ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករ​ថា​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​ប្រមាណ៧% នៅ​ឆ្នាំនេះ និង ៦,៨% នៅ​ឆ្នាំក្រោយ​

671
ចែករម្លែក

ដោយ:សុផល​/​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣ ​ខែមេសា ឆ្នាំ​២០១៩ បានឱ្យដឹងថា​បន្ទាប់ពី​សេដ្ឋកិច្ច​មាន​កំណើន​យ៉ាងខ្ពស់​កាលពី​ឆ្នាំមុន កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទំនងជា​នឹង​ថមថយ​បន្តិច​ប៉ុន្តែ​នៅតែ​ជា​កំណើន​ដ៏​រឹងមាំ​។ ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ប្រមាណ ៧% នៅ​ឆ្នាំនេះ និង ៦,៨% នៅ​ឆ្នាំក្រោយ​។

​ផ្អែក​តាម​របាយការណ៍​ស្តីពី​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (​ហៅ​កាត់​ថា ADO) ឆ្នាំ​២០១៩ ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ពិសេស​របស់​ADB បាន​លើកឡើងថា​៖​ដោយសារ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជឿនលឿន​និង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ទីផ្សារ​នាំចេញ​ដ៏​ចម្បង​របស់​កម្ពុជា ត្រូវបាន​ព្យាករ​ថា​នឹងមាន​ការថយចុះ​នោះ កំណើន​នៃ​ការនាំចេញ និង​វិស័យ​ទេសចរណ៍​កម្ពុជា ទំនងជា​នឹង​ថមថយ​បន្តិច បើ​ធៀប​នឹង​ឆ្នាំមុន​។

លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ថា​ “​ប្រទេស​កម្ពុជា​នឹង​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៅមុខ​បើទោះជា​កំណើនសេដ្ឋកិច្ច របស់​ប្រទេស​ឧស្សាហកម្ម​ធំៗ​ចុះខ្សោយ​ក៏ដោយ​។ កត្តា​សំខាន់​មួយ​ដែល​អាច​ទាក់ទាញ និង​រក្សា​ឱ្យបាន​នូវ​កំណើន​ក្នុង​រយៈពេល​វែង គឺ​កត្តា​គុណភាព​ធនធានមនុស្សរ​បស់​កម្ពុជា ដែល​រួម​ប​ញ្ជូ​ល​ទាំង ជំនាញ​បច្ចេកទេស និង​ជំនាញ វិជ្ជាជីវៈ​ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​”​។​

កំណើន​ទិន្នផល​ឧស្សាហកម្ម ទំនងជា​ថយចុះ​ពី​ប្រមាណ ១០,៨% ក្នុង​ឆ្នាំ ២០១៨ មក​នៅត្រឹម ១០,១% ក្នុង​ឆ្នាំ ២០១៩​។ កំណើន​នៃ​វិស័យ​សេវាកម្ម នឹង​ថមថយ​បន្តិច​ពី ៦,៩% កាលពី​ឆ្នាំមុន មក ៦,៨%ក្នុង​ឆ្នាំ ២០១៩​។ វិស័យ​កសិកម្ម ត្រូវបាន​ព្យាករ​ថា មាន​កំណើន​ប្រមាណ ១,៧%ពោលគឺ​ថយចុះ​បន្តិច​ពី១,៨%កាលពី​ឆ្នាំមុន​។ ឱនភាព​សារពើពន្ធ ត្រូវបាន​គ្រោងទុក​ក្នុង​កម្រិត ៤,៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) នៅ​ឆ្នាំនេះ បើ​ធៀប​នឹង ៥,១% នៃ ផ​.​ស​.​ស ដែល​បាន​គ្រោងទុក​កាលពី​ឆ្នាំមុន​។​

​របាយការណ៍​នេះ​លើកឡើងថា​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ដែល​រំពឹងថា​នឹង​ថយចុះ​បន្តិច​ឱនភាព​គណនី​ចរន្ត​របស់​ប្រទេស​កម្ពុជា គួរតែ​ថយចុះ នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។ អត្រា​អតិផរណា ត្រូវបាន​រំពឹងថា នឹង​ស្ថិតនៅ​កម្រិត ២,៥% ជា​មធ្យម សម្រាប់​ឆ្នាំ ២០១៩ និង ឆ្នាំ ២០២០​។ ការហូរចូល​នៃ​ការវិនិយោគ​ក្នុង​កម្រិត​ខ្ពស់ នឹង​ជួយ​ផាត់ទាត់ ឱនភាព​គណនី​ចរន្ត ព្រមទាំង​ជួយ​បង្គរ​ទុនបម្រុង​អន្តរជាតិ​សរុប រហូតដល់​ប្រមាណ ១២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ សម្រាប់​រ៉ាប់រង​ការ​នាំចូល​ប្រមាណ ៦ ខែ​។

​បញ្ហា​ប្រឈម​រួមមាន (១) ការចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​សកលលោក ដែល​អាចមាន​ល្បឿន លឿន​ជាង ការរំពឹងទុក (២) សហភាព​អឺរ៉ុប​បន្ត​អនុវត្ត​ផែនការ ព្យួរ​ការផ្តល់​ភាពអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា ក្រោម​កម្មវិធី​ទំនិញ​គ្រប់​យ៉ាង​​លើកលែងតែ​អាវុធ (៣) កំណើន​ឥណទាន​ក្នុង​កម្រិត​ខ្ពស់ និង​ការប្រមូលផ្តុំ​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​។ ហានិភ័យ​ដ៏​សំខាន់​មួយទៀត គឺ​គ្រោះរាំងស្ងួត នៅ​ឆ្នាំនេះ​។

​របាយការណ៍ ADO ឆ្នាំ ២០១៩ បង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ អំពី​គម្លាត​ជំនាញ​ដែល​កើតឡើង​ដោយសារ​ភាពមិន​ស៊ីគ្នា រវាង​ជំនាញ​ដែល​កម្លាំង​ពលកម្ម​មាន និង​ជំនាញ​ដែល​និយោជក​ត្រូវការ​។ កម្ពុជា​ត្រូវការគ្រូបង្រៀន​ដែលមាន​គុណភាព​បង្រៀន​ខ្ពស់​ច្រើន​នាក់​ថែមទៀត និង​ត្រូវ​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ក្រីក្រ ដែល​រៀន​ពូកែ ដើម្បី​ជួយ​ឱ្យ​ពួកគេ​បន្ត​ការសិក្សា និង​រៀន​ជំនាញ​ដែល​ត្រូវការ ក្នុង​យុគ​សម័យ​ឌីជីថល​។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​កសាង​នូវ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​ដែល​ប្រកបដោយ​វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព ហើយ​ក្នុងពេល​ជាមួយគ្នា នៅតែ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​ភាពក្រីក្រ​ធន់​ធ្ង​រ​។ ក្នុង​ឆ្នាំ ២០១៨ ធនាគារអភិវឌ្ឍន៍​អាស៊ី បាន​ប្តេជ្ញា​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​ក្នុង​ទឹកប្រាក់​ប្រមាណ ២១,៦ ពាន់​លាន​ដុល្លារ​។ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជា​កម្មសិទ្ធិ​របស់​ស​មា​ជិ​ក​ចំនួន ៦៨ នៅក្នុង​នោះ ៤៩ ប្រទេស​មកពី​តំបន់​នេះ​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ