បង់​ក្លា​ដែស​បញ្ជូនកង​ឆ្មាំ​ព្រំដែន​ទៅ​កោះ​នៅក្បែរ ប្រទេស​មី​យ៉ាន់​ម៉ា​

494
ចែករម្លែក
  • 71
    Shares

​ក្រុមមន្ត្រី​បាន​និយាយថា​ប្រទេស​បង់​ក្លា​ដែស​កាលពី​ថ្ងៃអាទិត្យ​ថ្ងៃទី​៧​ខែ​មេសា​បាន​បញ្ជូន​កង​ឆ្មាំ​ព្រំដែន​ប្រដាប់អាវុធ​ធុន​ធ្ងន់​ទៅ​កាន់​កោះ​មួយ​នៅ​ក្បែរ​ព្រំដែន​ភាគខាងត្បូង​​របស់​ខ្លួន​ជាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​។​

​កង​ឆ្មាំ​ការពារ​ព្រំដែន​នេះ បានបង្ហាញ​រូបភាព​ទាហាន​រាប់សិប​នាក់​កាន់​កាំភ្លើង​នៅ​កោះ​តួ​ចមួយ​នៅ​កោះ​Saint Martin នៅ​ឆកសមុទ្រ​Bengal ដែល​បាន​បណ្តាលឱ្យ​មាន​​ភាព​តានតឹង​ការទូត​រវាង​ប្រទេស​ជិតខាង​គ្នា​នេះ​។​

​កង​ឆ្មាំ​ព្រំដែន​បង់​ក្លា​ដែស​បាន​និយាយថា​ការ​ដាក់​ពង្រាយ​កងទ័ព​នេះ គឺជា​ផ្នែក​មួយ​នៃ “​សកម្មភាព​ដែល​ធ្វើ​ទៀងទាត់​”​ដើម្បី​ធានា​ការការពារ​ព្រំដែន​និង​ទប់ស្កាត់​ការជួញដូរ​​គ្រឿងញៀន​។​

​ប៉ុន្តែ លោក Sarker Mohammad Mustafizur Rahman បញ្ជាការ​កងទ័ព​នេះ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង Agence France-Presse ថា​វា​ជា​លើកទីមួយ​​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩៧ ដែល​កង​ឆ្មាំ​ព្រំដែន​របស់​ពួកគេ​បាន​ស្ថិតនៅ​ទីនោះ​។​

​លោក​បាន​និយាយថា “​បន្ទាប់​ពី​ជាង​២០​ឆ្នាំ​មក យើង​មាន​អារម្មណ៍​ថា​យើង​គួរតែ​ដាក់ពង្រាយ​ទ័ព ” ។​

​ការ​ដាក់​ពង្រាយ​នេះ​ធ្វើ​ឡើង​តែ​ពីរ​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី ក្រសួងការបរទេស​បង់ក្លា​ដែស​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​ទីក្រុង​ដា​ក្កា​ដើម្បី​តវ៉ា​ចំពោះ​ការដាក់បញ្ចូល​​កោះ​Saint Martin ទៅខាង​ទឹកដី​របស់​ពួកគេ​នៅក្នុង​ផែនទី​មួយចំនួន​ដែល​បាន​បោះពុម្ព នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​នេះ​ក៏​ត្រូវបាន​កោះហៅ​ផង​ដែរ​កាលពី​ខែតុលា​ឆ្នាំ​មុន​បន្ទាប់​ពី​វេបសាយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បង្ហាញថា​កោះ​នេះ​ស្ថិតនៅក្នុង​ទឹកដី​របស់​មី​យ៉ាន់​ម៉ា​។​

​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​គ្នា​នេះ​មាន​ភាព​ល្អក់កករ​ចាប់​តាំង​ពី​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​ធ្វើ​ការបង្ក្រាប​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​ដែល​ជា​រដ្ឋ​ភាគ​​ខាងលិច​មាន​បញ្ហា ដែល​ស្ថិត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​បង់​ក្លា​ដែស​។​

​ប្រតិបត្តិការ​នេះ បាន​បង្ខំ​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៧៤០.០០០​នាក់​រត់​ភៀសខ្លួន​ចូល​ប្រទេស​បង់​ក្លា​ដែ​សចាប់​តាំងពី​ខែ​សីហា​ឆ្នាំ​២០១៧៕​ដោយ​៖​សុខា​/sn

​កង​ឆ្មាំ​ព្រំដែន​បង់​ក្លា​ដែសដែល​ត្រូ​បាន​បញ្ជូន​ទៅ​កាន់​កោះ​Saint Martin កាលពី​ថ្ងៃអាទិត្យ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ