​តុលាការ​សម្រេច​ឃាត់ខ្លួន​លោក​ផែង​វណ្ណៈ​តាម​ពាក្យបណ្តឹង​មេធាវី​សម្តេច​តេ​ជោ​

563
ចែករម្លែក
  • 38
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​រហូតមកទល់​ល្ងាច​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៩​នេះ​តុលាការ​បានសម្រេច​ឃាត់ខ្លួន​លោក​ផែង​វណ្ណៈ​ដើម្បី​រង់ចាំ​ការសាកសួរ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​បណ្តឹង​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។ លោកផែងវណ្ណៈត្រូវ បានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២ខែមេសាដោយកងរាជអាវុធហត្ថ។

​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​តាម​បណ្ដាញ​សង្គម Telegram ថា “​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង​និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ ផែង វណ្ណៈ រួចមក តំណាង​អយ្យការ​បានសម្រេច​ឃាត់ខ្លួន​បុគ្គល​នេះហើយ​នឹង​បន្ត​ចំណាត់ការ​នៅ​ថ្ងៃស្អែក​ទៀត​”​។

​ទោះបីយ៉ាងណា ពេលនេះ លោក​ផែង វណ្ណៈ ត្រូវបាន​បញ្ជូនទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស វិញ រង់ចាំ​ចំណាត់​ការបន្ត​នា​ព្រឹក​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩​ស្អែក​នេះ​។​ដោយឡែក​លោក​គី​តិច​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ស្នើសុំ​តុលាការ​សម្រេច​ចោទប្រកាន់ និង ផ្តន្ទាទោស​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត​លើ​លោក ផែង វណ្ណៈ តាម​បញ្ញត្តិ​ក្រមព្រហ្មទណ្ឌ​នៃ​កម្ពុជា ។

​លោក​មេធាវី គី តិច ស្នើសុំ​ធ្វើការ​ពិនិត្យ សម្រេច​ឃាត់ខ្លួន ឬ ចាប់ខ្លួន និង ឃុំខ្លួន​លោក ផែង វណ្ណៈ ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់​ដែល​អាច​នាំឱ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​នេះ​បើ​យោងតាម​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៩​ដែល​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ នេះ ។

​បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​មាត្រា​៤៩៤​និង​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល ។ ​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ​កំណត់​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​១០​លាន​រៀល ៕S/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ