ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ករណី​ឆក់​កាបូប​មិន​សម្រេច​

1093
ចែករម្លែក

(​ភ្នំពេញ​)៖ កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍នគរបាល​ទឹកល្អក់​ទី​១ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ខណៈ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​នារី​ម្នាក់​បានសម្រេច តែ​រត់​មិន​រួច​ដោយ​ត្រូវ​រថយន្ត​អ្នកដំណើរ​បុក​ឲ្យ​ដួល​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៦៨ ផ្លូវ​លេខ​២៨៩ ក្រុមទី​៥៥ ភូមិ​១៥ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​

​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ន វិ​ឆាយ អាយុ​២២​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​លេខ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល​៤៨​ឆ្នាំ (​ពុំមាន​ពាក្យបណ្តឹង​)​។ វត្ថុតាង​ដែល​បាន​ចាប់យក មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា BEAT ពណ៌​សលាយ​ខៀវ ស៊េរី​២០១៨ ពុំមាន​ស្លាក​លេខ ជា​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ហើយ​និង​ទូរស័ព្ទ​មួយគ្រឿង​។​

​ជនសង្ស័យ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​១ បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕L ដោយ​៖ លីន​ណា​