បុរស​ម្នាក់​បើករថយន្ត​ទាំង​ងងុយដេក ​បុក​ចូល​ហាង​លក់​បាយ​ ​របួសធ្ងន់​កុមារី​ម្នាក់​

629
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ​៖ កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់បាន​របួសធ្ងន់​និងត្រូវ​នាំទៅសង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ជាបន្ទាន់ ដោយសារតែ​បុរស​ម្នាក់​ងងុយដេក​នៅតែ​ព្យាយាម​បើកបរ​រថយន្ត​ទៅមុខទៀត​ លុះ​ងោក​មួយភាំង ក៏​រេចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​ចូល​ហាង​លក់​បាយ​ម្ហូប យីហោ​«​សុខ​គា មួយ​ហេង​» បុក​របស់របរ​លក់​ដូរ ខ្ទេចខ្ទី។ គ្រោះថ្នាក់​នេះកើតឡើង​នៅវេលា​ម៉ោង​៧ និង ២០​នាទី ចំណុច​ផ្ទះ​លក់​បាយ ផ្លូវ​៥៩៨ ក្រុមទី​២ ភូមិ​ពោងពាយ សង្កាត់ ទួល​សង្កែទី​២ ខណ្ឌឫស្សីកែវ។

​អ្នក​បើ​កបរ​បង្កហេតុ​មានឈ្មោះ ស៊ុ ប៊ុណ្ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្នាក់នៅភូមិ​ហាន់ជ័យ​ទី​៤ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ មុខរបរជាងទង​។ ចំណែក​ម្ចាស់​ផ្ទះ​ឈ្មោះ វ៉ា វី​រ៉ា​ន់ ភេទ​ស្រី អាយុ​៣៨ រីឯ​ប្តី​ឈ្មោះ ម៉ន សុខ​គា អាយុ ៣៧​ឆ្នាំ ស្នាក់នៅកន្លែង​កើ​ត​ហេតុ មុខរបរលក់ដូរ​។

​ដោយឡែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ គា សៀវ​វីន អាយុ​៣​ឆ្នាំ (​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ​គន្ធបុប្ផា​)​។

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពេល​កើត​ហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស​RX330 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ​2AR-2667 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដ​ណើ​រ​ជាមួយ​ប្រពន្ធ និង​កូនស្រី​ម្នាក់ តាម​បណ្តោយ​ផ្លូវ​៥៩៨ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ។ លុះមកដល់​កន្លែង​កើត​ហេតុ ​អ្នក​បើកបរ​ងងុយដេក​ងោកមួយភាំង ក៏​ជ្រុល​ចង្កូត​ចូល​ផ្ទះ​លក់​បាយ បុក​ចំ​ក្មេងស្រី​កំពុង​នៅមុខ​ផ្ទះ និង​របស់របរ​តែម្តង​។ ចំណែក​អ្នកបើកបរ​ក៏​ព្រម​ទទួលខុសត្រូវ​គឺ​មិនបាន​គេចវេះ ឬ​បើក​រត់​បន្ត​នោះទេ ។​

​បច្ចុប្បន្ន​អ្នកបើកបរ​និង​រថយន្ត ត្រូវបាន​នគរបាល​មូលដ្ឋាន ប្រគល់ឲ្យជំនាញ​ចរាចរណ៍នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​នៅពេល​ក្រោយ ៕​B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ