សម្តេចតេជោហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ

734
ចែករម្លែក
  • 905
    Shares

ដោយ:តារារិទ្ធ/ភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង១៩០,០១ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមរូបភាពសាងសង់-ធ្វើអាជីវកម្ម – ផ្ទេរ “Build-Operate-Transfer (BOT)” នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការដំបូងគេ បំផុត និងជាប្រវត្តិសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមីនា នេះ។

យោងតាមសុន្ទរកថារបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅឆ្នាំ២០០៦ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) លើការរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿន លឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។

តាមរយៈការសិក្សាចុងក្រោយបានបង្ហាញឱ្យឃើញថា គម្រោងសាងសង់នេះមានតម្លៃខ្ពស់ រហូតដល់ប្រមាណ២.០០០លានដុល្លារ ដែលធំជាងពិដាននៃការខ្ចីប្រចាំឆ្នាំ ដែលអនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុល សាធារណៈ២០១៥−២០១៨ ។ អាស្រ័យដោយមូលហេតុខាងលើគម្រោងនេះ ត្រូវបាន ផ្លាស់ប្តូរមកជាការវិនិយោគសាធារណៈ តាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ “ Build- Operate-Transfer (BOT)” វិញ។

ការវិនិយោគដែលអនុវត្តតាមរូបភាពសាងសង់ធ្វើអាជីវកម្ម និងផ្ទេរ (BOT) គឺ អនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគមានសិទ្ធិប្រមូលកម្រៃសេវាពីអ្នកប្រើប្រាស់ផ្លូវក្នុងអត្រាកំណត់មួយដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសម្បទាន ទៅតាមទំហំនិងប្រភេទនៃយានយន្តនីមួយៗ។

យោងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើសុំក្រុមហ៊ុនឱ្យបញ្ចុះកម្រៃ សេវាឆ្លងកាត់លើផ្លូវល្បឿនលឿននេះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្ត គ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ខែដំបូង និងបញ្ចុះ​តម្លៃ​២០%សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ លើសពីនេះទៀតក្រុមហ៊ុន បាន​យល់​ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ ក្នុងរយៈពេល៥ឆ្នាំម្តងនៃប្រតិបតិ្តការ អាជីវកម្ម​របស់​ខ្លួនផងដែរ។​

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានី​ភ្នំពេញប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ​ប្រវែង ៨៩,៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២០០០លានដុល្លារអាម៉េរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយ​ក្រាល​បេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុង​នោះ​រួមមាន ៖ គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាត​ឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។ ខឿនសួនចែកទិសចរាចរណ៍​នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រសងខាង។
សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប ៦.០១៥ម៉ែត្រ។
សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។ បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងខាងលើត្រូវបានផ្តល់​ការប្រឹក្សា​បច្ចេកទេស សាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម