កងទ័ពអាកាស​ឥណ្ឌា​៖ រូបភាព​រ៉ា​ដា​បង្ហាញ​ថា​យន្តហោះ​ចម្បាំង​ប៉ា​គី​ស្ថាន​F-16 ត្រូវ​បាន​បាញ់​ទម្លាក់​

776
ចែករម្លែក
  • 50
    Shares

​កងទ័ពអាកាស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​មេសា​បាន​បង្ហាញ​អំពី​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា​ជា​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​មួយ​របស់​​ប៉ា​គី​ស្ថាន​កាលពី​ខែ​កុម្ភៈ ខណៈ​ដែល​ប្រទេស​ជា​សត្រូវ​គ្នា​ក្នុង​តំបន់​នេះ​បាន​លើក​មក​និយាយ​តែ​រៀងៗ​ខ្លួន​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​។​

​ប៉ា​គី​ស្ថាន​បាន​បដិសេធ​ជាច្រើនលើក​ចំពោះ​ការ​ដែល​ថា​ខ្លួន​បាន​បាត់បង់​យន្តហោះ​ចម្បាំង​F-16 មួយគ្រឿង នៅលើ​ដែនអាកាស​នៅ​តំបន់​កា​ស្មៀរ ខណៈ​ដែល​ទស្សនា​វ​ដ្តី​​អាមេរិក​មួយ​បាន​ដកស្រង់​សម្តី​របស់​ក្រុម​មន្ត្រី​ការពារ​ជាតិ​ដែល​បាន​និយាយថា មាន​ការសង្ស័យ​ផងដែរ​លើ​ការអះអាង​របស់​ឥណ្ឌា​ដែល​ថា​យន្តហោះ​នេះ​ត្រូវបាន​បាញ់​ទម្លាក់​នោះ​។​

​ឥណ្ឌា​បាន​បាត់បង់​យន្តហោះ​ចម្បាំង​MiG-21 Bison មួយ​គ្រឿង​នៅ​ក្នុង​ការប៉ះទង្គិច​លើ​អាកាស​ហើយ​អ្នក​បើក​យន្តហោះ​របស់ខ្លួន​​ត្រូវបាន​ចាប់​ដោយ​ប៉ា​គី​ស្ថាន ប៉ុន្តែ ក្រោយមក ត្រូវបាន​ប្រគល់​ត្រឡប់​ទៅឱ្យ​ឥណ្ឌា​វិញ​។​

​ឥណ្ឌា​បាន​អះអាងថា យន្តហោះ​ចម្បាំង​របស់ខ្លួន​បាន​បាញ់​ជា​លើកទីមួយ​ទៅលើ​យន្តហោះ​ចម្បាំង​F-16 មួយគ្រឿង ដោយ​បាន​បណ្តាលឱ្យ​យន្តហោះ​ដែល​រង​ការខូចខាត​នេះ ​ធ្លាក់​នៅ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន ប៉ុន្តែ​នោះ​គឺជា​អ្វី​ដែល រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​(​ប៉ា​គី​ស្ថាន )​និយាយថា មិន​ដែល​កើតឡើង​នោះ​៕ ដោយ៖សុខា/sn

យន្តហោះ​ចម្បាំង​ប៉ា​គី​ស្ថាន​F-16

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ