ការបោះឆ្នោតនៅថៃ៖ បើ​ជាប់ឆ្នោត អាប់​ភី​ស៊ីត ​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ

688
ចែករម្លែក
  • 64
    Shares

​មេដឹកនាំ​គណបក្សនយោបាយ​ចាស់​ជាងគេ​នៅ​ប្រទេស​ថៃ ​បាន​និយាយថា​ប្រសិនបើ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ខាងមុខ លោក​នឹងធ្វើ​ការប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ តែមាន​ការប្រយ័ត្នប្រយែង​ក្នុងការ​កែប្រែ​បទ​ប្បញ្ញត្តិ​ដែល​គ្មាន​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ ដែល​បានដាក់​ចេញ​ដោយ​រដ្ឋាភិបាលយោធា​ដែល​ដណ្តើម​អំណាច​ស៊ីវិល​ក្នុង​ឆ្នាំ ២០១៤​។​

​លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា ការបោះឆ្នោតដែល​នឹង​កើត​ឡើងជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ ផ្តល់ឱកាស​ដល់​ថៃ​ដើម្បី​បញ្ឈប់​ការអន្តរាគមន៍​យោធា​នៅក្នុង​នយោបាយ និងឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ចំពោះ​បញ្ហា​ដូចជា ការរំខាន​ផ្នែក​បច្ចេកវិជ្ជា សង្គម​សម្បូរ​មនុស្ស​វ័យ​ចំណាស់ និងវិសមភាព​ខ្ពស់​។​

​លោក​បាន​ប្រាប់ AP កាលពី​ថ្ងៃ​ពុធ​ទី​២០​មីនា​ថា ការបោះឆ្នោត​សកល​នៅ​ថ្ងៃអាទិត្យ​ខាងមុខ​គឺ “​សំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងមូល​។ វា​ជា​ឱកាស​មួយ​ក្នុង​ការនាំ​ប្រទេស​ចេញពី​វដ្ត​ផ្តាច់ការ​និង​រដ្ឋាភិបាល​ពុករលួយ​”​។​

​យោធា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់ពី​ការតវ៉ា​តាម​ដងផ្លូវ​ជាច្រើនលើក​ច្រើនសា ដែល​ជួនកាល​មាន​អំពើហិង្សា និងបានធ្វើឱ្យ​ទីក្រុង​បាងកក​ជាប់គាំង​។ យោធា​បាន​និយាយថា​គោលបំណង​របស់ខ្លួន​គឺ​ស្ដារ​ស្ថិរភាព​ឡើងវិញ ប៉ុន្តែ​បាន​គ្រប់គ្រង​ប្រទេស​ដោយ​ប្រើ​កណ្តាប់ដៃ​ធ្ងន់ៗ​និង​គ្រប់គ្រង​យូរ​ជាង​ការសន្យា​ទៅទៀត​។​

​យោធា​ថៃ​បាន​បង្ក្រាប​ក្រុម​អ្នក​រិះគន់​របស់ខ្លួន ​ខ​ណៈ​ដាក់ចេញ​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​និង​ច្បាប់បោះឆ្នោត​ដែល​ផ្តល់ឱ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នូវ​ប្រៀប​ឈ្នះ​ក្នុងការ​បោះឆ្នោត​និង​បង្កើន​ឱកាស​របស់​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា មេដឹកនាំ​រដ្ឋប្រហារ នៅ​បន្ត​កាន់តំណែង​ទៀត​។​

​អាប់​ភី​ស៊ីត​បានកត់សម្គាល់​អំពី “​ភាពមិនប្រក្រតី​” របស់លោក​ប្រា​យុទ្ធ​និង​គណបក្ស​ដែល​គាំទ្រ​លោក​។ ដោយ​សំដៅ​ទៅលើ​សកម្មភាព​ប្រៀប​បីដូច​ជា​យុទ្ធនាការ​បោះឆ្នោត​ពី​សំណាក់​លោក​ប្រា​យុទ្ធ ដែល​ចាត់ទុក​វា​ថា​ជា​មុខ​ជំនួញ​ផ្លូវការ​នោះ អាប់​ភី​ស៊ីត​បាន​និយាយថា ពួកគេ “​ជាក់ស្តែង​មិនបាន​ប្រកាន់យក​នូវ​ច្បាប់​និង​ស្តង់ដារ​” ដូច​គណបក្ស​ដទៃ​នោះទេ​។ ប៉ុន្តែ​ដោយសារ​សល់​៤​ថ្ងៃ​ទៀត​ដល់​ការបោះឆ្នោត គាត់​បាន​និយាយថា គាត់​សង្ឃឹមថា​ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន​៕ ដោយ៖ កញ្ញាដាលីស/Ha

លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ

ទីតាំងផ្សាយពាណិជ្ជកម្ម