ទី​ហ្វា​នី នៃ​ក្រុម​ចម្រៀង​ស្រី Girls’ Generation អាច​នឹង​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​

1159
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​សីហា​ថា នាង ទី​ហ្វា​នី នៃ​ក្រុម​ចម្រៀង​ស្រី Girls ‘Generation អាច​នឹងធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​សម្រាប់​ការសិក្សា​របស់​នាង​។​

​របាយការណ៍​បាន​និយាយថា តារាចម្រៀង​រូបនេះ​ទើបតែ​សម្រេចចិត្ត​សិក្សា​នៅ​អាមេរិក ដោយ​ដកស្រង់​ប្រភព​ជិតស្និទ្ធ​ជាមួយ​នាង​ទី​ហ្វា​នី ដែល​និយាយថា​តារាចម្រៀង​រូបនេះ​បាន​ប្រាប់​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង​រួចហើយ​អំពី​ផែនការ​នេះ ហើយ​ពួកគេ​គាំទ្រ​ការសម្រេចចិត្ត​របស់​នា​ង​។​

​បន្ទាប់ពី​របាយការណ៍​នេះ​លេចឡើង​នោះ ទីភ្នាក់ងារ​របស់​នាង​ទី​ហ្វា​នី​គឺ​ផលិតកម្ម S.M. Entertainment បាន​និយាយ​អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​យើង​កំពុង​ពិភាក្សាគ្នា​អំពី​រឿង​ជាច្រើន ដែល​ទាក់ទង​នឹង​តារាចម្រៀង​រូបនេះ​”​។​

​តាម​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ពុធ​បានឱ្យដឹងថា កិច្ចសន្យា​របស់​សមាជិក​ភាគច្រើន​នៃ​ក្រុម Girls ‘Generation ជាមួយ​ផលិតកម្ម S.M. Entertainment បាន​ផុតកំណត់​នាពេល​ថ្មីៗ​នេះ ហើយ​ថា​សមាជិក​ខ្លះ​នៅ​កំពុង​ពិភាក្សា​អំពី​ការបន្ត​កិច្ចសន្យា​ថ្មី​។​

​ក្រុម Girls’Generation ដែលជា​ក្រុម​ចំរៀង​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ប្រទេស​កូរ៉េ ថ្មីៗ​នេះ​បានចេញ​អាល់​ប៊ុ​ម​ពេញទី​៦​របស់ខ្លួន ដែលមាន​ឈ្មោះថា “Holiday Night” ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ១០ របស់​ពួកគេ​។​

​សម្រាប់​ការវិល​ត្រឡប់មកវិញ​នេះដែរ ក្រុម​នេះ​ក៏មាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​ទូរទស្សន៍​ជាច្រើន​ដូចជា​កម្មវិធី “Ask Us Anything” របស់​ទូរទស្សន៍ JTBC និង កម្មវិធី “Happy Together” របស់​ទូរទស្សន៍ KBS ៕ ដោយ៖ កញ្ញាដាលីស

នាង ទី​ហ្វា​នី

ទីតាំងផ្សាយពាណិជ្ជកម្ម