​រាជរដ្ឋាភិបាល​នឹង​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ នៅ ឆ្នាំ ក្រោយ​

678
ចែករម្លែក
  • 120
    Shares

ដោយៈតារារិទ្ធ(​ភ្នំពេញ​)៖​ រាជរដ្ឋាភិបាល​គ្រោង​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​នៅ​ឆ្នាំក្រោយ​ដើម្បី​សម្រួល​ដល់​ការរកស៊ី​របស់​វិនិយោគិន​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ​ប្រទេស​កម្ពុជា​ក្រ​ ប៉ុន្តែ​ថ្ងៃ​ឈប់សម្រាក​ច្រើនជាង​ប្រទេស​អភិវឌ្ឍន៍​ កម្ពុជា​មួយឆ្នាំមាន​ថ្ងៃ​ឈប់​សម្រាក​រហូតដល់ ២៨ ទៅ ៣០ ថ្ងៃ ក្នុងពេលដែល​ប្រទេស​សិង្ហ​បុរី មាន​ថ្ងៃ​ឈប់​សម្រាប់​ត្រឹមតែ ១១ ថ្ងៃ​ប៉ុណ្ណោះ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស និង​គរុ​និស្សិត​ចំនួន​ជិត ២០០០​នាក់ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី ២៧ ខែ មីនា​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សុំ​ការយោគយល់​អធ្យាស្រ័យ ​បើ​មិន​ដូច្នេះអ្នករកស៊ី​អាច​នឹង​រត់ចោល​យើង​ទាំងអស់ ដោយសារតែ​ម្ខាង​ទាមទារ​ឡើង​ប្រាក់ខែ​និង​ម្ខាង​ទៀត​ថ្ងៃ​ឈប់សម្រាក​កាន់​ច្រើន ​ដូចនេះ ឆ្នាំក្រោយ​អាច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ខ្លះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ៖​បើ​ថ្ងៃ​ឈប់សម្រាក​មួយថ្ងៃៗ​នោះ​យើង​ដាក់ថា​ថ្ងៃ​សម្រាក​នៅក្នុង​ប្រតិទិន ប៉ុន្តែ​យើង​មិនបាច់​សម្រាក​ទេ ​គឺ​ធ្វើការ​ធម្មតា​។ ដូចនេះ​យើង​យក​ថ្ងៃ​នោះមក​បូក​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ ឬ ថ្ងៃ​ចូលឆ្នាំ​វិញ ​ព្រោះ​នៅ​កម្ពុជា​ពិធីបុណ្យធំៗ​ជា​បុណ្យជាតិ​នោះ​គឺ​មានតែ​ពី​រប៉ុណ្ណោះ​ គឺ​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ ។ ដូចនេះ​បុណ្យ​ទាំង​ពីរនេះ​ត្រូវបាន​អនុញ្ញាត​ឲ្យឈប់​៣​ថ្ងៃ​ដូចនេះ​យើង​អាច​យក​ថ្ងៃ​ឈប់សម្រាក​ផ្សេ​ង​ដែល​ធ្វើការ​ធម្មតា​នោះមក​បូក​ដើម្បី​ឲ្យ​យើង​អាច​ឈប់​បានយូរ​ជាង​ បាន​ន័យថា​អាច​ឈប់​រហូត​៥ ថ្ងៃ​ ដូចនេះ​ប្រហែល​វា​ចំណេញ​ជាង ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​រាជរដ្ឋាភិបាល​នឹងធ្វើ​ការពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​សាធារណៈ ជាមួយ​វិស័យ​ឯកជន​និងផ្នែក​ពាក់ព័ន្ធ​លើ​បញ្ហា​ថ្ងៃ​ឈប់សម្រាក​នេះ ​ព្រោះ​វា​ជា​បញ្ហា​រសើប​មួយ ​ដែល​សូម​ការយោគយល់​ទុកជាមុន ព្រោះ​យើង​ចេះតែ​ទាមទារ​ឡើង​ប្រាក់ខែ ហើយ​ថ្ងៃ​ឈាប់​សម្រាក​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​អ្នករកស៊ី​អាច​ចាក​ចេញពី​យើង ។​

​សម្តេច​តេ​ជោ​បន្តថា​យើង​ធ្វើបែបនេះ​ មិនបាន​គិត​ទៅលើ​ភាពអនុគ្រោះ ​ឬ មិនមាន​ភាពអនុគ្រោះ​នោះទេ គឺ​យើង​ធ្វើ​ដើម្បី​កម្លាំង​ខ្លួនយើង ​ដើម្បី​ប្រែក្លាយជា​ប្រទេស​អភិវឌ្ឍន៍​មួយ ​ដោយ​មិន​គិតថា​ខ្លួន​មិនមាន​ភាពអនុគ្រោះ​ពី​អ្នកណា​ទាំងអស់ គឺ​ភាព​ឯករាជ្យ ​ដោយមិនបាច់​រង​សម្ពាធ​ពី​អ្នកណា​ទាំងអស់ ៕BR/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ