អ្នកជំងឺ​ផ្ទុក​វីរុស​ហ៊ី​វ​ដំបូង​គេ​នៅ​អាម៉េរិក​បាន​បរិច្ចាគ​ក្រលៀន​ជា​លើកដំបូង​នៅលើ​ពិភពលោក

693
ចែករម្លែក
  • 11
    Shares

​គ្រូពេទ្យ​អាម៉េរិក​បាន​ប្តូរ​ក្រលៀន​ពី​អ្នកជំងឺ​ផ្ទុក​វីរុស​ហ៊ី​វ​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត នៅក្នុង​ការវះកាត់​ប្តូរ​បែបនេះ​ជា​លើកដំបូង​លើ​ពិភពលោក​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មីនា​។

​ការវះកាត់​នេះ​បានធ្វើ​ឡើង​នៅឯ​មន្ទីរពេទ្យ Johns Hopkins នៅ​ទីក្រុង​បាល់​ធី​ម័​រ (Baltimore) រដ្ឋ​ម៉ា​រី​លែ​ន ជាមួយ​អ្នកជំងឺ​ទាំងពីរ​នាក់​បាន​និយាយថា​មាន​សុខ​ភាពល្អ​ធម្មតា​។​

​វេជ្ជបណ្ឌិត​ដូ​រី សេ​ហ្គេ​វ (Dorry Segev) បាន​និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា “​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​អ្នក​ផ្ទុក​វីរុស​ហ៊ី​វ​ត្រូវបាន​អនុញ្ញាតឱ្យ​បរិច្ចាគ​ក្រលៀន​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ពិភពលោក​”​។​

​កាលពីមុន គេ​គិតថា​វីរុស​ហ៊ី​វ​ផ្ទុក​នូវ​កត្តា​ហានិភ័យ​សម្រាប់​ជំងឺ​ក្រលៀន​ដែល​ចាំ​ទទួល​ការបរិច្ចាគ​។​

​ប៉ុន្តែ​ប្រភេទ​ថ្នាំ​ថ្មី​ប្រឆាំង​វីរុស​ហ៊ី​វ ដែល​ប្រើ​ដើម្បី​ព្យាបាល​វីរុស​នេះ ត្រូវបាន​គេ​មើលឃើញថា​មាន​សុវត្ថិភាព​សម្រាប់​ក្រលៀន​។​

​វេជ្ជបណ្ឌិត​គ្រីស្ទី​ន ឌូ​រ៉ា​ន់ (Christine Durand) សាស្ត្រាចារ្យ​រង​ផ្នែក​ឱសថ​និង​មហារីក​នៅឯ​មន្ទីរពេទ្យ Johns Hopkins បាន​និយាយថា ការវះកាត់​នេះ “​បាន​បបួល​…​សាធារណជន​ឱ្យមើល​វីរុស​ហ៊ី​វ​ក្នុងន័យ​ផ្សេង​ពីមុន​” ខណៈ​បង្ហាញ​ភាព​រី​ចម្រើន​ផ្នែក​វេជ្ជសាស្ត្រ​ផងដែរ​។​

​វេជ្ជបណ្ឌិត​ឌូ​រ៉ា​ន់​បាន​និយាយថា អ្នកជំងឺ​ទាំងពីរ “​មាន​សេចក្តី​អំណរគុណ​ជាខ្លាំង​ចំពោះ​អំណោយ​មួយ​នេះ ហើយ​ឥឡូវនេះ​យើង​គ្រាន់តែ​តាមដាន​សម្រាប់​លទ្ធផល​រយៈពេល​វែង​ប៉ុណ្ណោះ​”​។​

​ការវះកាត់​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ទី​២៥​មីនា​។ អ្នក​បរិច្ចាគ​ឈ្មោះ នី​ណា ម៉ា​ទីណេស (Nina Martinez) អាយុ ៣៥ ឆ្នាំ​មកពី​អា​ត្ល​ង់​តា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា នាង “​មាន​អារម្មណ៍ល្អ​”​។​

​នាង​និយាយថា នាង​ត្រូវបាន​បំផុសគំនិត​ឱ្យ​បរិច្ចាគ​ក្រលៀន​របស់​នាង​តាមរយៈ​កម្មវិធី​ទូរទស្សន៍​មួយ​ហៅថា “Grey’s Anatomy” ដោយ​បន្ថែមថា​នាង​មានការ​រំភើប​ក្នុងការ​ក្លាយជា​ផ្នែក​មួយ​នៃ​ការព្យាបាល​បែបនេះ​ជា​លើកដំបូង​។​

​មាន​មនុស្ស​ប្រមាណ ៣៧ លាន​នាក់​រស់នៅ​ជាមួយ​មេរោគ​អេដស៍​និង​វីរុស​ហ៊ី​វ​នៅ​ឆ្នាំ ២០១៧ ហើយ​អង្គការ​សុខភាព​ពិភពលោក​នៅតែ​ចាត់ទុក​ហ៊ី​វ​ជា “​បញ្ហា​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ពិភពលោក​”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម