ចាប់​នាវា​កូរ៉េខាងត្បូង ដោយ​សង្ស័យ​ថា​ផ្តល់​ប្រេង​ទៅឱ្យ​កូរ៉េខាងជើង​

678
ចែករម្លែក
  • 48
    Shares

​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ពី​ថ្ងៃ​ពុធ​ទី​៣​ខែ​មេសា​ថា​នាវា​កូរ៉េខាងត្បូង​មួយ​កំពុង​ត្រូវបាន​ចាប់​ឃាត់ទុក​នៅ​កំពង់ផែ​ក្នុងស្រុក​មួយ ដោយ​មាន​ការសង្ស័យ​​ថា​នាវា​នេះ​បាន​ផ្តល់​ប្រេង​ខុសច្បាប់​ទៅ​ឱ្យ​កូរ៉េ​ខាងជើង ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​នេះ​។​

​ការចាប់​ឃាត់​នេះ បាន​កើតឡើង​ចំពេល​មាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​ការព្យាយាម​ដោយ​កូរ៉េខាងជើង​ដើម្បី​គេច​ពី​ការដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​​ជាតិ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​។​

​មន្ត្រី​ឆ្មាំ​សមុទ្រ​កូរ៉េខាងត្បូង​បាន​និយាយថា នាវា​P-PIONEER ទម្ងន់​៥.១៦០​តោន​នេះ​ត្រូវ​បាន​រារាំង​មិន​អោយ​ចាកចេញ​ពី​កំពង់ផែ​ក្រុង​Busan ប្រទេស​កូរ៉េខាងត្បូង ចាប់តាំងពី​ខែ​តុលា​ឆ្នាំមុន តាម​ការចោទប្រកាន់​ថា វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្គត់ផ្គង់​ប្រេង​ទៅ​ឱ្យ​កូរ៉េ​ខាងជើង​តាមរយៈ​ដឹក​ផ្ទេរ​ពី​នាវា​មួយ​ទៅនា​វា​មួយ​កាលពី​ខែ​កញ្ញា​​ឆ្នាំ​២០១៧ នៅ​ដែនសមុទ្រ​អន្តរជាតិ​នៅ​សមុទ្រ​ចិន​ខាងកើត​។ មន្ត្រី​នេះ បាន​និយាយថា នាវា​នេះ​លួច​ផ្ទេរ​ប្រេង​ម៉ា​ហ្សូត ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា​តើ​មាន​ប្រេង​ម៉ា​ហ្សូត​ប៉ុន្មាន​ ត្រូវបាន​ផ្គង់​ផ្គង់​នោះទេ​។

​មន្ត្រី​ម្នាក់​មក​ពី​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​នាវា​កូរ៉េខាងត្បូង​ត្រូវបាន​ចាប់​ឃាត់​តាម​ការចោទប្រកាន់​ថា​បាន​បំពាន​​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​។ នៅពេលនេះ កូរ៉េខាងត្បូង​កំពុង​ចាប់​ឃាត់​ទុក​នាវា​បរទេស​ចំនួន​៣​គ្រឿង​ពី​បទ​ផ្តល់​ប្រេង​ខុសច្បាប់​ទៅ​ឱ្យ​កូរ៉េខាងជើង​ឬ​ដឹក​ធ្យូង​​ថ្ម​ដែល​ផលិត​នៅ​កូរ៉េខាងជើង​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាវា​កូរ៉េខាងត្បូង P-PIONEER ត្រូវបាន​គេ​ឃើញ​នៅ​កំពង់ផែ​ក្រុង​Busan​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ពុធ​ទី​៣​ខែ​មេសា​ឆ្នាំ​២០១៩