ជួប​សំណេះសំណាល​ជាមួយ​សមាជិក​អតីតយុទ្ធជន​ពិការ​ ជិត​៤០០​នាក់ ​នៅ​ស្រុក​សង្កែ​

935
ចែករម្លែក

ដោយ:គ្រញូង​/​បា​ត់​ដំបង ៖ ​កាលពី​រសៀល​ថ្ងៃទី​៥​ ខែមេសា ​ឆ្នាំ​២០១៩​ នៅក្នុង​បុរី​ត្នោត​ជួរ​ ស្ថិត​ក្នុងភូមិ​ជី​នី​ក ​ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ សមាគម​អតីតយុទ្ធជន​ខេត្តបាត់ដំបង​ បាន​វៀប​ចំ​ពិធី​សំណេះ​សំ​ណា​ល​ជាមួយ​សមាជិក​អតីតយុទ្ធជន​ជា​ជនពិការ​ចំនួន​៣៨៣​នាក់ ​ក្រោម​អធិបតីភាព​លោក​ ណាំ ទុំ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អ៊ុច ឃ្នួច​ មេបញ្ជាការ​សឹក​រង​ខេត្ត​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​។​

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុច ឃ្នួច​ មេបញ្ជាការ​សឹក​រង​ខេត្ត​ និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្ត​បាត់ដំបង​មានប្រសាសន៍ថា ​រហូត​មក​ដល់​ប​ច្ច​ប្បន្ន​នេះ​សមាគម​កសាងបាន​ផ្ទះ​ជូន​អតីត​យុទ្ធជន​ខេត្ត​ដែល​អត់​ផ្ទះ​បាន​ជាង​១២០​ខ្នង​ ហើយ​ថ្ងៃស្អែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ ម៉ា​ណែ​ត​ មេបញ្ជាការ​កងទ័ពជើងគោក​នឹង​មក​ប្រគល់​ផ្ទះ​ចំនួន​៧​ខ្នង ​ដល់​សមាជិក​អតីតយុទ្ធជន​ចំនួន​បី​កន្លែង​ក្នុង​ថ្ងៃ​តែមួយ និង​ឆ្លៀត​​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន​ពិការ​ប្រភេទ​ក​១​ជិត​២០០​នាក់​ព្រម​ទាំង​ប្រគល់​ថវិកា​សម្រាប់​ធ្វើបុណ្យ​ចូលឆ្នាំថ្មី​ នាពេល​ខាងមុខនេះ​។​

ប៉ុន្តែ​រឿង​សំខាន់​ចង់ឱ្យ​ពួកគាត់​ជួប​ថ្នាក់ដឹកនាំ​ គឺដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​ដូចជា​អ្នក​ពិការ​ពី​សម័យ​សង្គ្រាម​ គាត់​​បាន​លះបង់​ខ្ពស់​ណាស់​ត្រូវរបួស​ដាច់​ដៃ ដាច់​ជើង ខ្វាក់ភ្នែក​នៅលើ​សមរភូមិ​ប្រយុទ្ធ​។​ ដោយសារ​ស្ថានភាព​គោលនយោបាយ​ប្រាក់​ ​ចូលនិវត្តន៍​របស់​ជ​ន​ពិការ​ប្រភេទ​ក​១​ទទួល​​បានតែ​៤៨​ម៉ឺន​រៀល​។​ ប៉ុន្តែ​អ្នក​ពិការ​ប្រភេទ​ក​១​ក្នុងពេល​គ្មាន​សង្គ្រាម​នេះ ​ឡើង​ទៅដល់​ជាង​១​លាន​រៀល​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​។ ​សំខាន់​គឺ​ចង់ឱ្យ​គាត់​ស្នើសុំ​ថ្នាក់ដឹកនាំ​ជួយ​ដោះស្រាយ​គោលនយោបាយ ​កុំឱ្យ​ខុសគ្នា​ឆ្ងាយ​ពេក​។​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ជួយ​ឧបត្ថម្ភ​ដល់​អតីតយុទ្ធជន​ពិកា​រ​ដូចជា​ការ​គាំ​ពារ​សង្គម ការព្យាបាល​ដោយ​មិន​បង់ប្រាក់​ធ្វើដំណើរ​ផ្សេងៗ​ ដើម្បី​តបស្នង​សងគុណ​ និង​ផ្តល់​អាទិភាព​ឱ្យ​កូនចៅ​អតីតយុទ្ធជន​បាន​អាហារូបករណ៍ បាន​ចូល​បម្រើ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​។ ​លោក​ ហ៊ុន ម៉ា​ណែ​ត​ បាន​ណែនាំ​ឱ្យ​សមាគម​ផ្តល់​អាទិភាព​ជ្រើសរើស​ឱ្យ​កូនចៅ​អតីតយុទ្ធជន​ហើយ​គាត់​ផ្តល់​អាទិភាព​មុន​ធ្វើ​ម៉េច​ឱ្យតែ​ខំប្រឹង​រៀនសូត្រ ខំប្រឹង​ធ្វើជា​ពលរដ្ឋ​គំរូ។​

បន្តម​កលោក ​ណាំ ទុំ​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​និង​សម្តេច​ក្រឡាហោម​ស ខេង​អនុ​ប្រ​ធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​តំ​ណា​ង​រាស្ត្រ​មណ្ឌល​បាត់ដំបង ​ដោយ​លោក​ទាំងពីរ​បាន​ផ្តំ​ផ្ញើ​សួរសុខទុក្ខ​បងប្អូនទាំងអស់ ​និង​នាំយក​អំណោយ​មកជួយ​ឧបត្ថម្ភ​ដល់​បងប្អូន​នៅក្នុង​ខេត្តបាត់ដំបង​ទាំង​និវត្តន៍​ជន​ និង​អតីតយុទ្ធជន​ជិត​២​ម៉ឺន​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​ ដើម្បី​ទុក​សម្រាប់​ធ្វើបុណ្យ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេលខាងមុខ​នេះ​៕B/Ha