សមត្ថកិច្ច​អន្តោប្រវេសន៍ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់ នៅ​ខណ្ឌឫស្សីកែវ​

1346
ចែករម្លែក

(ភ្នំពេញ)៖ ជនអន្តោប្រវេសន៍​ប្រុស​ស្រី ចំនួន​១៤​នាក់ ដែល​ឆ្លងដែន​មក​ស្នាក់នៅ និង​ធ្វើ​ការងារ​នៅក្នុង​ទឹកដី​កម្ពុជា ដោយ​មិន​ស្របច្បាប់ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន នៅ​គោលដៅ​ពីរ​ផ្សេងគ្នា ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការចុះ​ប្រមូល​ជនអន្តោប្រវេសន៍​វៀតណាម​នេះ ធ្វើឡើង​ចំនួន ២​ទីតាំង​ផ្សេងគ្នា ដោយមាន​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ទី​១ ស្ថិតនៅ​ចំណុច​ផ្ទះ​បែ​លើទឹក ភូមិខ សង្កាត់​ច្រាំង​ចំរេះ​២ បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ៣​នាក់ ក្នុងនោះ​ស្រី​ម្នាក់ និង​គោលដៅ​ទី​២ ស្ថិតនៅ​ចំណុច​កំពង់ដរ​ច្រាំង​ចំរេះ​២ ក្នុង​ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ដោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ១១​នាក់ ក្នុង​ស្រី ២​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង ១៤​នាក់​ខាងលើ បាន​ចូលមក​ស្នាក់នៅ និង​ធ្វើ​ការងារ​ក្នុងប្រទេស​កម្ពុជា ដោយ​ពុំ​ស្របច្បាប់​។​

​ក្រោយពី​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវបាន​នាំទៅ​សាកសួរ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បើ​អ្នក​ដែលមាន​ឯកសារ​ត្រឹមត្រូវ សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់មក​កន្លែង​ស្នាក់នៅ​វិញ តែ​ចំពោះ​អ្នក​គ្មាន​លិខិតស្នាម សមត្ថកិច្ច​នឹង​កសាង​សំណុំ​ឯកសារ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​៕​ ​ដោយ ៖ម៉េង​សែ​

សមត្ថកិច្ច​អន្តោប្រវេសន៍ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៤​នាក់ នៅ​ខណ្ឌឫស្សីកែវ​ (រូប៖ ម៉េងសែ)

ទីតាំងផ្សាយពាណិជ្ជកម្ម