កស្សិណ​ប្រាសាទអង្គរវត្ត​នៅតែ​រក្សាបាន​តុល្យភាព​ទឹក បើទោះបី​ជួបប្រទះ​អាកាសធាតុ​ក្តៅ​ខ្លាំង​នា​រដូវប្រាំង​

772
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប ៖ ​ស្ថានភាព​ទឹក​ក្រោម​ដី​និង​លើដី​សុទ្ធ​តែមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស​ប្រាសាទអង្គរវត្ត​។ ដូច្នេះ ការរក្សា​ទឹក​ឱ្យមាន​តុល្យភាព​ទាំង​រដូវប្រាំង​និង​រដូវវស្សា​ក្នុង​ក​សិន្ធុ គឺ​ចាំបាច់​បំផុត​ទាមទារ​ឱ្យ​ការគ្រប់គ្រង​ទឹកបាន​ត្រឹមត្រូវ ដើម្បី​ទ្រទ្រង់​ប្រាសាទ និង​រក្សា​សោភ័ណភាព​សម្រាប់​រមណី​យ​ដ្ឋា​ន​ទាំងមូល​។ ​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ជាតិ​អប្ប​រា បាន​ឱ្យនៅ​ថ្ងៃ​២៩ ខែមីនា ​ឆ្នាំ​២០២៩​នេះ​។​

ជាក់ស្តែង​រដូវប្រាំង​នៅក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល El Nino ធ្វើឱ្យ​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង ធ្វើឱ្យមាន​ការបាត់បង់​ទឹក​យ៉ាងច្រើន​ដោយ​បញ្ហា​រំហួត​ទឹក​ទៅ​បរិយាកាស ដែល​បញ្ហា​នេះ បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​ការគ្រប់គ្រង​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា «​ក្នុង​មួយថ្ងៃៗ ទឹក​ក្នុង​ក​សិន្ធុ​អង្គរវត្ត​បាត់បង់​អស់​ប្រហែល​ជាង​មួយ​ម៉ឺន​ម៉ែត្រគូប (​ស្រក​ប្រហែល​១​ហ៊ុន​/២​ហ៊ុន​) ដោយ​ការ​រំហួត​ទៅ​បរិយាកាស​ផង​និង​ការ​ជ្រាប​ទឹក​ទៅក្នុង​ដី​ផង​។ ទោះបី​ការ​រំហួត​ទឹក​មាន​កម្រិត​ធំ តែ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​បរិមាណ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​នោះឡើយ ព្រោះ​ក​សិន្ធុ​អាច​ផ្ទុក​ទឹកបាន​សរុប​ជាង​១​លាន​ម៉ែត្រគូប ព្រមទាំង​មានការ​បញ្ចូល​ទឹកជា​ប្រចាំ​ផងដែរ​»​។​

ម្យ៉ាងវិញទៀត អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​សហការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ជាប្រចាំ​ក្នុងការ​គ្រប់គ្រង​ទឹក​ក្រោម​ដី ធ្វើយ៉ាងណា​កុំឱ្យ​ការបូមទឹក​ក្រោម​ដី​យកមក​ប្រើ​ប្រាស់​ប៉ះពាល់​ទៅដល់​ស្រទាប់​ទឹក​ក្រោម​ដី ដែល​អាច​នឹងមាន​ហា​នី​ភ័យ​ដល់​ការអភិរក្ស​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

លើសពីនោះ​ទៅទៀត អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ដើម្បី​បង្ហូរទឹក​ពី​ក​សិន្ធុ​ទីក្រុង​អង្គរធំ​ទៅ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ត្រង់ចំណុច​ទន្លេ​អុំ​ខាងកើត​តាម​ច្រក​សំពៅ​លូន​។ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ធានាបាន​តុល្យភាព៕B/​