ត្រាំ​យល់ព្រម​លក់​យន្តហោះ​ដ្រូ​ន​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ឥណ្ឌា​

1246
ចែករម្លែក

ការលក់​សព្វាវុធ​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​ពី​អាមេរិក​ទៅ​ឥណ្ឌា ដែលមាន​យន្តហោះ​ដ្រូ​ន​ស៊ើបការណ៍​របស់​ទ័ពជើងទឹក ២២ គ្រឿង ត្រូវបាន​អនុម័ត​ដោយ​សេត​វិមាន​របស់​ត្រាំ​។ កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​ទទួល​ការអនុម័ត​ពី​សភា​បន្តទៀត​។​

​ការលក់​អាវុធ​នេះ​រួមមាន យន្តហោះ​ដ្រូ​ន​ប្រភេទ MQ-9B Guardian UAV យ៉ាងតិច ២២ គ្រឿង​។ ដ្រូ​ន​រហស្សនាម​ថា “​ទេវតា​លើ​មេឃ​” នេះ គឺជា​ស៊េរី​តែមួយ​ស្រដៀង​ដ្រូ​ន MQ-9 Reaper (​ហៅ​បាន​ម្យ៉ាង​ទៀតថា Predator B) ប៉ុន្តែ​គេ​បាន​ជំនួស​មី​ស៊ី​ល​របស់ Reaper ជាមួយ​ប្រព័ន្ធ​រ៉ា​ដា​ជាច្រើន​។ យន្តហោះ​ដ្រូ​ន MQ-9B Guardian UAV គឺ​សម្រាប់​ប្រតិបត្តិ​ការរុករក​នៅ​ដែនសមុទ្រ​។​

​លោក​លីន​ដិ​ន ប្ល៊ូ នាយក​ប្រតិបត្តិ​រោងចក្រ​ផលិត General Atomics Aeronautical Systems បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​យើង​រំភើប​រីករាយ​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ត្រួត​ត្រាយផ្លូវ​សម្រាប់​ការលក់​ដ្រូ​ន MQ-9B Guardian ដល់​រដ្ឋាភិបាល​ឥណ្ឌា​”​។​

​យោងតាម​អនុ​ប្រធានាធិបតី​អាមេរិក លោក​ម៉ៃ ផេ​ន បានឱ្យដឹងថា ដ្រូ​ន MQ-9B Guardian អាច​នឹងត្រូវ​តាម​ពីក្រោយ​ដោយ​ការលក់​ធំ​ជាងនេះទៀត​។ អំឡុង​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​ប្រចាំឆ្នាំ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​ឥណ្ឌា លោក​ផេ​ន​និយាយថា អាមេរិក​មានបំណង​លក់​ទាំង ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ AH-64 Apache និង ឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន C-17 ដល់​ឥណ្ឌា​។​

យោងតាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន នេះ “​នឹង​បង្កើន​ពាណិជ្ជកម្ម​ផ្នែក​ការពារជាតិ​ទ្វេភាគ​រវាង​ឥណ្ឌា​និង​អាមេរិក​រហូត​ជិត ១៩ ពាន់​លាន​ដុល្លារ ដោយ​ទ្រទ្រង់​ការងារ​អាមេរិក​រាប់ពាន់​”​។​

អាមេរិក​និង​ឥណ្ឌា​ក៏មាន​បំណង​ចុះហត្ថលេខា​លើ​ការលក់​យន្តហោះ​ចម្បាំង F-16 Fighting Falcon និង F/A-18 Hornet ក្នុងពេល​អនាគត​ផងដែរ សម្រាប់​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់លោក​ម៉ូ​ឌី​ដើម្បី​ជំរុញ​លើកកម្ពស់​សមត្ថភាព​ការពារជាតិ​របស់​ឥណ្ឌា​។​

ទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី ទៅកាន់​សេត​វិមាន​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ ត្រូវគេ​រំពឹងថា បានរួម​បញ្ចូល​ការចរចា​លក់​សព្វាវុធ​នេះ​។ លោក​ត្រាំ​បាន​និយាយ​ដោយ​ប្រយោល​សំដៅលើ​កិច្ចព្រមព្រៀង​លក់​នេះ អំឡុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ ដោយ​និយាយថា “​វា​តែង​ធ្វើឱ្យ​យើង​មាន​អារម្មណ៍ល្អ​” នៅពេល​ប្រទេស​ផ្សេងទៀត​ទិញ​សម្ភារៈ​យោធា​ពី​ក្រុមហ៊ុន​ផលិត​របស់​អាមេរិក​៕

ត្រាំ​យល់ព្រម​លក់​ដ្រូ​ន​ដល់ ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម