ទីបំផុត ជន​ដែល​បាញ់​រថយន្ដក្រុង​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ ត្រូវ​តុលាការ​បញ្ជូន​ពន្ធនាគា​រ​ព្រៃ​ស​

1082
ចែករម្លែក

(​ភ្នំពេញ​)៖ ទីបំផុត​បុរស​ម្នាក់​ដែល​បាញ់​រថយន្តក្រុង “​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​” ព្រោះ​ទំនាស់​រឿង​គ្រោះថ្នាក់​ចរាចរ​បន្តិចបន្តួច ត្រូវបាន​លោក សេង រិទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែសីហា នេះ សម្រេច​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​លោក ឡុង ជាប ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ពីបទ «​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» តាម​មាត្រា​៤១០ និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​។​

​គួរ​បញ្ជាក់ថា មាន​ករណី​ផ្ទុះអាវុធ​ប្រមាណ​ជិត​១០​គ្រាប់ នៅវេលា​ម៉ោង​ប្រមាណ​ជិត​៩​យប់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្ដា​យ​ផ្លូវ​៥៩៨ មុខ​ដី​ឧកញ៉ា លី ហួរ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ដ​ក្រុង និង​រថយន្ដ​ព្រូស​។ បន្ទាប់ពី​កើតហេតុ​ជនបង្ក​ត្រូវបាន​កម្លាំង សមត្ថកិច្ច​ចាប់បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​បើតាម​ជន​ដែល​បាន​បាញ់ប្រហារ ទៅលើ​រថយន្ដក្រុង​នោះ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅពេល​កើតហេតុ​រថយន្ដក្រុងរ​បស់​ក្រុមហ៊ុន បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ បាន​បុក​រថយន្ដ​របស់ខ្លួន​ហើយ មិន​ឈប់​នោះទេ ទើប​ខ្លួន​ដេញតាម​ពីក្រោយ​ហើយ​ដក​កាំភ្លើង​បាញ់​តែម្ដង ហើយ​បើ​គាត់​ឈប់​ដោះស្រាយ​មិន​អី​ទេ តែ​គាត់​ឈ្លើយ ពេក​បុក​ហើយ​បើក​រត់ បើក​យ៉ាង​លឿន​ទៀតផង ចុះបើ​ទៅបុក​គេ​ផ្សេង​ច្បាស់​ជា​គ្រោះថ្នាក់​យ៉ាងខ្លាំង​ហើយ​។​

​មួយវិញទៀត បើតាម​ប្រភពព័ត៌មាន នៅ​មុនពេល​កើតហេតុ មាន​រថយន្ដក្រុង​មួយ បាន​បើក​ទៅ​គៀរ​រថយន្ដ​ព្រូស ក្រោយមក​រថយន្ដក្រុង​នោះ​មិនបាន​ឈប់ ដោះស្រាយ​ទេ គឺ​បន្ដដំណើរ​ទៅមុខទៀត ទើប​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ដ​ព្រូស ទាញ​កាំភ្លើង​បាញ់ប្រហារ​ពីក្រោយ​តែម្ដង ប៉ុន្ដែ​ក្នុងករណីនេះ មិនមាន​អ្នកណាម្នាក់​រងរបួស នោះទេ​។ នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច បាន​ដកហូត​អាវុធខ្លី​ទំនើប របស់​ជន​ដែល​បាញ់​ផងដែរ ទុក​បណ្ដោះអាសន្ន​សិន​ផងដែរ​៕L ដោយ​៖ ​ស​រិ​ទ្ធ​