ព្រឹត្តិការណ៍​ពុំ​ធ្លាប់មាន​នឹង​លេចចេញ​ជា​រូបរាង​នៅក្នុង​បរិវេណ​ស្ថានទូត​បារាំង​

474
ចែករម្លែក
  • 29
    Shares
ព្រឹត្តិការណ៍​ពុំ​ធ្លាប់មាន​នឹង​លេចចេញ​ជា​រូបរាង​នៅក្នុង​បរិវេណ​ស្ថានទូត​បារាំង​(រូបថតស្ថានទូត)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ការតាំងពិព័រណ៍​ផលិតផល​បារាំង​នៅ​ស្ថានទូត​បារាំង​ អមដោយ​កម្មវិធី​កម្សាន្ត​ជាច្រើន​នៅ​ថ្ងៃ​សៅរ៍​ទី​៣០​ខែមីនា ​ឆ្នាំ​២០១៩​ខាងមុខ​។​នេះ​ជា​ព្រឹត្តិ​កាណ៍​មិន​ធ្លាប់មាន​។​ផ្សារ​មួយ​នឹង​លេច​រូបរាង​នៅក្នុង​បរិវេណ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។ ក្នុង​រយ​:​ពេល​មួយថ្ងៃ​ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច សាធារណជន​អាច​ចូលរួម​កម្សាន្ត​នៅក្នុង​«​ផ្សារ​បារាំង​»​នេះ​ដោយ​សេរី​ដើម្បី​ទស្សនា​ស្តង់​ពិព័រណ៍​ចំនួន​ជាង​៥០ ដែល​នឹង​ដាក់តាំង​បង្ហាញ​ផលិតផល​និង​ជំនាញ​បារាំង​ក្នុង​វិស័យ​ជាច្រើន​ដូចជា សុខភាព សម្អាង​កាយ វប្បធម៌ កីឡា ម៉ូដ ម្ហូបអាហារ លំនៅស្ថាន និង​អប់រំ​។


​សេចក្តីប្រកាស​ព័ត៌មាន​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​បាន​បញ្ជាក់​ទៀតថា​ ក្នុង​ព្រឹត្តិការណ៍​នេះ​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជាច្រើន​នឹងត្រូវ​រៀបចំឡើង​ដើម្បី​តម្រូវ​តាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​គ្រប់​វ័យ​ដូចជា តន្ត្រី សិល្បៈ សួន​កុមារ សកម្មភាព​កីឡា ការបង្រៀន​ធ្វើ​ម្ហូប​ដោយ​មេ​ចុងភៅ​ល្បីៗ ការ​ភ្លក់​ម្ហូប​បារាំង បទ​បង្ហាញ​តូចៗ និង​កម្មវិធី​កម្សាន្ត​មួយចំនួនទៀត​នៅតាម​ស្តង់​ពិព័រណ៍ ។ សាធារណជន​ទាំងអស់​អាច​ចូលរួម​រីករាយ​ជា​លក្ខណ​:​ឯកជន ជា​លក្ខណ​:​គ្រួសារ ឬ​ជាមួយ​មិត្តភក្តិ​ក៏បាន​។


​ប្រភព​ដដែល​បន្តថា ​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា ដោយ​រួមសហការ​ជាមួយ​ស្ថានទូត​បារាំង​និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ដើម្បី​បិទ​បញ្ចប់​«​កម្មវិធី​បារាំង​ពីរ​សប្តាហ៍​នៅ​ភ្នំពេញ​»​។ ពិធី​បើក​ផ្សារ​បារាំង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍​ទី​៣០ ខែមីនា វេលា​ម៉ោង​១០​ព្រឹក ក្រោម​អធិបតីភាព​របស់លោក​ស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​។

​អ្នកសារព័ត៌មាន​ដែលមាន​បំណង​ចូលរួម​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​នេះ សូម​ចុះឈ្មោះ​ជាមុន​ជាមួយ​លោក ទឹង សុខ​លីម តាមរយ​:​អ៊ីមែល soklim.tung@diplomatie.gouv.fr ឬ​ទូរស័ព្ទ ០១២ ៦៦៦ ៣០២​។
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្សារ​បារាំង ៖ www.facebook.com/events/388981838592575/៕សរន/Ha