នៅ​អ​.​ស​.​ប លោកស្រី​ចូ​លី​និយាយប្រាប់​ឱ្យ​សហរដ្ឋ​អាម៉េរិក​ចូលរួម​ច្រើនឡើង​នៅក្នុង​ពិភពលោក​

593
ចែករម្លែក
  • 19
    Shares

​ដោយ​ពណ៌នា​ខ្លួនឯង​ថា​ជា​អ្នកស្នេហាជាតិ​អាម៉េរិក​ម្នាក់ លោកស្រី​អ៊ែន​ជេ​លី​ណា ចូ​លី បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មីនា​ដើម្បី​គាំទ្រ​ដល់​ការចូលរួម​របស់​សហ​រដ្ឋ​អាម៉េរិក​នៅក្នុង​ពិភពលោក​នៅក្នុង​សុន្ទរកថា​មួយ​នៅ​អង្គការសហប្រជាជាតិ ដែល​ផ្ទុយស្រឡះ​ពី​ទស្សនៈ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​តារា​សម្តែង​ស្រី​លំដាប់​ជួរមុខ​និង​ជា​បេសកជន​ពិសេស​របស់​អ​.​ស​.​ប​សម្រាប់​ជនភៀសខ្លួន​រូបនេះ​បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និសីទ​មួយ​ដើម្បី​បង្កើន​ការគាំទ្រ​ដល់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អ​.​ស​.​ប​នៅ​គ្រា​ដែល​សហរដ្ឋ​អាម៉េរិក​កំពុង​ស្វះស្វែង​កាត់បន្ថយ​ថវិកា​ដ៏​សំខាន់​សម្រាប់​ប្រតិបត្តិការ​របស់​កងទ័ព​មួក​ខៀវ​។​

​ចូ​លី​បាន​ប្រាប់​នៅឯ​ការជួប​ជុំគ្នា​នៅ​មហាសន្និបាត​អ​.​ស​.​ប​ថា “​ខ្ញុំ​ជា​អ្នកស្នេហាជាតិ​ម្នាក់​។ ខ្ញុំ​ស្រឡាញ់​ប្រទេស​របស់ខ្ញុំ ហើយ​ខ្ញុំ​ចង់ឃើញ​ប្រទេស​ខ្ញុំ​រីកចម្រើន​។ ខ្ញុំ​ក៏​ជឿជាក់ថា​អាម៉េរិក​គឺជា​ផ្នែក​មួយ​នៃ​សហគមន៍​អន្ដរជាតិ​ផងដែរ​។ ប្រទេស​នានា​ដែល​ធ្វើការ​រួមគ្នា​លើ​មូលដ្ឋាន​ស្មើភាព​គ្នា​គឺជា​របៀប​ដែល​យើង​កាត់បន្ថយ​ហានិភ័យ​នៃ​ជម្លោះ​។ វា​គឺជា​របៀប​ដែល​យើង​បញ្ចៀស​នូវ​តម្រូវការ​ក្នុងការ​បញ្ជូន​បុរស​និង​នារី​នៃ​យោធា​របស់​យើង​ដើម្បី​ប្រយុទ្ធ​និង​លះបង់​ជីវិត​នៅក្រៅ​ប្រទេស​”​។​

​លោកស្រី​បាន​បន្ថែមថា អង្គការសហប្រជាជាតិ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ហើយ “​វា​ជា​ផលប្រយោជន៍​របស់​យើង​សម្រាប់​ឱ្យ​អង្គការសហប្រជាជាតិ​ធ្វើការ​ដោយមាន​ប្រសិទ្ធភាព ខិត​កាន់តែ​ជិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​មិន​ត្រូវបាន​គេ​ប្រើ​ខុស​”​។​

​ការសរសើរ​របស់លោក​ស្រី​ចូ​លី​ចំពោះ​អង្គការសហប្រជាជាតិ​គឺ​ផ្ទុយគ្នា​ស្រឡះ​ពី​ការប្រមាថ​មើលងាយ​រប​ស់​រដ្ឋបាល​ត្រាំ​ដែល​បានបង្ហាញ​ចំពោះ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​។​

​លោក​ត្រាំ​បាន​កាត់បន្ថយ​ថវិកា​របស់​សហរដ្ឋ​អាម៉េរិក​ដល់​អង្គការសហប្រជាជាតិ ហើយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ច​ន បូល​តុ​ន ដែលជា​អតីត​ឯកអគ្គរដ្ឋទូត​របស់​អ​.​ស​.​ប ធ្លាប់​កត់សម្គាល់ថា ប្រសិនបើ​អគារ ៣៨ ជាន់​របស់​អ​.​ស​.​ប “​បាត់​បង់អស់ ១០ ជាន់ ក៏​គ្មានអ្វី​ប្រែប្រួល​នោះដែរ​”​។​

​លោកស្រី​ចូ​លី ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ជំរំ​ជនភៀសខ្លួន​នៅ​ទូទាំង​ពិភពលោក បាន​និយាយថា បេសកកម្ម​ថែរក្សា​សន្តិភាព “​ជា​ញឹកញយ​តំណាងឱ្យ​សេចក្ដីសង្ឃឹម​ចុងក្រោយ​និង​តែមួយគត់​សម្រាប់​មនុស្ស​រាប់លាន​នាក់​ដែល​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ជា​រៀងរាល់ថ្ងៃ​ចំពោះ​សុវត្ថិភាព​និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​”​។​

​តារា​សម្តែង​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​បង្កើន​ចំនួន​កង​ថែរក្សា​សន្តិ​ភាពជា​ស្ត្រី​នៅក្នុង​បេសកកម្ម​របស់​អ​.​ស​.​ប​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​អ៊ែន​ជេ​លី​ណា ចូ​លី