លោកហ៊ុន ម៉ានី : “យើង ត្រូវហ៊ានលះបង់ដើម្បី ឱ្យប្រទេស និងប្រជាជន បានសុខ”

511
ចែករម្លែក
លោកហ៊ុនម៉ានីប្រធានសសយក

ដោយៈ មុនី​រ័ត្នភ្នំពេញៈ លោកហ៊ុន ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែង​ថា យុវជនទាំងអស់គ្នា​ត្រូវរៀនសូត្រពីយុវជនជំនាន់មុន​ ក្នុងការអត់ធ្មត់តស៊ូ ប្រឈមមុខនឹងបញ្ហា។​អនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ដាក់ផលប្រយោជន៍សង្គមជាតិ និងប្រជាជនជាចម្បង ដើម្បីធានាការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខសន្តិភាពសម្រាប់អនាគត។ លោកបានបញ្ជាក់ថា “យើងត្រូវហ៊ានលះបង់ដើម្បីឱ្យប្រទេស និងប្រជាជនបានសុខ”

ការ​ថ្លែង​របស់លោក​ហ៊ុន ម៉ានី បាន​ធ្វើ​ឡើង​នៅក្នុងពិធីសំណេះសំណាល​ជាមួយ សមាជិក សមាជិកា តាមបណ្តាវិស័យ ក្រសួង ស្ថាប័ន និង     អង្គភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ សមា​ជិក សមាជិកា ​ជាងពីរពាន់នាក់ នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ កាលពីព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។

គោលបំណងនៃការជួបជុំនេះ គឺ​ដើម្បីបញ្ជ្រាបឱ្យកាន់តែច្បាស់ពីបុព្វហេតុ និងបេសសកកម្មនៃសហភាពសហព័ន្ធយុវជនកម្ពុជា​ ក៏ដូចជាស្វែងយល់​ពីបញ្ហាប្រឈមនានា ដើម្បីត្រៀមខ្លួនចូលរួមឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តសង្គមកម្ពុជា ​ក្នុងនាមជាសមាជិក សមាជិកា ​ស.ស.យ.ក. និងជាមន្ត្រីរាជការម្នាក់ៗ។

លោកហ៊ុន ម៉ានី​ ប្រធានស.ស.យ.ក បានលើកឡើងពីការត្រៀមខ្លួនរបស់សមាជិក សមាជិកា ទាំងអស់ ក្នុងការប្រឈមមុខដោះស្រាយជាមួយបញ្ហានានាសម្រាប់ពេលអនាគត ដោយស្វែងយល់ពីបរិបទដែលយុវជនជំនាន់មុនធ្លាប់ឆ្លងកាត់។ ​លោកបានបញ្ជាក់​ថា «​អ្វីដែលសមាជិក សមាជិការបស់យើង បានរួមគ្នាធ្វើកន្លងមកវាអាចនឹងគ្រប់គ្រាន់សម្រាប់ពេលបច្ចុប្បន្ន តែវាប្រហែលជាមិនអាចឆ្លើយតបទៅនឹងតម្រូវការ នាពេល១០ឆ្នាំខាងមុខទៀតនោះទេ។​ យើងបានសម្រេចការងារជាច្រើន ប៉ុន្តែទន្ទឹមនឹងនោះយើងក៏ទទួលស្គាល់ថាមានបញ្ហាជាបន្តបន្ទាប់ដែលយើងទាំងអស់គ្នា មិនថាក្នុងនាមជាសមាជិក សមាជិកា ស.ស.យ.ក. ឬក្នុងនាមជាមន្ត្រីរាជការ​មួយរូបបាននិងកំពុង​ជួបប្រទះ ប៉ុន្តែយើងទាំងអស់គ្នាត្រូវរៀនសូត្រពីយុវជនជំនាន់មុន ក្នុងការអត់ធ្មត់តស៊ូ ប្រឈមមុខនឹងបញ្ហា អនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ដាក់ផលប្រយោជន៍សង្គមជាតិ និងប្រជាជនជាចម្បង ដើម្បីធានាការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខសន្តិភាពសម្រាប់អនាគត។ យើងត្រូវហ៊ានលះបង់ដើម្បីឱ្យប្រទេស និងប្រជាជនបានសុខ»។

លោកបន្តថាជាមួយនឹងវិធីសាស្ត្រដ៏ជោគជ័យដែលយុវជនជំនាន់មុនបាន​​អនុវត្តពីមួយដំណាក់កាល​ ទៅមួយដំណាក់កាល សហភាពសហព័ន្ធយុវជនកម្ពុជា សូមវាយតម្លៃខ្ពស់​ និងប្តេជ្ញាបន្តគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីជ្រោងសង្គមកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពឲ្យកាន់តែប្រសើរ។ ស.ស.យ.ក នឹងបន្តជំរុញការប្រកាន់ភ្ជាប់ឱ្យបាននូវស្មារតីនៃការការ​ពារ​ជាតិ រក្សាអត្តសញ្ញាណជាតិ និងលើកតម្កើងវប្បធម៌ ប្រពៃណី និងប្រវតិ្តសាស្រ្ត ​(CAMBODIANESS) ​ក៍ដូចជាខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ទេពកោសល្យ ពង្រីកគំនិតច្នៃប្រឌិត និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនានាដែលនឹងមកដល់នាពេលអនាគត (COMPETENCY)។​ ទន្ទឹមនឹងនោះ ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ សាមគ្គីធម៌ និងការសន្តោសប្រណី យល់អធ្យាស្រ័យគ្នាទៅវិញទៅមក (COMPASSION) គឺជាកត្តាសំខាន់មួយ ដែល ស.ស.យ.ក.​ តែងតែបណ្តុះស្មារតីដល់ សមាជិក សមាជិកា ដើម្បីចូលរួមរក្សាភាពសុខដុមក្នុងសង្គម និងធានាអនាគតសង្គមកម្ពុជាមួយដែលពោរពេញដោយសុខសន្តិភាព ដល់កូនចៅជំនាន់ក្រោយ។សរន