រ​ដ្ឋ​សភា​បើកសម័យប្រជុំលើក​ទី​២ នីតិកាល​ទី​៦

539
ចែករម្លែក
​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៩ បាន​បើក​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៦​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​

ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលព្រឹក​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៩ បាន​បើក​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៦​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​
​នៅក្នុង​ឱកាស​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជសារ​ជូន​សម័យប្រជុំ​រដ្ឋសភា​ផងដែរ​។
​នៅក្នុង​ព្រះរាជសារ​ផ្ញើជូន​រដ្ឋសភា ព្រះករុណា​ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជបន្ទូល​ថា​៖​រយៈពេល​កន្លងមកនេះ រដ្ឋសភា​បាន​យកចិត្តទុកដាក់ សហការ​ជាមួយ​រាជរដ្ឋាភិបាល ធានា​ការពារ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព សម្រាប់​ការរស់នៅ​ដោយ​សុខក្សេមក្សាន្ត របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ក្នុង​ផ្ទៃ​ប្រទេស និង​ប្រឹងប្រែង​បន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​គ្រប់​វិស័យ​ដោយ​ផ្តោត​ជា​អាទិភាព ទៅលើ​ការកែទម្រង់​អភិបាលកិច្ច​ល្អ ការកសាង សមត្ថភាព អភិវឌ្ឍ​ធនធានមនុស្ស និង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជំរុញ​លើកកម្ពស់​និង​កែលម្អ​ជីវភាព​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរឡើង​និង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ពិសេស​អ្នកក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។​


​នៅក្នុង​ព្រះរាជសារ ផ្ញើជូន​រដ្ឋសភា នាឱកាស​នេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​គូសបញ្ជាក់ថា “​ខ្ញុំ​មាន​សេចក្តី​សង្ឃឹមថា រដ្ឋសភា​ដ៏​ឧត្តុង្គឧត្តម ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​បន្តទៀត សំដៅ​ធានាបាន​នូវ​សង្គមជាតិ​កម្ពុជា ប្រកបដោយ​ភាពសុខដុមរមនា មាន​សន្តិភាព ស្ថិរភាព នយោបាយ និង​ការអភិវឌ្ឍ​ទៅតាម​ទិសដៅ​រួម​ជា​ជំហានៗ​”​។

​នៅក្នុង​សារលិខិត​នោះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​កោតសរសើរ​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង​ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិកា​រដ្ឋសភា​ទាំងអស់ ដែល​បាន​បំពេញការងារ​អស់ពី​កម្លាំងកាយ​ចិត្ត ពុំ​គិតពី​ការនឿយហត់ ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ និង​បាន​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា បាន​ដោយ​ជោគជ័យ​តាម​លំដាប់លំដោយ​។​
​ព្រះរាជសារ បាន​បន្តថា ការខិតខំ​ប្រឹងប្រែងរ​បស់​សម្តេច ឯកឧត្តម លោកជំទាវ សមាជិក​សមាជិកា​នៃ​រដ្ឋសភា​គ្រប់រូប គឺជា​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ ដែលជា​ភារកិច្ច​របស់​រដ្ឋសភា​នោះ រួមមាន ការអញ្ជើញ​យ៉ាងសកម្ម​ចុះសួរសុខទុក្ខ​ជួយ​ដោះស្រាយ​បញ្ហា​ប្រជារាស្ត្រ​ជា​ម្ចាស់ឆ្នោត នៅតាម​មូលដ្ឋាន ព្រមទាំង​ទទួលយក​នូវ​រាល់​បញ្ហា​កង្វល់ និង​បញ្ហា​ប្រឈម​នានា មក​ជម្រាបជូន​រាជរដ្ឋាភិបាល ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​ជាបន្ទាន់​នូវ​បញ្ហា​ទាំងឡាយ​នោះ​។​
​នៅក្នុង​ព្រះរាជសារ​ផ្ញើជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​នេះ ព្រះមហាក្សត្រ ក៏បាន​កោតសរសើរ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​គុណបំណាច់​ដ៏​ថ្លៃថ្លា​ក្នុងការ​បម្រើ​ប្រទេសជាតិ​។ ព្រះមហាក្សត្រ បាន​គូសបញ្ជាក់ថា វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ជា​មគ្គុទេសក៍​ដ៏​ឆ្នើម​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត និង​សក្តានុពល​របស់​សម្តេច​នាយក បានធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​លំដាប់​រហូតមកទល់​ពេលនេះ​។​
​សូមជម្រាបថា នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ ដែលជា​ឱកាស​បើក​បវេសនកាល​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​នេះ មាន​របៀបវារៈ​ចំនួន​៤ មាន​៖១- ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។​២- របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៦​។​៣- ការបោះឆ្នោត​ជ្រើសតាំង លោកជំទាវ លី វួ​ច​ឡេង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ ឆ្នាំ​(២០១៩-២០២៨)​។ ៤- ការបោះឆ្នោត​ជ្រើសតាំង​៖ ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជា​សមាជិក​គណៈកម្មកា​រ​សិទ្ធិមនុស្ស ទទួល ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ឯកឧត្តម ច័ន្ទ សុផល ជា​សមាជិក​គណៈកម្មកា​រ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​។​
​សម័យប្រជុំ​រដ្ឋសភា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ពិភាក្សា​និង​អនុម័ត លើ​របៀបវារៈ ជា​លំដាប់លំដោយ​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ