ម៉ន សា​ម៉េ​ត ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ចំណូល​ថ្មី នៅ​សង្វៀន TV5

554
ចែករម្លែក
  • 19
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ត្រូវ​បានដាក់ ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ វ៉ាន់ មុត​ជ័យ (Wan Muchhey) នៅក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នា​យប់​ថ្ងៃទី​២៣ មីនា ខាងមុខនេះ​។​

​នេះ​គ្រាន់តែ​ជាការ​ប្រកួត​ធម្មតា ដើម្បី​អម​គូប្រកួត​ជម្រុះ ដណ្ដើម​ពានរង្វាន់​តែប៉ុណ្ណោះ ។ សា​ម៉េ​ត គេ​ទើបតែ​យកពាន នៃ​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​នេះ មក​គ្រប់គ្រង កាលពីពេល​ថ្មីៗ​នេះ ។ ពេលនេះ គេ​ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ វ៉ាន់ មុត​ជ័យ ដែល​ទើបតែ​ឡើងមក ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ ។ មិនដឹងថា នរណា ជា​អ្នកឈ្នះ​នោះទេ ។​

​ប្រកួត​ជា​មិត្តភាព​ជាមួយ អ្នក​ប្រដាល់​ថៃ​ដែរនោះ អ្នក​ប្រដាល់​កម្ពុជា ខាំ រះ ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ភេ​ច អា​រុណ (Phich Arun) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ។ ពួកគេ ជា​អ្នក​ប្រដាល់​វ័យក្មេង ទម្ងន់​ស្រាល​ដូចគ្នា​មែន តែ​របៀប​វ៉ៃ​របស់គេ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​វ៉ៃ ដោយមាន​វេយ្យាករណ៍​ត្រឹមត្រូវ ។ ពួកគេ​មាន​ប្លង់​វ៉ៃ​ល្អ និង​មាន​ផ្លែ​វ៉ៃ គួរ​ឲ្យ​ជក់ចិត្ត​ទៀតផង​។​

​ចំពោះ​ការប្រកួត​ជម្រុះ សម្រាប់​ឡើងទៅ ដណ្ដើមពាន​វិញ​នោះ អ្នក​ប្រដាល់ អេ​លី​ត ប៊ុន​សិទ្ធ ក្លិប​ឆ្មា ស សុខ​សែន​ជ័យ ជួប​ជាមួយ​អ្នក​ប្រដាល់ គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ។​

​ប៊ុន​សិទ្ធ មិនសូវមាន​នរណា​ស្គាល់​នោះទេ តែបើ​តាម​ការអះអាងរ​ប​ស់លោក ស៊ន អេ​លី​ត ដែលជា​គ្រូបង្វឹក​នោះ ថា​កូនសិស្ស​របស់លោក បាន​ប្ដេជ្ញា​ថា គេ​ត្រូវតែ​យកឈ្នះ ការប្រកួត​នេះ ឲ្យ​បាន​ដាច់ខាត ។ ចំពោះ សុវណ្ណ​ឌឿ​ត វិញ ទោះបី​កន្លងមក គេ​ពុំ​ធ្លាប់​ដណ្ដើមបាន​ពាន ឬ​ខ្សែក្រវាត់ ក៏ពិតមែន តែ​គេ​ជា​អ្នក​ប្រដាល់​ចិត្តធំ និង មាន​កលល្បិច​វ៉ៃ ល្អ​ណាស់ ពិសេស​គេ​ហ៊ាន​ប្ដូរ​កែង ជាមួយ​គូប្រកួត ដោយ​គ្មាន​ញញើត ។ រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ខ្ទាត​ចេញពី​ការប្រកួត​នេះ នៅ​ជុំ​ទី​១ ហើយ​នរណា មាន​សមត្ថភាព​កក់​កៅអី សម្រាប់​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​២ បន្តទៀត​?​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ សំណាង សុខ​នឿន ក្លិប​កងចក្រ​រាជសីហ៍ ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។ សុខ​នឿន មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើលស្រាល បាន​ក៏ពិតមែន តែ​ការប្រកួត​មួយ​នេះ គេ​ជឿថា ខេ​ម ចាន់ មានឱកាស​ប្រជែង បាន​កៅអី សម្រាប់​វគ្គ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ច្រើនជាង ។ នរណា​ខ្ទាត​ចេញពី​ការប្រកួត​។​

​ការប្រកួត​ជា​មិត្តភាព ក្រៅ​ពានរង្វាន់ រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់​ជើងចាស់ ២ រូប បានប្រកាស​សាកល្បង សមត្ថភាព​គ្នា​គឺ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ និង ទេស សំខាន់ ក្លិប​កងពលតូច​លេខ​៧០ ។ ខ្លា​ចាស់​ទាំង ២ រូបនេះ នរណា​ខ្លាំង​ជាង​នរណា ?៕v

ម៉ន សា​ម៉េ​ត និង វ៉ាន់ មុត​ជ័យ

ទីតាំងផ្សាយពាណិជ្ជកម្ម