សហគ្រិនល្បីៗ ចែករម្លែកបទពិសោធន៍យុទ្ធសាស្ត្រអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មី

1005
ចែករម្លែក

ដោយ:សុផល/ភ្នំពេញ ៖ សហគ្រិនល្បីៗចំនួន១២រូប ជំនាញផ្សេងៗពីគ្នា បានមកចែករម្លែកចំណេះដឹងនិងបទពិសោធន៍អំពីយុទ្ធសាស្ត្រអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មី ភាពជោគជ័យក្នុងវិស័យជំនួញ បញ្ហាប្រឈម និងដំណោះស្រាយទៅដល់ គ្រូ អាណាព្យាបាលសិស្ស និង និស្សិត ។

ការចែករម្លែកនេះបានត្រូវធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីផ្នត់គំនិតនិងទម្លាប់ល្អទាំង៧ដ៍មានប្រសិទ្ធភាពរបស់អ្នកអប់រំឆ្នើមនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាថ្ងៃទី៦ខែមេសា ឆ្នាំ២០១៩។

លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិវេសឡាញអេឌ្យូខេសិនគ្រុប បានថ្លែងថា សិក្ខាសាលានេះបានត្រូវរៀបចំឡើងក្នុងគោលបំណងចង់ឱ្យសហគ្រិនឆ្នើមដែលមានបទពិសោធន៍ខាងជំនួញនិងអាជីវកម្មយូរ មកប្រាប់គ្រូ និងអ្នកអប់រំទាំងអស់បានដឹង ថាតើវិស័យនីមួយៗដូចជាវិស័យកសិកម្ម ពាណិជ្ជកម្ម អចលនទ្រព្យ អប់រំ ពត៌មានវិទ្យា និងវិស័យអាហារ នៅថ្ងៃក្រោយទៅ មានអ្វីប្រែប្រួល ហើយប្រែប្រួលបែបណា ទីផ្សារអាជីវកម្មនីមួយៗមានការវិវត្តបែបណា ។

លោកប្រធាននាយកប្រតិបត្តិវេសឡាញ បានឱ្យដឹងទៀតថា សិក្ខាសាលានេះ ក៏មានគោលដៅចង់ឱ្យគ្រូនិងអ្នកអប់រំ បានដឹងថា ដើម្បីបណ្តុះធនធានមនុស្ស កម្លាំងពលកម្មឱ្យបានល្អទៅតាមអ្វីដែលសហគ្រាសគេចង់បាននោះតើគ្រូបង្រៀន ឬអ្នកអប់រំត្រូវធ្វើដូចម្តេច កម្មវិធីសិក្សាត្រូវផ្លា​ស់​ប្តូរបែបណា ការបង្រៀនត្រូវធ្វើដូចម្តេច ។ ចំណែកសិស្សនិស្សិតវិញ ត្រូវរៀនអ្វីត្រូវត្រៀមលក្ខណៈបែបណា ដើម្បីឆ្លើយតបចំពោះតម្រូវការទីផ្សារការងារនិងពាណិជ្ជកម្មនៅថ្ងៃអនាគត។

លោក ប៉ិច បូឡែន បានគូសបញ្ជាក់ថា ដោយសារមានភាពមិនទាន់ជិតស្និទ្ធគ្នា រវាងខាងសហគ្រាស ឧស្សាហកម្ម និងវិស័យអប់រំ វេទិកានេះនឹងជួយឱ្យគ្រូ និងអ្នកអប់រំបានដឹងពីគំនិតរបស់សហគ្រិនរំពឹងចង់បានពីវិស័យអប់រំ ដើម្បីរៀបចំកម្មវិធីសិក្សា និងការបង្រៀនឱ្យត្រូវតាមតម្រូវការសហគ្រាស។

លោកបានឱ្យដឹងថាទម្លាប់ល្អទាំង៧ ដែលភាសាអង់គ្លេសហៅថា « 7 Habits » បានត្រូវគេចាត់ទុកថាជាវិធីសាស្ត្រមួយឆ្ពោះទៅរកភាពជោគជ័យនៅក្នុងអាជីវកម្មនិងអាជីពការងារ។ទម្លាប់ទាំង៧នេះ មាន៖១- បង្កើនភាពម្ចាស់ការលើការងាររបស់ខ្លួន ២-ជំនាញរៀបចំផែនការការងារច្បាស់លាស់ ៣-ជំនាញគ្រប់គ្រងនិងចាត់ចែងអាទិភាពការងារសំខាន់មុន ៤-ជំនាញគិតបែបឈ្នះៗដើម្បីស្វែងរកផលប្រយោជន៍រួម៥-បង្កើនប្រសិទ្ធិភាពខ្ពស់ក្នុងការទំនាក់ទំនង៦-បង្កើនការសហការគ្នាដែលមានភាពច្នៃប្រឌិតដើម្បីឧត្តមប្រយោជន៍រួមនិងទី៧-ការអភិវឌ្ឍចិត្តកាយនិងជំនាញដើម្បីសម្រេចជោគជ័យផ្ទាល់ខ្លួនប្រចាំថ្ងៃ។សាលាវ៉េសឡាញនិងសាលាដៃគូ បានប្រើទម្លាប់ទាំង៧នេះ ដើម្បីអភិវឌ្ឍភាពជាអ្នកដឹក​នាំដល់សិស្សនិងក្រុមគ្រួសារ។

សូមជម្រាបថា៖នៅក្នុងសិក្ខាសាលាស្តីពីផ្នត់គំនិតនិងទម្លាប់ល្អទាំង៧ដ៍មានប្រសិទ្ធភាពរបស់អ្នកអប់រំឆ្នើមនេះ លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលប្រ៊ីជគ្រុប បានចែករម្លែកអំពីការអភិវឌ្ឍន៍និងជំនាញសម្រាប់ការងារនាពេលអនាគតក្នុងវិស័យអចលនទ្រព្យ ។ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន​ជីហ្គៀ បានផ្តល់គំនិតអំពីការអភិវឌ្ឍន៍ និងជំនាញ​សម្រាប់ការងារនាពេលអនាគតក្នុងវិស័យអាជីវកម្មនិងពាណិជ្ជកម្ម។លោក តាន់ មុនីវណ្ណ អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បានចែករម្លែកលើវិស័យកសិកម្ម ។ ចំណែកលោកឧកញ៉ា គួច សុខលី អគ្គនាយក​ក្រុមហ៊ុន YINKOK Corporation ចែករម្លែកពីវិស័យអាហារនិងភេសជ្ជៈ លោក សុខ សុភមង្គល សហស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុនCodingateបានលើកឡើង​ពីការអភិវឌ្ឍន៍និងជំនាញសម្រា​ប់ការងារនាពេលអនាគតក្នុងវិស័យពត៌មានវិទ្យា៕B/