ព្រះសង្ឃ​និង​អ្នកភូមិ​ផ្ទុះ​ប្រតិកម្ម សុំ​ឲ្យ​អាជ្ញាធរ​ដួ​យ​ដោះស្រាយ រឿង​គេ​ឈូស​ផ្តាច់​ផ្លូវ​ចូល​វត្ត​

766
ចែករម្លែក
  • 154
    Shares

ដោយ:​អង្គរតូច​/​សៀមរាប​ ៖​ ព្រះសង្ឃ យាយជី​តាជី រួមទាំង​អ្នកភូមិផង បាន​ផ្ទុះ​ប្រតិកម្ម​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ បន្ទាប់ពី​មាន​គេ​យក​គ្រឿងចក្រ​ទៅ​ឈូស​ផ្តាច់​ផ្លូវ​ចូលទៅ​កាន​វត្ត ព្រៃ​ធុតង្គ​ព្រះ​និព្វាន ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម​។

ការផ្ទុះ​ប្រតិកម្ម សុំ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​នេះ ក្រុម​អ្នកភូមិ​និង​ព្រះសង្ឃ បាន​ចោទប្រកាន់ថា ដោយសា​តែ​លោក​មេឃុំ ពពេល ឈ្មោះ​សោម អោម ស៊ី​ញ៉េ​លក់​ដី​ផ្លូវ​បុរាណ​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​រកស៊ី​ទិញ លក់​ដី ទើប​ពួកគេ​ហ៊ាន​បំពាន​ច្បាប់ ដោយ​យក​គ្រឿងចក្រ​មក​ឈូស​ផ្តាច់​ផ្លូវ​បែបនេះ​។

នា​រសៀល​ថ្ងៃទី​២៧​ខែមីនា នៅលើ​ទីតាំង​ដែល​បោះបង្គោល​បិទ និង​ឈូស​ផ្តាច់​ផ្លូវ ក្រុម​អ្នកភូមិ​បានលើកឡើង​ស្រដៀង​គ្នា​ថា ផ្លូវ​ចូលទៅ​កាន់​វត្ត ព្រៃ​ធុតង្គ​ព្រះ​និព្វាន គឺជា​ផ្លូវ​តាំងពី​បុរាណកាល មក​។ ពី​ដើមឡើយ​ជា​ផ្លូវ​សម្រាប់​បររទេះ​គោ ក្របី និង​ផ្លូវ​ដើរ​ដោយ​ថ្មើ​ជើង ដែល​អ្នកភូមិ​គ្រប់គ្នា​ចូលទៅ​អាស្រ័យ​ផល​ក្នុងព្រៃ​សហគម​ន៏ ដូចជា​បោច​វ័ល្ល ដុត​ជ័រ បេះ​ផ្លែឈើ និង​បរបាញ់​សត្វ​ជាដើម​។

លុះ​ពេល​បង្កើតបានជា​វត្ត ហើយ​ព្រះសង្ឃ​និង​ទាំង​ក្រុម​អ្នកភូមិ​រួម​រួមគ្នា​កសាង​ផ្លូវ​ចូលទៅ​កាន់​វត្ត ដែល​បាន​ចំណាយ​ប្រាក់​អស់​រាប់ពាន់​ដុល្លារ ក៏ត្រូវ​បាន​ក្រុម​ឈ្មួញ​ដី មក​អះអាងថា ផ្លូវ​នេះ​ជា​ដី​កម្ម​សិទ្ធ​របស់ខ្លួន​។ ហេតុនេះ​ចាំបាច់​ត្រូវប្រគល់​ឲ្យ​គេ​វិញ ព្រោះ​ឯកសារ​ទិញ​លក់ មាន​ចុះហត្ថលេខា​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​ត្រឹមត្រូវ​។ ក្រុម​អ្នកភូមិ​បាន​ចោទថា ករណីនេះ អាច​មេភូមិ និង​មេឃុំ ឃុបឃិត​គ្នា​ស៊ី​ញ៉េ​លក់​ដី​ផ្លូវ​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​យ៉ាងពិត​ប្រាកដ បើ​មិន​ចឹ​ង​ទេ មិនអាច​នៅ​សុខៗ មាន​គេ​យក​គ្រឿងចក្រ​មក​ឈូស​ផ្តាច់​ផ្លូវ​ថែមទាំង​ធ្វើ​របង​បិទផ្លូវ ដែល​ផ្លូវ​នេះ​បាន​កសាង​អស់ប្រាក់​រាប់ពាន់​ដុល្លារ ហើយ​គ្មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​មក​អន្តរា​គម​ន៏​បែបនេះ​ឡើយ​។​

ក្រុម​អ្នកភូមិ ព្រះសង្ឃ យាយជី​តាជី បាន​ដង្ហោយ​សុំ ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត មេត្តាជួយ​អន្តរា​គម​ន៏ ធ្វើយ៉ាងណា​ឲ្យ​មានការ​បើកផ្លូវ​ចូលទៅ​កាន់ វត្ត​ខាងលើនេះ​ឲ្យ​ខាងតែបាន ត្បិត​ពេលនេះ ផ្លូវ​ត្រូវគេ​កាយ​ផ្តាច់​ហើយ​ធ្វើ​របង​បិទ​ចំនួន​ពី​កន្លែង ឯ​ទ្រូងផ្លូវ​ត្រូវបាន​ឈូស​កំទេចចោល​អស់​ទៀត​។​

ព្រះចៅអធិការ​វត្ត ព្រៃ​ធុតង្គ​ព្រះ​និព្វាន ព្រះអង្គ​ស៊ិន សេត បាន​មាន​សង្ឃដីការ​ឲ្យ​ដឹងថា វត្ត​នេះ​បាន​បង្កើត​នៅ​ដើមឆ្នាំ​២០១៥ ហើយ​បាន​សុំច្បាប់​អនុញាតិ ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រហូតដល់​ក្រសួង​។ នៅក្នុង​អំឡុងពេល​កសាង​វត្ត ក៏បាន​កសាង​ផ្លូវ​ចូលមក​កាន់​វត្ត តាម​ទម្រង់​ផ្លូវ​ចាស់​(​ផ្លូវ​ពី​បុរាណ​)​។​ប៉ុន្តែ​ក្រោយពេល​កសាង​ផ្លូវ​រួចរាល់​ជា​ស្ថាពរ ក៏មាន​មនុស្ស​ពីរ​ក្រុម​ផ្សេងគ្នា​មក​អះអាងថា​ជា​ម្ចាស់​ដី​។​ ក្រុមទី​១​មានឈ្មោះ​សរ ពិដោរ ភេទ​ស្រី តំណាង​ដោយ​ឈ្មោះ​ឈុំ សុវណ្ណ ភេទ​ប្រុស មក​បង្ខំ​ឲ្យ​លោក​ផ្តិតមេដៃ​ប្រគល់​ដី​ផ្លូវ​នេះ​ឲ្យ​ពួកគេ ព្រោះថា​ដី​របស់​ពួកគេ​ទទឹង​៣០​ម៉ែត្រ​ជាប់​ទាំង​ផ្លូវ​១០​ម៉ែត្រ​ផង និង​បណ្តោយ​២៨៥​ម៉ែត្រ តែ​ដោយ​លោក​មិន​ព្រម​ផ្តិតមេដៃ ក៏​លេច​ក្រុមទី​២​ដែលមាន​ស្ត្រី​ឈ្មោះ​ដា ណេ ដែលមាន​តំណាង​ឈ្មោះ​អ៊ុង ថា​ន់ ភេទ​ប្រុស​មក​បង្ខំ​ឲ្យ​លោក​ប្រគល់​ដី​ផ្លូវ​នេះ​ឲ្យ​ទៅ​ពួក​គរ​ទៀត​។ ប៉ុន្តែ​ដោយ​លោក​មិន​ព្រម នៅ​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៨​ឈ្មោះ​អ៊ុង ថា​ន់ បាន​យក​គ្រឿងចក្រ​មក​ឈូស​ផ្តាច់​ផ្លូវ​ចំនួន​ពីរ​កន្លែង​ហើយ​បោះ​របង​បិទផ្លូវ​តែម្តង​។

ព្រះ​តេជគុណ​បន្តថា ដោយ​ហេតុផល​ខាងលើនេះ ព្រះអង្គ​បាន​ជាវដី​ពី​អ្នកភូមិ​១០​ម៉ែត្រ​ដើម្បី​ធ្វើ​ផ្លូវ​ចូលទៅ​វត្ត​ជា​បណ្តោះអាសន្ន តែ​ដោយ​មិនទាន់មាន​ប្រាក់​ប្រគល់​ឲ្យ​ម្ចាស់​ដី មិនដឹងថា​ផ្លូវ​ថ្មី​នេះ​ត្រូវ​ម្ចាស់​ដី​ដកហូត​វិញ​ពេលណា​នោះឡើយ​។ ហេតុនេះ​ព្រះអង្គ រួមទាំង​យា​ជីតា​ជី និង​ក្រុម​អ្នកភូមិ នៅតែ​បន្ត​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រប់​ជាន់ថ្នាក់ មេត្តាជួយ​អន្តរាគមន​ដោះស្រាយ បើកផ្លូវ​ដែល​គេ​ឈូស​បំផ្លាញ​ដើម្បី​យក​ដី ប្រគល់​ឲ្យ​លោក​គ្រប់គ្រង​ថែរក្សា​ក្នុងការ​ធ្វើដំណើរ​ចូលទៅ​វត្ត​វិញ​។ ដោយ​លោក​រំពឹងថា អាជ្ញាធរ​និង​ពិនិត្យ​ហើយ​ពិចារណា ដើ​ស្រាយ​យក​ផ្លូវ​ប្រគល់​ឲ្យ​លោក​វិញ ព្រោះ​ជា​ផ្លូវ​ដែល​ព្រះអង្គ​កសាង​លើផ្លូវ​ចាស់​ពី​បុរាណ​។​

ក្នុងករណីនេះ​លោក​សោម អោម មេឃុំ​ពពេល បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា ដី​គេ​មាន​ម្ចាស់​។​លោក​បានធ្វើ​ផ្លូវ​លើដី​របស់គេ​។ ចឹ​ង​ទេ​ម្ចាស់​គេ​អាច​កាយ​ផ្តាច់​ផ្លូវ​ចឹ​ង​ហើយ​។ លោក​បន្តថា ពីមុន​ជា​ផ្លូវ​ចាស់​មែន តែ​ជា​ផ្លូវ​រទេះ និង​ដើរ​ថ្មើ​ជើង​តែប៉ុណ្ណោះ ចឹ​ង​ហើយ​បាន​លោក​ហ៊ានស៊ី​ញ៉េ​ឲ្យ​គេ​។​លោក​មេឃុំ​បន្តថា បើ​លោកសង្ឃ​មាន​ផ្លូវ​ថ្មី​ហើយ​ចាំបាច់​ទាមទារ​យក​ផ្លូវ​ចាស់​អី​ទៀត ឲ្យ​គេ​ទៅ​។​

លោក​ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម ក៏បាន​ថ្លែង​បញ្ជាក់​តាម​ទូរ​សព្ទ័​ផងដែរ​ថា ករណីនេះ​រូបលោក​ក៏បាន​ចុះទៅ​សម្របសម្រួល​ហើយ​ដែរ តែពិនិត្យ​ឯកសារ​ម្ចាស់​ដី ឃើញ​មាន​ក្បាលដី​ជាប់​ផ្លូវ​ដែល​លោក​ធ្វើ​នោះ​មែន​។ លោក​បន្តថា ករណីនេះ​លោក​ក៏មាន​ផ្លូវ​ថ្មី​ហើយ ចឹ​ង​ទេ​សុំ​ឲ្យ​បញ្ចប់​ត្រឹមនេះ​ដោយ​ប្រគល់​ដី​ផ្លូវ​នេះ​ឲ្យ​ម្ចាស់​ដី​គេ​ទៅ​។ តែ​ប្រសិនបើ​គ្មាន​ផ្លូវ​ថ្មី រូបលោក​ក៏​ព្យាយាម​រក​ដំណោះស្រាយ​ឲ្យ​ខាងតែបាន​ជាក់​ជាមិនខាន​។​

ទោះបីយ៉ាងណា គេ​នៅតែ​មើលឃើញថា ផ្លូវ​គ្រួស​ក្រហម​ដែល​ស្ថាបនា​ដោយ​ព្រះសង្ឃ​និង​អ្នកភូមិ សម្រាប់​ចូលទៅ​កាន់​វត្ត ព្រៃ​ធុតង្គ​ព្រះ​និព្វាន គ្មាន​សង្ឃឹមថា អាច​ដំណើរការបាន​វិញ​នោះឡើយ ពីព្រោះថា គ្រឿងចក្រ​ចូលទៅ​ឈូស​បំផ្លាញ​លាន់ឮ​ពេញ​ភូមិ​ហើយ បែ​ជា​គ្មាន​ការហាមឃាត់​យ៉ាងនេះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម