សហភាព​អឺរ៉ុប​មិន​អើពើ​ចំពោះ​ការអំពាវនាវ​របស់​អា​ម៉េ​រិ​ក​ដើម្បី​ហាមឃាត់​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន Huawei

575
ចែករម្លែក
  • 23
    Shares

​គណៈកម្មការ​អឺរ៉ុប​មិនបាន​អើពើ​ចំពោះ​ការអំពាវនាវ​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ដើម្បី​ហាមឃាត់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បច្ចេកវិជ្ជា​របស់​ចិន Huawei នោះទេ ខណៈដែល​អាម៉េរិក​ប្រកាស​ពី​ការណែនាំ​នានា​ស្តីពី​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​សម្រាប់​បណ្តាញទូរស័ព្ទ​ចល័ត​ជំនាន់​ក្រោយ​។​

​នៅក្នុង​ការណែនាំ​របស់​ខ្លួន​សម្រាប់​ការបង្កើត​ប្រព័ន្ធ​ទូរគមនាគមន៍​ជំនា​ន់ទី​៥​លឿន​ដូច​ព្យុះ ឬ 5G នៅ​ទូទាំង​សហភាព​អឺរ៉ុប​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ គណៈកម្មការ​អឺរ៉ុប​បាន​ជំរុញ​ឱ្យ​រដ្ឋ​ជា​សមាជិក​នានា​វាយតម្លៃ​ការគំរាមកំហែង​តាម​អ៊ី​ន​ធឺ​ណេ​ត​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ 5G នៅក្នុង​ទីផ្សារ​ជាតិ​របស់​ពួកគេ​។​

​ការិយាល័យ​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​បានឱ្យដឹងថា​ព័ត៌មាន​នោះ​គួរតែ​ត្រូវបាន​ចែករំលែក​ក្នុងចំណោម​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដើម្បី​បង្កើត “​ប្រអប់​ឧបករណ៍​វិធានការ​បន្ធូរបន្ថយ​” និង​ស្តង់ដារ​អប្បបរមា​សម្រាប់​សុវត្ថិភាព​បណ្តាញ 5G នៅ​ចុង​ឆ្នាំនេះ​។​

​សំណើ​នេះ​គឺជា​បរាជ័យ​មួយ​សម្រាប់​សហរដ្ឋ​អាម៉េរិក​ដែល​បាន​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​នៅ​ទ្វីបអឺរ៉ុប​ដើម្បី​ធ្វើពហិការ​ក្រុមហ៊ុន Huawei ដោយ​ការភ័យខ្លាច​ថា​ឧបករណ៍​របស់ខ្លួន​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ពួក​មេដឹកនាំ​កុម្មុយនីស្ត​ចិន​ដើម្បី​អនុវត្ត​ការធ្វើ​ចារកម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត​។​

​លោក​អ៊ែន​ឌ្រូ​ស អាន​ស៊ី​ប (Andrus Ansip) ស្នងការ​ឌីជីថល​របស់​សហភាព​អឺរ៉ុប​បានទទួល​ស្គាល់​ការព្រួយបារម្ភ​ទាំងនេះ ដោយ​និយាយថា ប្រព័ន្ធ 5G គឺ​បានមកពី​ច្បាប់​ស៊ើបការណ៍​សម្ងាត់​ឆ្នាំ ២០១៧ របស់​ទីក្រុង​ប៉េកាំង ដែល​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ចិន​នានា​ជួយ​ក្នុងការ​ប្រមូល​ព័ត៌មាន​សម្ងាត់​។​

​លោក​អាន​ស៊ី​ប​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ស្ត្រា​ស​ស្បឺ​កថា “​ខ្ញុំ​គិតថា​យើង​ត្រូវ​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ​”​។​

​ទោះយ៉ាងណា ក្រុមមន្ត្រី​គណៈកម្មាការ​អឺរ៉ុប​បានបង្ហាញ​សញ្ញា​ថា​ពួកគេ​ចង់​ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​សំខាន់​របស់​អឺរ៉ុប​ជាមួយ​វិធីសាស្ត្រ​ដែលមាន​ភាពល្អប្រសើរ​ជាង​មុន​ជាជាង​ឱនក្បាល​ចុះចាញ់​នឹង​សម្ពាធ​របស់​សហរដ្ឋ​អាម៉េរិក​ចំពោះ​បំរាម​សព្វបែបយ៉ាង​ដូច្នេះ​។​

​ក្រុមហ៊ុន Huawei បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​ស្វាគមន៍​ចំពោះ​អនុសាសន៍ “​សម​ហេតុផល​និង​មាន​សមាមាត្រ​” របស់​គណៈកម្មការ​អឺរ៉ុប​។ ក្រុមហ៊ុន​ឯកជន​ចិន​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា​មិន​ដែលមាន​ភស្តុតាង​ថា​ខ្លួន​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការរំលោភបំពាន​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​ណាមួយ​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស