អគ្គនាយកដ្ឋាន​ពន្ធដា​រ ចេញ​សេចក្តីបំភ្លឺ​ជុំវិញ​ការប្រមូល​ពន្ធ​លើ​ស្លាក​យីហោ​នានា​ក្នុង​ក្រុងភ្នំពេញ​ ​

4358
ចែករម្លែក
  • 2
    Shares

(​ភ្នំពេញ​) ៖ បន្ទាប់ពី​មាន​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន ចុះផ្សាយ​ថា “​អគ្គនាយកដ្ឋាន​ពន្ធដា​រ លែង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ ប្រមូល​ពន្ធ​ស្លាក​យី​យោ​នានា​” នោះ នៅ​ថ្ងៃទី​២៩ ខែមិថុនា​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​​សេចក្តីបំភ្លឺ ច្រានចោល​នូវ​ព័ត៌មាន​នោះ ដោយ​ធ្វើការ​បញ្ជាក់ថា “​អគ្គនាយកដ្ឋាន​ពន្ធដា​រ មិនមាន​សិទ្ធិ​ក្នុង​ការលុបចោល​ការប្រមូល​​កម្រៃ​សេវា​ទាំងនេះ របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ​”​។​
​ ​
​តាមរយៈ​សេចក្ដីជូនដំណឹង​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ពន្យល់ថា ពាក់ព័ន្ធ​នឹង​ការប្រមូល​ពន្ធ​តែមប្រិ៍​ចំពោះ​ផ្ទាំង​រូបភាព​ផ្សាយ​​ពាណិជ្ជកម្ម ឬ​ការលើក​ផ្លាក​យីហោ ឬ​ប័ណ្ណប្រកាស​ផ្សាយដំណឹង​ផ្សេងៗ ដែលជា​ចំណូល​សារពើពន្ធ​គឺ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធ​ដោយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​។
​ ​
​ដោយឡែក សម្រាប់​សាលា​រាជធានី​ភ្នំពេញ គឺមាន​សមត្ថកិច្ច​ប្រមូល​កម្រៃ​សេវា​លើ​ការអនុញ្ញាត និង​ការលើក​ផ្លាក​យីហោ​ឬ​ប័ណ្ណប្រកាស​​ផ្សាយដំណឹង​ផ្សេងៗ ដែល​នេះ​គឺជា​ចំណូល​មិនមែន​សារពើពន្ធ ហើយក៏​មិនមែនជា​ការយកពន្ធ​ត្រួតគ្នា​នោះទេ​។

​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ថា​ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានបញ្ចប់​ការប្រមូល​ពន្ធ​​របស់​សាលា​រាជធានី​ភ្នំពេញ​លើ​ស្លាក​យឺ​ហោ​នានា ក្រោយពី​វិស័យ​ឯកជន​បានបង្ហាញ​ពី​ផល​លំបាក​ដែល​ស្ថាប័ន​ទាំងពីរ​តែងតែ​ប្រមូល​ពន្ធ​​ត្រួត​ជាន់គ្នា​ចំពោះ​ការប្រមូល​ពន្ធ​លើ​ស្លាក​យីហោ​នេះ​។​
​ ​
​បើតាម​វេ​ប​សាយ​ក្នុងស្រុក​មួយ​អះអាងថា ប្រតិភូ​រាជរដ្ឋាភិបាល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល​បានលើកឡើង​​កាលពី​ថ្ងៃទី​២៨ ខែមិថុនា តាមពិតទៅ ការប្រមូល​ពន្ធ​លើ​ស្លាក​យីហោ​អាចធ្វើ​ឡើង​បាន​ដោយ​ស្ថាប័ន​ពន្ធដារ​តែមួយ​ប៉ុណ្ណោះ​។ លោក​​បាន​បន្ដថា សាលា​រាជធានី​ភ្នំពេញ​គ្មាន​សិទ្ធិ​ប្រមូល​ពន្ធ​លើ​ស្លាក​យីហោ ឬ​ប្រមូល​ពន្ធ​សេវា​លើ​ស្លាក​យីហោ​នេះ​ទេ​ព្រោះ​កត្តា​ទាំងអស់​​នេះ​មិនមាន​សេចក្តីប្រកាស​ពី​ក្រសួង​ថា ឱ្យ​សាលាក្រុង​ត្រូវ​ប្រមូល​ពន្ធ​ពី​វិស័យ​ឯកជន​លើ​ការប្រមូល​ពន្ធ​ស្លាក​យីហោ​ឡើយ​ដូចនេះ​​ឯកឧត្តម​នឹង​រាយការណ៍​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ព​ន្លឿ​ន​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​តទៅទៀត​។​
​ ​
​ទោះជា​យ៉ាងណា នៅថ្ងៃនេះ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែលមាន​លោក​គង់ វិបុល​ជា​ប្រធាន​បានចេញ​លិខិត​បំភ្លឺ​ច្បាស់​ថា​អគ្គនាយកដ្ឋាន​​ពន្ធដារ ជា​អ្នកប្រមូលពន្ធ​សារពើពន្ធ​លើ​ស្លាក​យីហោ​នានា​ក្នុង​ក្រុងភ្នំពេញ ចំណែក​ប្រមូល​កម្រៃ​សេវា​លើ​ការអនុញ្ញាត​និង​ការលើក​ផ្លាក​​យីហោ​ឬ​ប័ណ្ណប្រកាស​ផ្សាយដំណឹង​ផ្សេងៗ ជា​សមត្ថកិច្ច​របស់​សាលាក្រុង​៕ ​ដោយ ៖វិបុល-វាសនា

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ

ទីតាំងផ្សាយពាណិជ្ជកម្ម