ស៊ីម៉ង​ត៍របស់​ខេត្តកំពត​នឹង​អាច​ផ្គត់​ផ្គង់​បាន​៨០​ភាគរយ​ សម្រាប់​ទូទាំងប្រទេស​ចាប់ពី​ឆ្នាំ​២០២០

656
ចែករម្លែក
  • 77
    Shares

​ដោយ​៖​បូកគោ​/​កំ​ពតៈ​រោងចក្រ​ស៊ីម៉ង​ត៍​ចំនួន​បួន​នៅ​ខេត្តកំពត​ដែលជា​សក្តានុពល​ដ៏​សំខាន់​បម្រើឱ្យ​វិស័យ​សំណង់​នឹង​អាច​ផលិត​បាន​ប្រមាណ​ប្រាំ​លាន​តោន​ ហើយ​មាន​អានុភាព​ផ្គត់ផ្គង់​ការប្រើប្រាស់​រហូតដល់​៨០​ភាគរយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ចាប់ពី​ឆ្នាំ​២០២០​តទៅ​។​

ក្នុងជំនួប​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៨ ​នៃ​រដ្ឋសភា ​សម្រាប់​បេសកកម្ម​ឈ្វេងយល់​លទ្ធផល​ការងារ​និង​តម្រូវការ​លើ​វិស័យ​សុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​កិច្ចការនារី​កាលពី​រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ ​អភិបាលខេត្ត​កំពត​បាន​ជម្រាបជូន​ភ្ញៀវ​ថា​ កំពត​មាន​សក្តានុពល​ច្រើន​សម្រាប់​កិច្ច​អភិវឌ្ឍ​ខេត្ត​។​បើ​និយាយ​ដោយឡែក​តែ​ផលិតផល​ស៊ីម៉ង​ត៍​ខេត្តកំពត​មាន​រោងចក្រ​ចំនួន​បួន​គឺ​រោងចក្រ​ស៊ីម៉ង​ត៍ខេ​ស៊ី​មេន​ រោងចក្រ​ស៊ីម៉ង​ត៍​ជីបម៉ុង ​រោងចក្រ​ស៊ីម៉ង​ត៍​ចក្រី​ទីង​និង​រោងចក្រ​ស៊ីម៉ង​ត៍ថៃ​ប៊ុន​រ៉ុង​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ​បច្ចុប្បន្នកំពុង​ដំណើរការ​បី​រោងចក្រ​ ដោយ​រោងចក្រ​របស់​ក្រុមហ៊ុន​ថែ​ប៊ុន​រ៉ុង​កំពុងធ្វើការ​រៀបចំ​កែលម្អ​ឡើងវិញ ព្រោះ​ប្រព័ន្ធ​ចាស់​មិនអាច​ដំណើរការបាន​។ ដូច្នេះ នា​ឆ្នាំ​២០២០​ខាងមុខ​នៅពេល​រោងចក្រ​ដំណើរការបាន​ទាំង​បួន ​ផលិតផល​ស៊ីម៉ង​ត៍នឹង​ទទួល​មាន​បរិមាណ​ប្រហែល​៥​លាន​តោន​ក្នុង​មួយឆ្នាំៗ​ដែល​អាច​ផ្គត់ផ្គង់​ការប្រើប្រាស់​សម្រាប់​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ពី​៧០​ភាគរយ​ដល់​៨០​ភាគរយ​។​

​ឆ្លើយតប​ចំពោះ​ផលិតផល​ប្រកបដោយ​ភាព​មោទនៈ​នេះ ​លោកស្រី​ឡោក​ខេង​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍ថា​ លោកស្រី​មិនបាន​ដឹងថា​នៅ​ខេត្តកំពត​មាន​រោងចក្រ​ស៊ីម៉ង​ត៍ច្រើន​ដែល​នឹង​អាច​ផលិត​បាន​រហូតដល់​៥​លាន​តោន​នា​ឆ្នាំ​២០២០​ខាងមុខនេះ​ទេ​។​កន្លងមក​គ្រាន់តែ​ដឹងថា​មាន​រោងចក្រ​ស៊ីម៉ង​ត៍ចក្រី​ទីង​ប៉ុណ្ណោះ​។

លោកស្រី​ប្រធាន​បានបញ្ជាក់​ថា​ នេះ​ជា​សក្តានុពល​ដ៏​ធំធេង​ដែល​បណ្តា​ខេត្ត​នានា​ក្នុង​ទូទាំងប្រទេស​មិនអាច​មាន​ដូច​ ហើយ​សង្ឃឹមថា​ការនាំ​ចូល​ស៊ីម៉ង​ត៍មកពី​ក្រៅ​នឹងត្រូវ​កាត់បន្ថយ​ ពិសេស​ស្លាក​យីហោ​នៃ​ផលិតផល​ស៊ីម៉ង​ត៍​ពី​បរទេស​កាន់តែ​បាត់បង់​ការចាប់អារម្មណ៍​សម្រាប់​កម្ពុជា​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម