អង្គការ ហ្វា​ពន្លឺ​សិល្បៈ ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ​ជាមួយ​ការបង្ហាញ​ទម្រង់​សិល្បៈ​ចម្រុះ​រយៈពេល​៣​ថ្ងៃ​

534
ចែករម្លែក

ដោយ​:​ដេប៉ូ​/ភ្នំពេញ​ ៖ ​ដើម្បីអបអរសាទរ​ខួប​លើក​ទី​២៥​ឆ្នាំ ​ក្នុង​ឆ្នាំ​២០១៩​នេះ អង្គការ ហ្វាពន្លឺ​សិល្បៈ បានរៀបចំ​ពិព័រណ៍​រូបគំនូរ និង ការសម្តែង​សិល្បៈ​ច្រើន​ទម្រង់ ដោយ​អនុ​ញ្ញា​ត្តិ​ឱ្យ​សាធារណៈជន​ចូល​ទស្សនា​សេរី​មានរ​រយៈពេល​ចំនួន​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៤-៦​ខែមេសា​ឆ្នាំ​២០១៩​នៅ​វិទ្យាស្ថាន​បារាំង ។​

ជាមួយ​ការ​ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ​នេះដែរ អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​នា​ឆ្នាំនេះ​បានដាក់​ក្រោម​ប្រធានបទ​«​ភ្លើង​បំភ្លឺ​»​ក្នុងនេះ​ដោយមាន​ការដាក់​តាំងពិព័រណ៍​រូបគំនូរ រួមគ្នា​នៃ​សាលា​វិចិត្រសិល្បៈ​ទស្សនីយភាព និង​សិល្បៈ​អនុវត្តន៍​នៃ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​។ក្រៅពីនេះ​ក៏មាន​ការសម្តែង​សិល្បៈ ចម្រៀង​តន្ត្រីករ វិចិត្រករ​ក្រាហ្វិក អ្នក​សម្តែង​សៀក វិចិត្រករ សិល្បករ​ទស្សនីយភាព និង​អ្នក​ឌី​ហ្សា​ញ​ជាដើម​។​

ថ្លែង​ក្នុងខណៈពេល​បើក​កម្មវិធី កាលពី​ព្រលប់​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៩ លោកស្រី ភឿង​ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានបង្ហាញ​ការកោតសរសើរ​និង​ជំ​រុញឱ្យ​អង្គការ​មួយ​នេះ​បណ្តុះបណ្តាល​ដល់​យុវជន​ក្រីក្រ​លើ​វិថី​សិល្បៈ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​ជាមួយគ្នា​លោកស្រី​រដ្ឋមន្ត្រី​កត់សម្គាល់​ឃើញថា រយៈពេល​២៥​ឆ្នាំ​មកនេះ​កុមារ​ក្រីក្រ​មួយចំនួន​បាន​ផ្លាស់ប្តូរ​ពី​ភាពលំបាក​លំបិន​មកជា​មនុស្ស​មានមុខមាត់​ក្នុងសង្គម​តាមរយៈ​វ​ការ​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​នៃ​ការបណ្តុះ​បណ្តុះបណ្តាល​ដោយ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​នេះ​ទៀតផង​។​

លោកស្រី រដ្ឋមន្ត្រី បាន​ថ្លែង​ដោយ​បញ្ជាក់ថា តាមរយៈ​ការជួយ​ដល់​សង្គម​របស់​អង្គការ​នេះដែរ លោកស្រី​បានស្នើ​សុំ រាជរដ្ឋាភិបាល​ពិសេស​សម្តេច​ហ៊ុនសែន​ដោយ​មិនឱ្យ​យកពន្ធ​ដា​លើ​សហគ្រាស​របស់​ហ្វា​ពន្លឺ​សិល្បៈ ហើយ​សម្តេច​ក៏បាន​ឯកភាព​ក្នុង​រឿង នេះ​រួចហើយ។ ​ទ​ន្ទឹ​ម​ជាមួយគ្នា លោកស្រី រដ្ឋមន្ត្រី​បាន​ប្រៀបធៀប​ដល់ ការជួយ​ដល់​អង្គការ ហ្វា​ពន្លឺ​សិល្បៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​រឿង​អ្វីមួយ​នោះ គឺ​ក៏ដូចជា​ការជួយ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ផងដែរ​។​

ដោយឡែក លោក​ឃួន ចន្ទ​រស្មី ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ​មួយរូប​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​បានឱ្យដឹងថា អស់​រយៈពេល ២៥ ឆ្នាំ​ហើយ​ដែល​អង្គការ​នេះ បាន​បើកទ្វារ​ផ្តល់ឱកាស​ដល់​សិស្ស​ដោយ បាន​បើក​ដំណើរការ​ដំបូង​នៅក្នុង​ខេត្តបាត់ដំបង​កាលពី​ឆ្នាំ​១៩៩៤​។ សម្រាប់​គោលដៅ​សំខាន់​របស់​អង្គការ​នេះ​គឺ​ដើម្បី​កែលម្អ​ជីវិត​រស់នៅ​របស់​កុមារ និង​យុវជន តាមរយៈ​សិល្បៈ និង​ការអប់រំ​។ ដោយឡែក​នាពេល​បច្ចុប្បន្ន​នេះដែរ​មាន​សិស្ស​ប្រមាណ​ជាង​១​ពាន់​នាក់​កំពុង​រៀន​នៅ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​។​

លោក​បានបញ្ជាក់​បន្ថែម​ថា សម្រាប់​ការ​ពិព័រណ៍​រូបគំនូរ ក្នុង​កម្មវិធី​នេះ​គេ​នឹង​ធ្វើការ​ដាក់តាំង​បន្ត​ចាប់ពី​ថ្ងៃទី​៤​ខែមេសា​រហូតដល់​១​ខែ​កន្លះ​ទើប​បញ្ចប់​ទៅវិញ​។​ដូចនេះ​សាធារណៈជន​អាច​ចូល​ទស្សនា​ដោយ​មិន​គិត​ប្រាក់​។​

ព្រម​ជាមួយគ្នានេះ លោក​ឈិ​ឡោ ជា​ស្ថាបនិក​សមាគម​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​បាន​ឱ្យដឹង​ដូចគ្នា​ថា ការបង្ហាញ​ស្នាដៃ​សិល្បៈ​ច្រើន​ទម្រង់​នាពេលនេះ​គឺ​ចង់បង្ហាញ​ដល់​សាធារណៈជន​បាន​ស្គាល់​ពី​សកម្មភាព​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​កំពុង​ធ្វើ​សកម្មភាព​សព្វថ្ងៃនេះ​។​ជាមួយគ្នា​ក៏​ជាការ​បង្ហាញ​ដល់​យុវជន​និង​កុមារ​ដែល​ចង់​ចូលរៀន​ផ្នែក​សិល្បៈ​អាច​ចូលរៀន​ជាមួយ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​ដោយ​មិន​គិត​ថវិកា​អ្វី​ឡើយ​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ