ទិវា​រដ្ឋធម្មនុញ្ញ នៃសាធារណ​ដ្ឋ ឥណ្ឌូណេស៊ី​

2207
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ របស់ខ្លួន​នៅ​ថ្ងៃទី ១៨ ខែ សីហា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ពួកគេ​ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ ១៩៤៥ បន្ទាប់ពី​បាន ប្រកាស​ឯករាជ្យ​ជាតិ​របស់ខ្លួន​មួយថ្ងៃ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ឥណ្ឌូណេស៊ី គឺជា​រដ្ឋ​កម្រង​កោះ​ចំនួន​១៨.៣០៧ មាន​ផ្ទៃដី​សរុប ១.៩១៩ លាន គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ី អាគ្នេយ៍ មាន​ព្រំដែន​ជាប់​ប្រទេស ប៉ា​ពួ ញូ​វ ហ្គី​ណេ ម៉ាឡេស៊ី សាំង​ហ្គា​ពួរ ហ្វីលីពីន និង អូស្ត្រាលី​។ ជា​សមាជិក​ស្ថាបនិក នៃ សមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ (ASEAN) និង ជា​សមាជិក​ក្រុម​ប្រទេស G-២០ ។ នៅ​ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជិត ២៦៦ លាន​នាក់ ភាគច្រើន ជា​អ្នក កាន់សាសនា អ៊ិ​ស្លាម រដ្ឋធានី​គឺ​ទីក្រុង ចា​កាតា ភាសាផ្លូវការ​គឺ​ភាសា ឥ​ណ្ធូ​ណេ​ស៊ី ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ ១៦១៩ ទឹកដី​មួយចំនួន នៃ ប្រទេស ឥណ្ឌូណេស៊ី ត្រូវបាន​ត្រួ​ត្រា​ដោយ ក្រុមហ៊ុន ហុ​ល្លង់ ឥណ្ឌា ខាងកើត ។ ចុង​សត្ត​វត្សរ៍​ទី ១៨ ក្រុមហ៊ុន​នេះ​បាន​ខ្ស័យធន ហើយ​ត្រូវបាន​រំលាយ​នៅ​ឆ្នាំ ១៨០០ ។ ទ្រព្យសម្បត្តិ និង បំណុល​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បានទទួល​រ៉ាប់រង និង ត្រួ​ត្រា​ជំនួស​ដោយ​រដ្ឋាភិបាល ហុ​ល្លង់ ហើយ​ទឹកដី​ឥណ្ឌូណេស៊ី​ដែល​ធ្លាប់តែ​ស្ថិតក្រោម​ការ​ត្រួ​ត្រា​របស់​ក្រុមហ៊ុន​នេះ ក៏ត្រូវ​បាន ត្រួតត្រា​ជំនួស​ដោយ​រដ្ឋាភិបាល ហុ​ល្លង់ ដែរ ។ ឆ្នាំ ១៨១១ ទឹកដី​ទាំងនេះ​បាន​ស្ថិតក្រោម​ការត្រួតត្រា របស់ ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត វិញ​ម្តង ។ លុះដល់​ឆ្នាំ ១៨១៥ ហុ​ល្លង់ បាន​ដណ្តើមយក ទឹកដី​ទាំងនោះ​ពី​ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត មក​ត្រួ​ត្រា​វិញ ។ ឆ្នាំ ១៩៤០ មហាអំណាច ហុ​ល្លង់ បាន​ធ្លាក់​ក្រោម​ការកាន់កាប់​ដោយ​ពួក ណា​ស៊ី អាល្លឺម៉ង់ ។ ជប៉ុន​បានចាប់ផ្តើម​លុកលុយ​អាស៊ីអាគ្នេយ៍ នៅ​ខែ ធ្នូ ឆ្នាំ ១៩៤១ ហើយ​នៅ​ឆ្នាំ ១៩៤២ ជប៉ុន​បាន​ចូល​ដណ្តើម​កាន់កាប់​ទឹកដី​ឥណ្ឌូណេស៊ី ពី ហុ​ល្លង់ ។​

​នៅ​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ១៩៤៥ ជប៉ុន មានបំណង​ចង់​ប្រកាស​ឯករាជភាព ឱ្យ ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ១៩៤៥ នោះ​។ ប៉ុន្តែ​មិនទាន់បាន​ប្រកាស​ឯករាជ​ភាព​ឱ្យ​ឥណ្ឌូណេស៊ី​ផង នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៥ ជប៉ុន បានប្រកាស​ចុះចាញ់​សង្គ្រាមលោកលើកទី ២ ។ ដោយមាន​សម្ពាធ ពី​ពួក​រ៉ាឌីកាល់ និង ក្រុមយុវជន​ផង នៅ​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៤៥ នោះ លោក ស៊ូ​កា​ណូ បានប្រកាស​ឯករាជភាព​របស់​ឥណ្ឌូណេស៊ី ជា​ឯកតោភាគី ថា​ជា​សាធារណរដ្ឋ ឥណ្ឌូណេស៊ី ដោយមាន លោក ស៊ូ​កា​ណូ ជា​ប្រធានាធិបតី ។

​ប្រកាស​ធម្មនុញ្ញ ១៩៤៥
​មួយថ្ងៃ​បន្ទាប់ពី​បានប្រកាស​ឯ​រាជ​ភាព​របស់ខ្លួន​មក​គឺ​នៅ​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ១៩៤៥ ឥណ្ឌូណេស៊ី បានអនុម័ត​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ជា​លើកដំបូង ដែល​ត្រូវបាន​ហៅថា រដ្ឋធម្មនុញ្ញ ១៩៤៥ ព្រោះ​ត្រូវ​បានអនុម័ត​នៅ​ឆ្នាំ ១៩៤៥​។ រដ្ឋធម្មនុញ្ញ​នេះ​ចែងថា ប្រធានាធិបតី ឥណ្ឌូណេស៊ី ត្រូវជា​ជន មូ​ស្ល៊ី​ម ។ សូម​រំលឹកថា ប្រជាពលរដ្ឋ ឥណ្ឌូណេស៊ី ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ប៉ុន្តែ​ក៏​នៅមាន​អ្នក​កាន់សាសនា​ដទៃទៀត​ដូចជា​គ្រិស្តសាសនា និង ពុទ្ធសាសនា​ជាដើម ។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ ១៩៤៥ នេះ ផ្តល់​សិទ្ធិ និង អាទិភាព​ទៅលើ​អ្នក​កាន់សាសនា អ៊ិ​ស្លាម ច្រើនជាង​អ្នក កាន់សាសនា​ផ្សេងៗ ជាហេតុ​នាំឱ្យមាន​ការមិន​សប្បាយចិត្ត ដែលជា​ឧបសគ្គ​ដល់​ការរួបរួម ឥណ្ឌូណេស៊ី ។ ឬ​និយាយ​ម្យ៉ាង​ទៀតថា ប្រសិនបើ​នៅ​រក្សា​ធម្មនុញ្ញ​នេះ​តទៅទៀត​នោះ នឹង​ពិបាក ឬ ក៏​ប្រហែលជា​មិនអាច​រួបរួម​កម្រង​កោះ​ជាង​មួយ​ម៉ឺន​របស់​ឥណ្ឌូណេស៊ី ឱ្យនៅ​ក្រោម​ទង់ ឥណ្ឌូណេស៊ី តែមួយ​ឡើយ ។​

​ឆ្នាំ ១៩៥៥ ការបោះឆ្នោត​ក្រុមប្រឹក្សា​តំណាង​ប្រជាជន និង សម្រាប់​សភា​រដ្ឋធម្មនុញ្ញ ត្រូវបាន​ប្រារព្ធ​ឡើង ។ សេចក្តីព្រាងច្បាប់​របស់​សភា​រដ្ឋធម្មនុញ្ញ​នេះ​មាន​ភាពខ្វែងគ្នា​ពី​រដ្ឋធម្មនុញ្ញ ១៩៤៥ ដែល ផ្តល់​សិទ្ធិអំណាច​ដល់​ពួក​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​ច្រើន​លើសលប់​ពេក ក៏​បណ្តាលឱ្យ​មានទំនាស់ មួយចំនួន រវាង​ពួក​អ្នក​ជាតិនិយម និង ពួក អ៊ិ​ស្លាម​និយម ជុំវិញ​តួនាទី​របស់​សាសនា អ៊ិ​ស្លាម នៅលើ​ទឹកដី​ឥណ្ឌូណេស៊ី ។​

​រំលាយ​រដ្ឋសភា
​នៅ​ថ្ងៃទី ៣០ ខែ ឧសភា និង ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ១៩៥៩ លោក ស៊ូ​កា​ណូ ដ៏​មាន​ឥទ្ធិពល (​ដោយសារ​មាន​កងទ័ព ដែលជា​អ្នក អ៊ិ​ស្លាម​និយម នៅ​ពីក្រោយ ) បាន​ដាក់ឱ្យ​បោះឆ្នោត​ធ្វើ​ប្រជាមតិ រដ្ឋធម្មនុញ្ញ ១៩៤៥ ។ ប៉ុន្តែ​មិន​ទទួលបាន​ការគាំទ្រ​តាម​តម្រូវការ​សម្លេង ពីរភាគបី​ឡើយ ។ ទោះយ៉ាងណា ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ១៩៥៩ នោះ លោក​ប្រធានាធិបតី ស៊ូ​កា​ណូ បាន​រំលាយ សភា​រដ្ឋធម្មនុញ្ញ ចោល​ហើយ​ដាក់ឱ្យអនុវត្ត​រដ្ឋធម្មនុញ្ញ ១៩៤៥ (​ដែល​មិន​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់​) ជា​រដ្ឋធម្មនុញ្ញ​បណ្តោះអាសន្ន ។

​ឆ្នាំ ១៩៦៨ លោក ស៊ូ​ហារ​តូ បាន​ក្លាយជា​ប្រធានាធិបតី ឥណ្ឌូណេស៊ី ក៏​នៅតែ​មិន​ព្រម​កែប្រែ​រដ្ឋ​ធម្ម ១៩៤៥ នេះដែរ (​ព្រោះ​លោក ស៊ូ​ហារ​តូ ក៏​ជា​អ្នក អ៊ិ​ស្លាម​និយម​ដែរ ) ។ ឆ្នាំ ១៩៨៣ សភា​ក្រុម​ពិគ្រោះ យ​ប​ល់​ប្រជាជន​បានអនុម័ត​ក្រឹត្យ​មួយ​ឱ្យធ្វើ​ប្រជាមតិ​ទូទាំងប្រទេស​មុនពេល​រដ្ឋធម្មនុញ្ញ​ត្រូវបានធ្វើ​វិសោធនកម្ម ។ ឆ្នាំ ១៩៩៧ មាន​អ្នកនយោបាយ​សំខាន់ៗ​បួនរូប​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ពីបទ​លើកឡើង នូវ​ចំណុច​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ​ដែល​គប្បី​ត្រូវបានធ្វើ​វិសោធនកម្ម ។

​វិសោធនកម្ម​ធម្មនុញ្ញ ១៩៤៥
​លោក ស៊ូ​ហារ​តូ បាន​ធ្លាក់​ពី​តំណែង​នៅ​ឆ្នាំ ១៩៩៨ ជំនួស​ដោយ​អ្នក​ជំនាន់​ថ្មី ទើប​ត្រួស​ត្រាយផ្លូវ​ឆ្ពោះ ទៅរក​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ១៩៤៥ នោះ ដើម្បី​បង្កើត​របប​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ​មួយ​នៅ ឥណ្ឌូណេស៊ី ។ ទីបំផុត​ការធ្វើ​វិសោធនកម្ម​ទៅលើ​រដ្ឋធម្មនុញ្ញ ១៩៤៥ ត្រូវបាន​ដំណើរការ​បួន​ដំណាក់កាល​គឺ​នៅ​ឆ្នាំ ១៩៩៩ , ឆ្នាំ ២០០០ , ឆ្នាំ ២០០១ និង ឆ្នាំ ២០០២ ។ រដ្ឋ​ធម្ម​១៩៤៥ ត្រូវបាន​កែប្រែ​នៅសល់តែ ១១ ភាគរយ​ប៉ុណ្ណោះ ។ នៅក្នុង​ចំណោម​ការកែប្រែ ទាំងឡាយ​នេះ មានការ​កែប្រែ​មួយ​គឺ​ការបង្កើត​តុលាការ​រដ្ឋធម្មនុញ្ញ ត្រូវបាន​ចាត់ទុកថា​ជាការ​កែប្រែ ប្រកបដោយ​ជោគជ័យ​បំផុត​មួយ​នៅក្នុង​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ ឥណ្ឌូណេស៊ី ។ ទោះយ៉ាងណា រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ឥណ្ឌូណេស៊ី នៅតែ​ចាត់ទុក​ថ្ងៃទី ១៨ ខែ សីហា (​ឆ្នាំ​១៩៤៥ ដែលជា​ថ្ងៃ​អនុម័ត​រដ្ឋ ធម្មនុញ្ញ ដំបូង របស់ ឥណ្ឌូណេស៊ី ) ថា​ជា ទិវា នៃ រដ្ឋ​រដ្ឋធម្មនុញ្ញ​រប​ស់​ពួកគេ​ដដែល ៕

​កិច្ចប្រជុំ​បង្កើត​រដ្ឋធម្មនុញ្ញ​ដំបូង​របស់ ឥណ្ឌូណេស៊ី ឬ រដ្ឋធម្មនុញ្ញ ១៩៤៥ (​រដ្ឋធម្មនុញ្ញ ១)
​ក្បួន​ដង្ហែរ​នៅ​ទិវា​រដ្ឋធម្មនុញ្ញ នៃ ប្រទេស ឥណ្ឌូណេស៊ី (​រដ្ឋធម្មនុញ្ញ ២)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ