ការបោះឆ្នោត​នៅ​ថៃ​៖ បេក្ខជន​ថៃ​ប្តឹង​អំពី​ភាពមិនប្រក្រតី​

572
ចែករម្លែក
  • 14
    Shares

​បេក្ខជន​ប្រឆាំង​យោធា​ជាច្រើនរូប​បាន​ប្តឹង​ទៅ​គណៈកម្មាធិការ​បោះឆ្នោត​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មីនា អំពី​ការ​រាប់​សន្លឹកឆ្នោត​ខ្ជីខ្ជារ​និង​ការទិញ​សន្លឹកឆ្នោត ក្រោយ​ការបោះឆ្នោត​​ដ៏​មាន​បញ្ហា​មួយ​កាលពី​ថ្ងៃ​២៤​មីនា​ដែល​ទុក​អោយ​ព្រះរាជាណាចក្រ​នេះ​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​។​

​គណបក្ស​គាំទ្រ​យោធា​មួយ និង​គូប្រជែង​ដែល​និយម​អតីត​នាយករដ្ឋមន្ត្រី​និរទេស​ខ្លួន​ថាក់ស៊ីន សុទ្ធតែ​អះអាង​ជ័យជម្នះ​រៀងៗ​ខ្លួន និង​ថា​ពួកគេ​មាន​សិទ្ធិ​រក​ដៃគូ​បង្កើត​រដ្ឋា​ភិ​​បាល​ចំរុះ​មួយ​។​

​បេក្ខជន​មកពី​គណបក្ស​យ៉ាងតិច​ចំនួន​២​កាលពី​ថ្ងៃ​សុក្រ​បាន​ដាក់​បណ្តឹង​ទៅ​គណៈកម្មាធិការ​បោះឆ្នោត​ដោយ​ចោទប្រកាន់​អំពី​ភាពមិនប្រក្រតី ដែល​ពួកគេ​អះអាង​ថា​អាច​​ធ្វើអោយ​ប្រែប្រួល​លទ្ធផល​ឆ្នោត​ចុងក្រោយ​។​

​សមាជិក​ម្នាក់​នៃ​គណបក្ស អនាគត​ឆ្ពោះទៅមុខ បាន​ចោទប្រកាន់​គណបក្ស​ផា​ឡាំង ប្រចា​រ៉ា​ត ដែល​គាំទ្រ​យោធា​ថា​បាន​ការលើកសរសើរ​និង​ជំនួយ​ពី​មន្ត្រី​មូលដ្ឋាន ដែល​បាន​​ផ្តល់​ដល់​អ្នកបោះឆ្នោត​ជា​លុយ​និង​អំណោយ​។​អ្នកនាំពាក្យ​គណបក្ស​លោកស្រី ផាន​នី​កា វ៉ា​នី​ច​បាន​និយាយថា​«​វា​ប្រឆាំងនឹង​ច្បាប់​។​វា​អាច​ត្រូវបាន​គេ​មើលឃើញថា​ជា​ការទិញ​​សន្លឹកឆ្នោត​»​។​

​បេក្ខជន​ម្នាក់​ទៀត​នៃ​គណបក្ស​នេះ បាន​រាយការណ៍​អំពី​ការបំភិតបំភ័យ​អ្នកបោះឆ្នោត​នៅក្នុង​ស្ថានីយបោះឆ្នោត​មួយ​ក្នុង​ក្រុង​បាងកក​។​លោក​ថា​មាន​នាយទាហាន​ម្នាក់​ឈរ​​ក្នុង​ស្ថានីយបោះឆ្នោត​ដើម្បី​តាម​មើល​ថា​តើ​ពួក​នាយទាហាន​ចូល​បោះឆ្នោត​អោយ​គណបក្ស​ដែល​គាត់​ចង់បាន​ដែរ​ឬ​អត់​។​

​សមាជិក​បក្ស​ប្រឆាំង​យោធា​មួយទៀត​ក៏​បាន​ប្តឹង​ជំទាស់​អំពី​ការរាប់​សន្លឹក​ឆ្នោត​នៅ​មណ្ឌល​បាងកក​របស់គាត់​។​

​បេក្ខជន​បក្ស​ភឿ​ថៃ លោក​ទ្រី​រ៉ា​ត ស៊ី​រិចាន់ថា​រ៉ូ​ផា​ស បាន​និយាយថា​« អ្នកសង្កេតការណ៍​របស់​យើង​បាន​រាយការណ៍​អំពី​ភា​ព​មិន​ត្រឹមត្រូវ​ក្នុង​ការរាប់​សន្លឹកឆ្នោត​ដោយសារ​វា​ត្រូវ​​បាន​រាប់​នៅ​កន្លែង​ងងឹត​»​។​

​បើ​តាម​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត មាន​បណ្តឹង​ជាង​១៤០​ត្រូវ​បាន​ប្តឹង​ចាប់តាំងពី​ថ្ងៃ​បោះឆ្នោត​ទី​២៤​មីនា​មក​។​

​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​២៨​មីនា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​ថា ខណៈ​សន្លឹកឆ្នោត​១០០​ភាគរយ​ត្រូវបាន​រាប់​ហើយ គណបក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​ត ទទួលបាន​សម្លេង​គាំទ្រ​សរុប​៨,៤​លាន ខណៈ​បក្ស​ភឿ​ថៃ បាន​៧,៩​លាន​សម្លេង ហើយ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​៧៥​ភាគរយ​។​

​យោង​តាម​គណៈកម្មាធិកា​រ​នេះ​ ​តួលេខ​នេះ​បានមក​ពី​ការរាប់​សន្លឹកឆ្នោត​១០០​ភាគរយ តែ​មិន​ទាន់​ត្រូវបាន​អនុម័ត​នៅឡើយ​ទេ​។​វា​កើន​ប្រមាណ​កន្លះ​លាន​សម្លេង​សំរាប់​គណបក្ស​ខាងលើ​នីមួយៗ​ពី​តួលេខ​នៃ​ការរាប់​សន្លឹក​ឆ្នោត​បាន​៩៥​ភាគរយ ហើយ​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​៣៨,៣​លាន​នាក់ ដោយ​កើន​ពី​ចំនួន​៣៣​លាន​ដូច​ក្នុង​របាយការណ៍​ដំបូង​។​

​សូមបញ្ជាក់​ថា បក្ស​ភឿ​ថៃ​និង​អនាគត​ឆ្ពោះទៅមុខ​បាន​បង្កើត​ក្រុមចំរុះ​ជាមួយ​បក្ស​៥​ទៀត និង​អះអាងថា​ពួក​គេ​ប្រមូល​បាន​សម្លេង​សភា​ភាគច្រើន​គ្រប់គ្រាន់​សំរាប់​បង្កើត​រដ្ឋាភិបាលចំរុះ​មួយ​។​តែ​ក្រុម​អ្នកសង្កេតការណ៍​និយាយ​ថា​ប្លុក​នេះ​ទំនងជា​មិន​រក​បាន​ចំនួន​អាសនៈ​សរុប​គ្រប់គ្រាន់​ទាំង​ក្នុង​សភា​ជាន់​ទាប​និង​ជាន់ខ្ពស់​(​ព្រឹទ្ធសភា​)​ដើម្បី​អនុម័ត​​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​ទេ​៕ដោយ៖វាសនា

អគ្គលេខា​បក្ស​អនាគត​ឆ្ពោះទៅមុខ​(​ឆ្វេង​)​និង​អ្នកនាំពាក្យ​របស់​បក្ស​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​២៧​មីនា​