ធី លីអេ​ប៊ឺក តំណាង​អង្គការ​FAO នៅ​វៀតណាម បាន​និយាយថា​«​ការបាត់បង់​ជ្រូក​ដោយសារ​ASF​និង​វិធានការ​គ្រប់គ្រង​នាំអោយ​មាន​បន្ទុក​សេដ្ឋកិច្ច​ធំ​មួយ​លើ​​បណ្តា​គ្រួសារ​តាម​ទីជនបទ​»​។​

​វៀតណាម​បាន​ហាម​ចរាចរណ៍​សត្វ​ជ្រូក​និង​ផលិតផល​សាច់ជ្រូក​យ៉ាង​តឹងរឹង​ហើយ​បាន​សម្លាប់​ចោល​ជ្រូក​ជាង​២៥.០០០​ក្បាល តែ​អង្គការ​FAO បាន​និយាយ​ថា​កសិដ្ឋាន​តូចៗ​​ជាមួយនឹង​វិធានការ​ការពារ​ទាប​នឹង​បង្ក​ការឆ្លង​រាលដាល​ជម្ងឺ​ASF​។​

​ជម្ងឺ​ដែល​សម្លាប់​ជ្រូក​ស្ទើរ​ទាំងស្រុង បើ​ឆ្លង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នេះ ក៏​បាន​វាយប្រហារ​ប្រទេស​ចិន​ក្បែរ​ខាង​ផងដែរ​។​កាលពី​សប្តាហ៍​មុន ចិន​ហាម​នាំ​ជ្រូក​និង​ផលិត​​ផល​សាច់ជ្រូក​ចូល​ពី​វៀតណាម​។​

​នៅ​វៀតណាម ជម្ងឺ​នេះ​បាន​កើតមាន​នៅ​ភាគ​ខាងជើង​មុន​រាល​ទៅដល់​ខេត្ត​ង៉េ​អាន​និង​ថាញ់​ហ័រ​។​ក្រុង​ហាណូយ និង​ទីក្រុង​កំពង់ផែ ហាយ​ហ្វុងក៏​កើត​មាន​ជម្ងឺ​នេះដែរ​។​ចុង​​ក្រោយ ក្រុម​ពេទ្យសត្វ​បាន​រកឃើញ​ប៉េស​ជ្រូក​អាហ្វ្រិកនេះ នៅក្នុង​ខេត្ត​ធួ​ធៀន​-​វ៉េ ភាគ​កណ្តាល​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មីនា​ក្រោយ​ពី​មាន​ជ្រូក​ងាប់​នៅ​ទីនោះ​។​វា​ជា​ទី​តាំងទី​១៩​នៅ​វៀតណាម ដែល​ជម្ងឺ​នេះ​ត្រូវបាន​គេ​រកឃើញ និង​ក៏​ជា​លើកដំបូង​នៅ​វៀតណាម​កណ្តាល​៕​ដោយ​៖​វាសនា​

​ជ្រូក​ងាប់​ត្រូវបាន​សែង​ចេញពី​កសិដ្ឋាន និង​រាល់​កសិដ្ឋាន​នៅក្នុង​តំបន់​នោះ​ត្រូវបាន​ធ្វើ​អនាម័យ​សម្លាប់​មេរោគ​

ទីតាំងផ្សាយពាណិជ្ជកម្ម