ប្រធានាធិបតី​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​

558
ចែករម្លែក
  • 12
    Shares

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​និង​សម​ភាគី​បារាំង​លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​បាន​ជួបជុំគ្នា​សម្រាប់​អាហារ​ពេល​ល្ងាច​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មីនា នៅមុន​កិច្ចពិភាក្សា​ផ្លូវការ ស្រប​ពេលដែល​មេដឹកនាំ​ជា​ម្ចាស់ផ្ទះ​កំពុង​ស្វះស្វែង​បង្កើត​ខ្សែត្រៀម​ជួរមុខ​អឺរ៉ុប​រួបរួម​តែមួយ​ដើម្បី​ទៅមុខ​រួមគ្នា​ជាមួយ​ការ​ចូលមក​របស់​ចិន​។​

​លោក​ម៉ា​ក្រុង​បាន​សរសេរ​នៅក្នុង Twitter ថា “​រីករាយ​ណាស់​ដែល​បាន​ស្វាគមន៍​ប្រធានាធិបតី​ស៊ី ជីន​ពីង​និង​ភរិយា​របស់គាត់​មកកាន់​ប្រទេស​បារាំង​។ ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​និង​បញ្ជាក់​ពី​តួនាទី​របស់​បារាំង​អឺរ៉ុប​និង​ចិន​ឆ្ពោះទៅរក​ភាពរឹងមាំ​នៃ​ពហុភាគី​និយម​”​។​

​មុននេះ​លោក​ស៊ី​និង​លោកជំទាវ​ប៉េង លី​យួន​បានមក​ដល់ទី​ក្រុង​នី​ស និង​ត្រូវ​បានទទួល​ការស្វាគមន៍​ដោយ​រដ្ឋមន្ត្រីការបរទេស​បារាំង ហ្ស​ង់ យ្ស៊ី​ស ឡឺ​ឌី​រី​យ៉ង់ (Jean-Yves Le Drian) និង​ឆ្មាំ​កិត្តិយស​។​

​មុនពេល​ជួប​ជាមួយ​លោក​ម៉ា​ក្រុង លោក​ស៊ី​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ូ​ណា​កូ កន្លែង​ដែល​លោក​ត្រូវ​បានទទួល​ដោយ​ព្រះអង្គម្ចាស់​អាល់​ប៊ឺ​តទី​២ និង​ជា​កន្លែង​ដែល​អ្នកនាំពាក្យ​រដ្ឋាភិបាល​និយាយថា ការពិភាក្សា “​នឹង​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​និង​បរិស្ថាន​”​។​

​លោក​ស៊ី​ដែល​បាន​បង្កើត​អាទិភាព​ក្នុងការ​ធ្វើឱ្យ​ប្រទេស​ចិន​ក្លាយជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​ពិភពលោក បានធ្វើ​ដំណើរ​ពី​ប្រទេស​អ៊ីតាលី កន្លែង​ដែល​រដ្ឋាភិបាល​អ៊ីតាលី​បានក្លាយ​ជា​រដ្ឋ G7 ដំបូង​គេ​ដែល​បាន​ចុះហត្ថលេខា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ “​ផ្លូវ​សូត្រ​” ថ្មី​របស់លោក​ស៊ី ដែលជា​ការខិតខំ​ប្រឹង​ប្រែង​យ៉ាង​ធំធេង​ដើម្បី​ភ្ជាប់​អាស៊ី​ទៅកាន់​អឺរ៉ុប​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សមាជិក​សហភាព​អឺរ៉ុប​ខ្លះ​បារម្ភ​ថា គម្រោង​ដ៏​ធំ​សម្បើម​នេះ​នឹង​ផ្តល់ឱ្យ​ចិន​នូវ​ឥទ្ធិពល​យ៉ាងខ្លាំង​។ ប៉ុន្តែ​លោក​ស៊ី​បាន​និយាយថា​វា​នឹង​ក្លាយជា​ផ្លូវ​ទ្វេភាគី​នៃ​ការវិនិយោគ​និង​ការធ្វើ​ពាណិជ្ជកម្ម​។​

​អាល្លឺម៉ង់​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​រ៉ូម​ចំពោះ​ការចូលរួម​របស់ខ្លួន​នៅក្នុង​គម្រោង​ផ្លូវ​សូត្រ​ថ្មី​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោក​ហី​កូ ម៉ាស បាន​ប្រាប់​កាសែត Welt am Sonntag ថា “​នៅក្នុង​ពិភពលោក​មួយ​ដែលមាន​មហា​យក្ស​ចិន រុស្ស៊ី ឬ ដៃគូ​របស់​យើង​នៅក្នុង​សហរដ្ឋ​អាម៉េរិក យើង​អាចរ​ស់បាន​ទាល់តែ​យើង​រួបរួមគ្នា​ជា​អឺរ៉ុប​តែមួយ​។ ហើយ​ប្រសិនបើ​ប្រទេស​ខ្លះ​ជឿថា ពួកគេ​អាចធ្វើ​ពាណិជ្ជកម្ម​ឆ្លាត​វៃ​ជាមួយ​ចិន ចឹ​ង​ពួកគេ​នឹង​ភ្ញាក់ផ្អើល​នៅពេល​ពួកគេ​ភ្ញាក់ឡើង​ឃើញ​ខ្លួន​ពួកគេ​ពឹង​ផ្អែកលើ​គេ​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ចិន​ស៊ី​ជីន​ពីង​និង​លោកជំទាវ​ប៉េង លី​យួន​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​ម៉ា​ក្រុង​និង​លោកជំទាវ​នៅ​ទីក្រុង​នី​ស​កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម