ឧកញ៉ា គិត ធាង​មក ដេក ពេទ្យ រុស្ស៊ី ដោយ សារ មាន ជំងឺ សួត​មិនទាន់​ចូលទៅ​ពន្ធនាគារ​វិញ​ទេ

663
ចែករម្លែក

ដោយ:ស​រិ​ទ្ធ​​ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ក់​ដែល​ជាប់ ពាក់ព័ន្ធ​ករណីគ្រឿងញៀនដ៏សម្បើម​បានមកដេក​នៅពេទ្យរុស្ស៊ី ដោយសារមាន បញ្ហា ជំងឺសួតតាំងពី​ពាក់​កណ្តាលយប់ ថ្ងៃ ទី​១ ខែ មេសា ឆ្នាំ២០១៩ ​រហូតមកដល់​រសៀល​ថ្ងៃទី​១០​ ខែមេសា ​ឆ្នាំ​២០១៩ នេះ​មិនទាន់​ចេញពី​ពេទ្យ​ទៅ​ចូល​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ​នៅឡើយ​ទេ ។​

​តាម​ប្រភពពី​បុគ្គលិក មន្ទីរពេទ្យ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា​អាកា​រៈ​ជំងឺ​របស់​អ្នក ឧកញ៉ា គិត ធាង បាន​ធូរស្រាល​ហើយ​ព្រោះ​បច្ចុប្បន្ននេះ​ គ្រូពេទ្យ​មិនបាន​ចាក់​ថ្នាំ​ឬ​ឲ្យ​ថ្នាំលេប​ទៀត​ទេ​ពោលគឺ​គ្រាន់តែ​មក​វាស់​សម្ពាធ​ឈាម​នៅពេល​ព្រឹក​ប៉ុណ្ណោះ​។​ បន្ទាប់មក​អ្នក ឧកញ៉ា គិត ធាង បាន​បិទទ្វារ​បន្ទប់​រហូត​ដោយ​មិន​ឲ្យ​អ្នកណា​ចេញចូល​ឡើយ ​សូម្បីតែ​អនុរក្ស​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ ដែល​មក​យាម​ទីនេះ​ក៏​មិន​ឲ្យ​ចូល​ដែរ​លើកលែងតែ​ក្រុមគ្រួសារ​ឬ​ប្រពន្ធ​របស់ខ្លួន​តែប៉ុណ្ណោះ​។​

ប្រភព​ដដែល​បាន​អះអាង​ទៀតថា ​ក្នុង​បន្ទប់​ដែល​អ្នក ឧកញ៉ា គិត ធាង ដេក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​នោះ​ គឺមាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ ទូទឹកកក ទូរទស្សន៍​និង​បាន​ប្រើ​ទូរស័ព្ទ​គ្រប់​ម៉ាក​និង​គ្រប់​ប្រព័ន្ធ​ថែម​ទៀតផង​ទើប​ធ្វើ​ឲ្យ​អ្នក ឧកញ៉ា គិត ធាង ក្រាញ​មិន​ចង់​ចូលទៅ​ពន្ធនាគារ​វិញ​។​

គួររំលឹកថា​អ្នកឧកញ៉ា គិត ធាង អាច​ចូលដេកសម្រាកនៅ​ពេទ្យរុស្ស៊ីបាន បន្ទាប់ពី លោកស្រី មេធាវី ទី គឹម​ស្រ៊ា​ន ដាក់ពាក្យស្នើសុំទៅលោក កែវ សុធា ព្រះរាជ អាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីលោក សេង លាង ចៅក្រម​ស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួនអ្នក ឧកញ៉ា​គិត ធាង ដាក់ពន្ធនាគារ ប៉េ​ហ្ស៊ី​ជា​បណ្តោះអាសន្ន កាលពីរសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ពីបទ​សម្រួល​ឲ្យ​មានការប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់ តាម​មាត្រា​មាត្រា​៤៤ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ គ្រឿងញៀន​ឆ្នាំ​ចែងថា អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត បង្កលក្ខណៈ​ងាយស្រួល ដល់​ការប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺជា​បទ​សម្រួល ឲ្យ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​២០​លាន​រៀល ៕​B/