​ពលរដ្ឋ​ស្រុក​កោះ​ញែក​បារម្ភ​ខ្លាំង​ព្រោះ​ប្រមាណ​១​ខែ​ទៀត​ប្រភពទឹក​អាច​រីងស្ងួត​

677
ចែករម្លែក
  • 57
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​នៅ​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩​នេះ​ម្ចាស់​អាជីវកម្ម​ទឹកស្អាត​ស្រុក​កោះ​ញែក​បាន​រាយការណ៍​ថា​ប្រភពទឹក​សំខាន់ៗ​ក្នុង​មូលដ្ឋាន​អាច​និង​រីងស្ងួត​ល្គឹកណា​ភ្លៀង​នៅតែ​មិន​បង្អុរ​មក​។​

សេចក្តីរាយការណ៍​បាន​បន្តថា​ប្រជាពលរដ្ឋ​រស់នៅ​ទីរួមស្រុក​នេះ​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃជា​បណ្តើរៗ​ហើយ​ពិសេស​ទីប្រជុំជន​ផ្សា​រកោះ​ញែក​តែម្តង​។​ម្ចាស់​អាជីវកម្ម​ទឹកស្អាត​ស្រុក​កោះ​ញែក​លោក​ប៉ោ​ពួជ​បានឱ្យដឹងថា​ក្នុង​រយៈពេល​ប្រមាណ​១​ខែ​ទៀត​បើ​នៅតែ​មិនមាន​ភ្លៀង​ធ្លាក់​ទេ ប្រជាពលរដ្ឋ​រស់នៅ​ប្រជុំជន​ស្រុក កោះ​ញែក​នឹង​អត់​ទឹក​ប្រើប្រាស់​។​

​លោក​បន្តថា​ចាប់តាំងពី​ចុងខែ​មករា​មក​ប្រភពទឹក​សំខាន់ៗ​ដែល​ផ្គត់ផ្គង់​សម្រាប់​ផលិត​ទឹកស្អាត​ជូន​ដល់​អ្នកស្រុក ដូចជា អូរ​ច្បារ នឹង​ទឹក​ដែលមាន​ប្រភព​ក្នុង​ទំនប់​សម័យ​ប៉ុល ពត ត្រូវ​រីង​បន្តិច​ម្តងៗ រហូត​បច្ចុប្បន្ននេះ​កាន់តែ​ប្រឈម​ខ្លាំង​បំផុត​។

​បើតាម​ការបញ្ជា​ក់រប​ស់​ម្ចាស់​អាជីវកម្ម​ទឹកស្អាត​ថា ក្រុមការងារ​របស់លោក​កំពុង​ញាប់ដៃ​ញាប់ជើង ត​បណ្តាញ​ប្រភពទឹក​ពី​កន្លែង​ដទៃទៀត ទោះ​មាន​ចម្ងាយ ឆ្ងាយ ពី​ស្ថានីយ៍​ផលិត​ទឹក​ក៏ដោយ ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ១.០៥០​គ្រួសារ ដែល​កំពុង​ទទួល​សេវា​ទឹកស្អាត​របស់ខ្លួន​ស្រប​នឹង កំណើន ច្រើ ន​ជាង​ឆ្នាំ មុន​។

​ថ្នាក់ដឹកនាំ​ស្រុក​កោះ​ញែក​បាន​ថ្លែងថា​គិត​ត្រឹម​ថ្ងៃទី​២០​ខែមីនា​នេះ​នៅ​ទូទាំង​ស្រុក​កោះ​ញែក​នៅ​មិនទាន់មាន​ករណី​អត់​ទឹក​ប្រើ​សោះ នោះ ទេ​។​ប៉ុន្តែ​ថ្នាក់ដឹកនាំ​រូបនោះ បាន​ទទួលស្គាល់ថា នៅតាម​ទីតាំង​ខ្លះ ពិតជា​មានការ​ខ្វះខាត​ដោយ​អន្លើៗ​មែន​។​

ជាក់ស្តែង​នៅ​ប្រជុំជន​ស្រុក ដែលមាន​ការ​ផ្ត​ត់​ផ្គង់​ពី​ក្រុម ហ៊ុន​ទឹកស្អាត គឺមាន​ការរអាក់រអួល​ដូច​ពេលខ្លះ យប់​មានទឹក ដាច់​ពេល​ថ្ងៃ ហើយ​មាន​ពេល​ថ្ងៃ​អត់​ពេលយប់ ទៅវិញ​។​​ទោះយ៉ាងណា​ករណីនេះ​អភិបាលស្រុក​កោះ​លោក​ស៊ិន​វណ្ណ​វុ​ឌ្ឍ​បាន​នឹង​កំពុង​ធ្វើ​របាយ​ការ​ណ៏​ដាក់​ទៅ​ថ្នាក់​ខេត្ត​ដើម្បី​ស្នើរ​សុំ​ជំនួយ ជុស​ជុល​អណ្តូងទឹក​ចាស់ៗ​ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះ​ញែក​បាន​សំណូមពរ​ដល់​មន្ទីរ​ធ​ន​ធាន​ទឹក នឹង​ឧតុនិយម ខេត្តមណ្ឌលគិរី ជួយ​ជួសជុល​ទំនប់ទឹក​ដែល​បន្សល់ទុក​តាំងពី​សម័យ ប៉ុល ពត​ក្នុង​ឃុំ​ស្រែ​សង្គម ដែល​រង​ការខូចខាត​ខ្នង​ទំនប់​ប្រមាណ​២០​ភាគរយ​ឡើងវិញ​។​ក្នុងនោះ​ជាការ​កត់សម្គាល់​លោក ខែម ភា​រម្យ​ប្រធាន​មន្ទីរ​ធនធាន​ទឹកនឹង​ឧតុនិយម​ខេត្តមណ្ឌលគិរី​អ្នកយកព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​បានទេ​។​
​សូមជម្រាបថា ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរខេត្ត​មណ្ឌលគិរី ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ពុំបាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ទឹក​នេះ​នោះទេ​។​កាលពីពេល​ថ្មីៗ​កន្លងទៅ​លោក​ផ្ទាល់​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ផ្តល់​អណ្តូងទឹក​ចំនួន​២​ជូន​ដល់​ពលរដ្ឋ​រស់នៅ​ឃុំ​ណង​ឃី​លឹក​ផងដែរ តែ​ចំនួន​នេះ​នៅ​មិនទាន់​គ្រប់​តម្រូវការ​នោះទេ​។

​ស្រុក​កោះ​ញែក​តាម​សេចក្តី​រាយ​កា​រថា​មាន​អណ្តូងស្នប់​ប្រើប្រាស់​ចំនួន​ជាង​១០០​អណ្តូង​។​ដើម្បី​ឆ្លើយតប​និង​ការខ្វះខាត​ទឹក ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ក៏​កំពុងធ្វើការ​ស្នើរ​សុំ​ចំនួន​៧​អណ្តូង​ជួយ​ដល់​ស្រុក​កោះ​ញែក​បន្ថែមទៀត​៕S/​