ក្រុម​អ្នក​ផលិត​អំបិល​មិន​បន្ត​គាំទ្រ ធ្វើឱ្យ​សហគមន៍​ឈានដល់​ការបិទ​ដំណើរការ​សាជីវកម្ម​

540
ចែករម្លែក
  • 34
    Shares

ដោយ:បូកគោ​/កំ​ពត ៖ ដោយ​បាត់​ការគាំទ្រ​ពី​ក្រុម​អ្នក​ផលិត​ជា​សមាជិក​ដែល​បាន​ដំណើរការ​សារជីវ​កម្ម​របស់ខ្លួន​អស់​រយៈពេល​បី​អាណត្តិ​កន្លងមក ពេលនេះ​ក្រុមប្រឹក្សាភិបាល​សម្រេច​បិទ​សហគមន៍​នា​ដំណាច់​ខែមីនា ឆ្នាំ​២០១៩ ដ៏​ខ្លី​ខាងមុខ​។ ការ​រឹតបន្តឹង​លើ​ពន្ធអាករ​ចំពោះ​អំបិល​នាំចូល ​ជា​ផ្នែក​សំខាន់​សម្រាប់​ការប្រកួតប្រជែង​ទីផ្សារ ស្របពេល​ក្រុម​អ្នក​ផលិត​ក្នុងស្រុក​ម្ចាស់ការ​ដោយ​ខ្លួនឯង​នូវ​ផលិតផល​ដ៏​ចាំបាច់​នេះ​។​

​ផ្អែក​តាម​ការ​ប្រកាសជូន​ដំណឹង​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ដែល​រស្មី​កម្ពុជា​ទទួល​បាន​ មាន​ខ្លឹមសារ​ថា ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប​បាន​ចប់​អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ត្រូវធ្វើ​មហាសន្និបាត​សម្រាប់​បន្ត​អាណត្តិ​ទី​៤​ទៀត​។ ប៉ុន្តែ ក្រុម​អ្នក​ផលិត​អំបិល​ដែលជា​សមាជិក​បានមក​ចុះកិច្ចសន្យា​ត្រឹម​៧០​ភាគរយ​ប៉ុណ្ណោះ ពោលគឺ​៣០​ភាគរយ​ទៀត​មិន​បន្ត​ចូលរួម​ទេ​។ ដូច្នេះ សហគមន៍​បាន​ប្រជុំ​សម្រេច​បិទ​សហគមន៍​អ្នក​ផលិត​អំបិល ខេត្តកំពត​-​កែប ចាប់ពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ តទៅ​។​

​សូម​រំលឹកថា​ថ្មីៗ​នេះ លោក​ប៊ុន បារាំង សហ​នាយក​ប្រតិបត្តិ​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប​ បានបញ្ជាក់​ប្រាប់​ឱ្យដឹងថា​ កន្លងមក​ក្រុមប្រឹក្សា​អភិបាល​បានដាក់​ពាក្យ​ស្នើ​រំលាយ​សហគមន៍ ប៉ុន្តែ​ក្នុងនាម​គណៈនាយក​ប្រតិបត្តិ លោក​សូមឱ្យ​រង់ចាំ​បន្តិច​សិន​ដើម្បី​កៀរគរ​សមាជិក​ឱ្យ​ចូលរួម​សម្រាប់​អាណត្តិ​ថ្មី​។ បន្ទាប់ពី​ចប់​អាណត្តិ​ទី​៣ កាលពី​ខែកញ្ញា ឆ្នាំ​២០១៨​មក ទើប​តែមាន​សមាជិក​ប្រមាណ​៧០​ភាគរយ​ប៉ុណ្ណោះ​ផិ្ត​ត​មេដៃ​ចូលរួម​បន្ត​ក្នុងចំណោម​២០០​ក្រុម​ផលិត​នៃ​អាណត្តិ​ចាស់​។

លោក​សហ​នាយក​បានបញ្ជាក់​ថា បើ​៣០​ភាគរយ​ទៀត​មិន​ចូល នោះ​សហគមន៍​នឹងត្រូវ​រំលាយ​ហើយ និយាយ​រួម​ក្នុងករណី​ចាប់ពី​ពីរ ឬ​បី​ក្រុម​ស្ថិតនៅ​ខាងក្រៅ​គឺ​មិនអាច​ដំណើរការ​បានទេ​។

​លោក​ងួន ចាន់​សុជាតា ម្ចាស់​ការដ្ឋាន​ផលិត​អំបិល​បឹង​រូង​១ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា ​រូបលោក ក៏ដូចជា​អ្នក​ផលិត​អំបិល​ដទៃទៀត​កំពុង​ព្រួយបារម្ភ​អំពី​តម្លៃ ស្រប​ពេលដែល​អំបិល​នាំចូល​ពី​ប្រទេស​ចិន​ថោក​ជាង​អំបិល​កម្ពុជា​ ធ្វើឱ្យ​ការប្រកួតប្រជែង​ទីផ្សារ​ជួប​ភាពលំបាក។ ដូច្នេះ តំណាងឱ្យ​ក្រុម​អ្នក​ផលិត​អំបិល លោក​ស្នើឱ្យ​រាជរដ្ឋាភិបាល ពិសេស​សមត្ថកិច្ច​តាម​ច្រករបៀង ក៏ដូចជា​ច្រកទ្វារ​អន្តរជាតិ​នៃ​ព្រំដែន​នីមួយៗ ធ្វើ​ម៉េច​ការ​នាំចូល​បង់ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​ជូន​ជាតិ ជៀសវាង​លួច​នាំចូល​ដោយ​អត់​បង់ពន្ធ​។ បើសិន​ជាការ​នាំចូល​មាន​ពន្ធ តម្លៃ​អំបិល​អា​ចប្រ​ហាក់​ប្រហែល​គ្នា ឬ​ការនាំ​មកពី​ក្រៅ​អាច​ថ្លៃ​ជាង ​ធ្វើឱ្យ​ការលក់​នៃ​អំបិល​ក្នុងស្រុក​ក៏​មិនសូវ​ព្រួយបារម្ភ​ដែរ​។​

លោក​ហាក់ សុ​វណ្ណា ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​កំពត តាកែវ កែប ​បាន​មាន​ប្រសាសន៍ថា​ ទីផ្សារ​អំបិល​កម្ពុជា​គឺជា​រឿង​សំខាន់​សម្រាប់​សភាពាណិជ្ជកម្ម​ក្នុង​ការជួយជ្រោមជ្រែង ព្រមទាំង​ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ព្រោះ​អំបិល​កម្ពុ​ជាមាន​សារធាតុ​ចិ​ញ្ចឹម និង​គុណ​ភាពល្អ​ជួយ​ដល់​សុខភាព​អ្នក​ទទួលទាន ។

លោក​ប្រធាន​បាន​បន្តថា​ កន្លងមក​ស​ភា​ពាណិជ្ជកម្ម​មិន​ហ៊ាន​លូកដៃ​ចូលក្នុង​កិច្ចការ​ទីផ្សារ​អំបិល​ទេ​ ដោយសារ​មាន​សហគមន៍​អ្នក​ផលិត​អំបិល​ទទួលខុសត្រូវ​អំពី​រឿងនេះ​។ ប៉ុន្តែ ក្រោយពីសហគមន៍​ត្រូវបាន​រំលាយ សភាពាណិជ្ជកម្ម​នឹង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​តម្លៃ​អំបិល​កម្ពុ​ជាមាន​ភាពល្អ​ប្រសើរ​ជាង​មុន​។

លោក​ហាក់ សុ​វណ្ណា​បាន​អំពាវនាវ​ថា ​ម្ចាស់​ការដ្ឋាន​ទាំងអស់​ត្រូវ​ប្រឹងប្រែង​ផលិត​អំបិល ហើយ​មាន​ទំនុកចិត្ត​លើ​ថ្នាក់​ដឹង​នាំ​ខេត្ត​អំពី​ទីផ្សារ ក៏ដូចជា​ទំនាក់ទំនង​ដៃគូ និង​រក​អ្នកមាន​បច្ចេកទេស ​ដើម្បី​ផលិត​អំបិល​ឱ្យមាន​គុណភាព​កាន់តែ​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ការប្រើប្រាស់​តាម​តម្រូវការ​៕​B/Ha