នាយករដ្ឋមន្ត្រី​ចិន​ជួប​ជាមួយ​មេដឹកនាំ​នូ​វែ​ល​សេ​ឡង់​ចំពេល​កំពុងមាន​ជម្លោះ​អំពី​ប្រព័ន្ធ 5G

613
ចែករម្លែក
  • 17
    Shares

​នាយករដ្ឋមន្ត្រី​ចិន​លោក​លី កេ​ឈាំ​ង​បាន​ជំរុញ​ឱ្យ​នូ​វែ​ល​សេ​ឡង់​ផ្តល់​បរិយាកាស​វិនិយោគទុន “​ប្រកបដោយ​ភាពយុត្តិធម៌​តម្លាភាព​និង​ភាពងាយស្រួល​” នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មេសា​ជាមួយ​នាយករដ្ឋមន្ត្រី​នូ​វែ​សេ​ឡង់​លោកស្រី ចា​ស៊ីន​ដា អា​ឌឺ​ន ដែល​ធ្វើឡើង​ចំពេល​កំពុងមាន​ជម្លោះ​អំពី​ការប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​របស់​ចិន​។​

​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ប៉ះពាល់​ដោយសារ​នូ​វែ​ល​សេ​ឡង់​កាលពី​ខែវិច្ឆិកា​បាន​បញ្ឈប់​ក្រុមហ៊ុនទូរស័ព្ទ Spark ពី​ការប្រើ​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei នៅក្នុង​គម្រោង​អាប់​ដេ​ត 5G របស់ខ្លួន ដោយសារតែ​ការព្រួយបារម្ភ​អំពី​សន្តិសុខ​។​

​នៅក្នុង​សុន្ទរកថា​បើកឆាក​នៅឯ​កិច្ចប្រជុំ​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ទីក្រុង​ប៉េកាំង លោក​លី​មិនបាន​លើកឡើង​ពី​ឈ្មោះ​ក្រុមហ៊ុន Huawei ដោយផ្ទាល់​នោះទេ ប៉ុន្តែ​បាន​និយាយថា ចិន​ចង់បាន​នូវ​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​ដែល​នឹង​បម្រើ​ផលប្រយោជន៍​ល្អ​បំផុត​ដល់​ក្រុមហ៊ុន​របស់​ប្រទេស​ទាំងពីរ​។​

​លោក​លី​បាន​ប្រាប់​ដល់​លោកស្រី​អា​ឌឺ​ន​នៅឯ​មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​បន្ទាប់ពី​ពិធី​ទទួល​ស្វាគមន៍​ជា​ផ្លូវការ​ថា “​ឈរលើ​មូលដ្ឋាន​គោរព​គ្នា​និង​ឱ្យ​តម្លៃ​ស្មើភាព​លើ​គ្នា​ទៅវិញទៅមក ចិន​មាន​ឆន្ទៈ​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ជាមួយ​នូ​វែ​ល​សេ​ឡង់ ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង និង​បង្កើន​ការផ្លាស់ប្តូរ​ជា​លក្ខណៈ​បុគ្គល​”​។​

​លោក​លី​បាន​និយាយថា “​ហើយ​យើង​សង្ឃឹមថា​…​នៅពេលដែល​អាជីវកម្ម​របស់​ភាគី​នីមួយៗ​ធ្វើការ​វិនិយោគ​លើ​មុខ​ជំនួញ​របស់​គ្នា​ទៅវិញទៅមក ពួកគេ​អាច​រីករាយ​នឹង​បរិយាកាស​ប្រកបដោយ​យុត្តិធម៌​តម្លាភាព​និង​ភាពងាយស្រួល​”​។​

​លោកស្រី​អា​ឌឺ​ន​មិនបាន​និយាយ​អំពី​បញ្ហា​វិនិយោគទុន​នៅក្នុង​សុន្ទរកថា​បើកឆាក​រប​ស់លោក​ស្រី​នោះទេ​ប៉ុន្តែ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​លី​ដែល​បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​របស់​ចិន​ចំពោះ​ការបាញ់សម្លាប់​នៅឯ​វិហារ​អ៊ីស្លាម​នៅ​ទីក្រុង​ក្រៃ​ឈឺ​ច​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ដែល​នឹង​ជួប​ជាមួយ​លោក​ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​និង​ជា​មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ដែរនោះ ត្រូវបាន​កាត់បន្ថយ​ត្រឹម​មួយថ្ងៃ បន្ទាប់ពី​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​ទី ១៥ ខែមីនា ដែល​បានសម្លាប់​មនុស្ស ៥០ នាក់​។​

​ប៉ុន្តែ លោកស្រី​អា​ឌឺ​ន​បាន​និយាយថា លោកស្រី​នៅតែ​ចង់ “​ធ្វើ​ទស្សនកិច្ច​នៅ​ប៉េកាំង​លើក​នេះ​ដើម្បី​គូសបញ្ជាក់​ពី​សារៈសំខាន់ ដែល​យើង​ដាក់​មកលើ​ទំនាក់ទំនង​ជាមួយ​ចិន​។ វា​គឺជា​ទំនាក់ទំនង​ដ៏​សំខាន់បំផុត​មួយ​របស់​យើង ដែលជា​ចំណុច​មួយ​ដែល​ខ្ញុំ​បានលើកឡើង​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​របស់ខ្ញុំ​កាលពី​ឆ្នាំ​កន្លងទៅ​”​។

​បន្ទាប់ពី​កិច្ចប្រជុំ មេដឹកនាំ​ទាំងពីរ​បានធ្វើ​អធិបតីភាព​លើ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ស្តីពី​ការបញ្ចៀស​ការយកពន្ធ​ទ្វេដង វិស័យ​កសិកម្ម ការពិភាក្សា​អំពី​ហិរញ្ញវត្ថុ និង វិទ្យាសាស្ត្រ​និង​ការស្រាវជ្រាវ​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​នេ​វែ​ល​សេ​ឡង់​លោកស្រី​ចា​ស៊ីន​ដា អា​ឌឺ​ន (​ស្តាំ​) ដើរ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​លី​កេ​ឈាំ​ង​នៅ​ពិធី​ស្វាគមន៍​នៅ​ប៉េកាំង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ