រថយន្ត​តូច​បុក​ឡាន​ដឹក​ទឹកកកៈ​ស្លាប់​បីនាក់​ និង​របួសធ្ងន់ស្រាល​ប្រាំ​នាក់ ​នៅ​ស្រុក​ភ្នំស្រួច​

735
ចែករម្លែក
  • 78
    Shares
រថយន្ត​តូច​បុក​ឡាន​ដឹក​ទឹកកកៈ​ ស្លាប់​បីនាក់​និង​របួសធ្ងន់​ប្រាំ​នាក់​ នៅ​ស្រុក​ភ្នំស្រួច​

ដោយៈ​សុខ​ សុ​ភ័​ណ្ឌ​ /​ កំពង់ស្ពឺៈ​ មនុស្ស​បីនាក់ បាន​ស្លាប់ និង​ប្រាំ​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ដឹក​ទឹកកក បុក​ជាមួយ​រថយន្ត​តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ ដឹក​អ្នកដំណើរ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣-៦៤ ត្រង់ចំណុច​ក្រាំង​ខ្វាវ ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ នេះ​។​

​លោក តាប់ លន ស្នងការរង ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា ដំបូង​រថយន្ត ម៉ាក​តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រះសីហនុ 2C.7377 បើកបរ​ដោយ​ឈ្មោះ នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​រស់នៅ​ខេត្ត​ព្រះសីហនុ​) របួសធ្ងន់ និង​អ្នករួមដំណើរ​ជាមួយ​ប្រាំ​នាក់ ក្នុងនោះ ១.​ឈ្មោះ ស្រី អូន ភេទ​ស្រី អាយុ​៣០​ឆ្នាំ របួសធ្ងន់​, ២.​ឈ្មោះ​ម៉ៃ អន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ បាន​ស្លាប់ ។ ពីរ​នាក់​នេះ រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង​ធំ​) និង​បីនាក់​ទៀត មិន​ស្គាល់ឈ្មោះ ដែល​ក្នុងនោះ មាន​ស្ត្រី​ម្នាក់ ក៏បាន​ស្លាប់​ដែរ ។

លោកបានបញ្ជាក់ថា រថយន្ត​នេះ បាន​បើក​ពី​លិច ទៅ​កើត ក្នុង​ល្បឿន​លឿន​។ លុះ​បើក​មកដល់​ចំណុច​ខាងលើ រថយន្ត​តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ បាន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ទឹកកក ពណ៌​ស ពាក់​ស្លាក​លេខ ក​8658​ព​.​ភ​3 បើកបរ​ដោយ​ឈ្មោះ ភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​មាន​ស្រុកកំណើត​ខេត្តកំពង់ស្ពឺ​) ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា ពេញទំហឹង​។ ភាគី​ខាង​ឡាន​ដឹក​ទឹកកក ជិះ​គ្នា​ពីរ​នាក់ គឺ​អ្នកបើកបរ បាន​ស្លាប់ និង​អ្នករួមដំណើរ​ជាមួយ មិនទាន់​ស្គាល់ឈ្មោះ បាន​រងរបួស​ធ្ងន់​។

លោក​បាន​បន្តថា អ្នករងរបួស ត្រូវបាន​ដឹក​យកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ និង​ចំពោះ​អ្នករងរបួស​ធ្ងន់ បាន​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​សព ត្រូវបាន​នគរបាល ស្រាវជ្រាវ រក​សាច់ញាតិ ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​។ ចំពោះ​រថយន្ត​ទាំង ពីរ គ្រឿង បាន​យកមក​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី ៕សរន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម