មនុស្ស​១៩​នាក់​ស្លាប់​ដោយ​ទឹកជំនន់​ខ្លាំង​នៅ​អ៊ីរ៉ង់​

401
ចែករម្លែក

​ក្រុម​សេវាកម្ម​សង្គ្រោះបន្ទាន់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​មីនា​ថា ទឹកជំនន់​ដ៏​ខ្លាំង​នៅ​ទូទាំង​តំបន់​ភាគច្រើន​នៅ​អ៊ីរ៉ង់ បាន​សម្លាប់​មនុស្ស​១៩​នាក់ និង​ជាង​៩០​នាក់​រងរបួស ​ដោយ​ផ្លូវ​ជាច្រើន​ខូចខាត​។ ទឹកជំនន់​នេះ បាន​បង្ក​ឱ្យ​មាន​បំណាក់​ដី ហើយ​មាន​ការព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែមទៀត​។​

​ទឹកជំនន់​ជន់​លិច​រាលដាល​បែបនេះ មិន​ដែល​កើតមាន​ពីមុន​មក​នៅ​ប្រទេស​អ៊ីរ៉ង់​ដែល​ធ្លាប់តែ​ស្ងួត​ហែង​នេះ​។​

​ក្រុម​អ្នក​សង្គ្រោះបាន​និយាយថា មនុស្ស​១៧​នាក់​ស្លាប់​និង​៩៤​នាក់​រងរបួស​នៅ​ទីក្រុង​Shiraz ។ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​ខេត្ត​Kermanshah និង​ម្នាក់​ទៀត បាន​សម្លាប់​នៅ​ខេត្ត​Lorestan​។​

​គណៈកម្មាធិការ​គ្រប់គ្រង​វិបត្តិ​ជាតិ​នៃ​ប្រទេស​នេះ បាន​និយាយថា ២៥​ខេត្ត​ក្នុងចំណោម​ខេត្ត​៣១​របស់​អ៊ីរ៉ង់ នឹង​មាន​ទឹកជំនន់ ឬ​នឹង​ប្រឈម​ការគំរាមកំហែង​ឆាប់ៗ​។​

​សេវាកម្ម​ឧតុនិយម​អ៊ីរ៉ង់ បាន​ព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែមទៀត រហូត​ដល់​ថ្ងៃ​ពុធ​នៅ​ខេត្ត​មួយចំនួន​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​៕​ដោយ​៖​សុខា​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ