២​ថ្ងៃ​ទៀត​ឡើង​ជ្រុ​ញ​ហើយ ប្អូនៗ​បេក្ខជន​ត្រៀមខ្លួន​ហើយ​ឬ​នៅ​?​អ្នកសង្កេតការណ៍​៤.៥០០​នាក់​ចេញទៅ​តាម​ខេត្ត​ដើម្បី​សង្កេត​​ការណ៍​ប្រលង​បាក់​ឌុប​

1099
ចែករម្លែក

(​ភ្នំពេញ​)៖​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា អ្នកសង្កេតការណ៍​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំនួន​៤.៥០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា នេះ​បានចេញ​ដំណើរ​អម​ទៅជា​មួយ​ហិប​និង​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុប​) ទូទាំងប្រទេស ដើម្បី​សង្កេតការណ៍​ប្រឡង​។ ការ​ថ្លែង​បញ្ជាក់​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ជ័យលាភី​ថ្នាក់ជាតិ​ផលិត​វីដេអូ​របស់​យុវជន​អាស៊ាន​ក្រោម​ប្រធានបទ “​អាស៊ាន​ប្រឆាំង​ការជួញដូរ​៖​មនុស្ស​​មិនមែន​លលក់​ទេ​” នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ នេះ នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​។

​សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក៏មាន​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស​សម្រាប់​គណៈមេប្រយោគ​ទូទាំងប្រទេស ប្រធាន​អប្បមាទ​ទូទាំងប្រទេស និង​ប្រធាន​មណ្ឌល​សំណេរ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២១ សីហា ២០១៧ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួមជាមួយ​គណៈមេប្រយោគ​ទូទាំងប្រទេស ប្រធាន​អប្បមាទ​ទូទាំងប្រទេស និង​ប្រធាន​មណ្ឌល​សំណេរ និង​អ្នកស្ម័គ្រចិត្ត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ សរុប​ប្រមាណ​ជាង​៨០០​នាក់​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្ដម​រដ្ឋមន្ដ្រី​ក៏បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់​ទេនោះ ក៏​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មិនអាច​សម្រេចបាន​ល​ទ្ធ​ផល​ល្អប្រសើរ​នោះដែរ និង​បាន​បានស្នើ​គណៈមេប្រយោគ​ទាំង​២៥​ខេត្ត​ក្រុង​ទូទាំងប្រទេស​ជួយ​ផ្សព្វផ្សាយ​បទ​ប្បញ្ញត្តិ​ស្ដីពី​ការប្រឡង​ឱ្យបាន​ទូលំទូលាយ និង​ធ្វើការ​រឹតបន្តឹង​ការប្រឡង ដើម្បី​ទទួលបាន​ជោគជ័យ​ជាថ្មី​ម្ដងទៀត ជាពិសេស​ការហាមឃាត់​ការប្រើប្រាស់​ទូរស័ព្ទដៃ​។​

​សូមជម្រាបថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧​នេះ មាន​១៧៨​មណ្ឌល​សំណេរ ត្រូវជា​៤.១៥៥​បន្ទប់ ដែលមាន​បេក្ខជន​សរុប​១០.៣១១២​នាក់ ស្រី​៤៧៨៦១​នាក់ គិត​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៕​ដោយ​៖​មុនី​រ័ត្ន​-​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ