ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ល្បីឈ្មោះ ផ្ដើម​ពី​លុយ​៥០​ដុល្លារ​ក្នុង​ហោប៉ៅ តស៊ូ​រៀន​នៅ​អាមេរិក

2783
ចែករម្លែក

ឯកឧត្ដម ស៊ុន ចាន់ថុល ចាក​ចេញពី​ប្រទេស​កម្ពុជា​តាំងពីក្មេង​ក្នុង​ឆ្នាំ ១៩៧៣

  • ចំណាយពេល​ជាច្រើន​ឆ្នាំ នៅ Maryland សហរដ្ឋអាមេរិក សិក្សា​ភាសា​អង់គ្លេស​ផង និង​រកប្រាក់​ផ្គត់ផ្គង់​
  • ការសិក្សា​ផង តាមរយៈ​ការលាង​ចាន​នៅ​ភោជនីយដ្ឋាន​នៅពេល​យប់​
  • ទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​សាកលវិទ្យាល័យ Wharton និង​សាកលវិទ្យាល័យ Harvard
  • ទទួល​សញ្ញាបត្រ​រដ្ឋបាល​សាធារណៈ​ថ្នាក់អនុបណ្ឌិត ពី​សាកលវិទ្យាល័យ Havard ក្នុង​ឆ្នាំ ១៩៩៩
  • ទទួល​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ ៦ មេសា ឆ្នាំ​២០១៦

​ឯកឧត្ដម ស៊ុន ចាន់ថុល បានទទួល​ការអប់រំ​នៅ​សហរដ្ឋអាមេរិក ជា​កន្លែង​ដែល​លោក​បានទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​សាកលវិទ្យាល័យ Wharton និង​សាកលវិទ្យាល័យ Harvard​។ លោក​ទទួលបាន​បទពិសោធ​ន៍​ទូលំទូលាយ​ក្នុង​វិស័យ​ក្រុមហ៊ុន​ឯកជន និង​បាន​បម្រើ​ការងារ​ជា​ប្រធាន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Wharton Asia ។ បន្ទាប់មក​លោក ត្រូវបាន​ជាប់ឆ្នោត​ជា​” អ្នកដឹកនាំ​ពិភពលោក សម្រាប់​ថ្ងៃ​អនាគត “Global Leader of Tomorrow” នៅឯ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុង​ឆ្នាំ ១៩៩៥ ទៀតផង​។ នេះ​បើតាម​គេហទំព័រ​ក្រសួងពាណិជ្ជកម្ម ធ្លាប់បាន​ចុះផ្សាយ​ពី​ប្រវត្តិ ពេល​ឯកឧត្ដម ស៊ុន ចាន់ថុល នៅ​ជា​រដ្ឋមន្ត្រី​។​

មុន​ឈានដល់​ដំណាក់កាល​បញ្ចប់​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ឯកឧត្ដម ស៊ុន ចាន់ថុល ចាក​ចេញពី​ប្រទេស កម្ពុជា​តាំងពីក្មេង​ក្នុង​ឆ្នាំ ១៩៧៣ ខណៈពេលដែល​ប្រទេស​ធ្លាក់​ចូលក្នុង​មហន្តរាយ​នៃ​យុគសម័យ​សង្គ្រាមស៊ីវិល និង​ការបំផ្លិចបំផ្លាញ ។ ជាមួយ​ប្រាក់​ក្នុង​ហោប៉ៅ ៥០ ដុល្លារ និង​គ្មាន​ជំនាញ​ភាសា​អង់គ្លេស​ផង​នោះ លោក ស៊ុន ចាន់ថុល បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ នៅ Maryland សហរដ្ឋអាមេរិក សិក្សា​ភាសា​អង់គ្លេស​ផង និង​រកប្រាក់​ផ្គត់ផ្គង់​ការសិក្សា​ផង តាមរយៈ​ការលាង​ចាន​នៅ​ភោជនីយដ្ឋាន​នៅពេល​យប់ ។​

​ជាការ​សម្រេច​ក្តី​សុ​បិ​ន្ត ស៊ុន ចាន់ថុល បានទទួល​អាហារូបករណ៍​ហើយ​ក្រោយមក​បាន​ចូល​បម្រើ​ការងារ​ក្នុង​កម្មវិធី គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន General Electric ប្រចាំ​ប្រទេស​ថៃ ។ ក្រោយ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ក្នុង​ឆ្នាំ ១៩៩៣ ប្រទេស​កម្ពុជា​ត្រូវការ​អ្នកឯកទេស ពី​គ្រប់​វិស័យ​ទាំងអស់​យ៉ាងខ្លាំង ដើម្បី​កសាង​សេដ្ឋកិច្ច និង​សង្គម​របស់ខ្លួន​។​

នៅក្នុង​ឆ្នាំ ១៩៩៤ លោកនាយក​រដ្ឋមន្ដ្រី​បានស្នើ​ឱ្យ លោក​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ជួយ​ស្ដារ​ប្រទេស​ឡើងវិញ និង​បង្កើត​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) ជា​ស្ថាប័ន​ច្រកចេញចូល​តែមួយ​ទទួលបន្ទុក​កិច្ចការ​វិនិយោគ​ពី​បរទេស​ដោយផ្ទាល់ ក្នុងនោះ​លោក​បាន​បម្រើ​ការងារ​ជា​អគ្គលេខាធិការ ចាប់ពី​ឆ្នាំ ១៩៩៤ ដល់​ឆ្នាំ ១៩៩៧​។ ក្នុង​រយៈពេល​នោះ​លោក​ក៏បាន​បម្រើ​ការងារ ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែរ​។​

​ក្រោយពេល​បញ្ចប់​ភារកិច្ច​ទាំងនោះ លោក​បាន​ត្រឡប់មក​វិស័យ​ឯកជន​វិញ ដោយ​ចូលរួម​កម្មវិធី​គ្រប់គ្រង​ជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Wharton ក្នុង​រដ្ឋ Pennsylvania នៅ​ឆ្នាំ ១៩៩៧ និង​ទទួល​សញ្ញាបត្រ​រដ្ឋបាល​សាធារណៈ​ថ្នាក់អនុបណ្ឌិត ពី​សាកលវិទ្យាល័យ Havard ក្នុង​ឆ្នាំ ១៩៩៩​។ បន្ទាប់មក​លោក​បាន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា សាជាថ្មី​ម្ដងទៀត ហើយ​បាន​បង្កើត​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​វិនិយោគ​ផ្ទាល់ខ្លួន​ក្នុង​ឆ្នាំ​ដដែល​។​

​ចាប់ពី​ឆ្នាំ ១៩៩៩ រហូតដល់​ឆ្នាំ ២០០៣ ឯកឧត្ដម ស៊ុន ចាន់ថុល បាន​បម្រើ​ការងារ​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​ប្រធាន​សភាជាតិ ហើយ​ក្នុង​ឆ្នាំ ២០០៣ លោក​ត្រូវបាន​ជាប់ឆ្នោត​ជា​សមាជិក សភាតំណាងរាស្ត្រ​ខ្មែរ​មួយរូប​។ នៅក្នុង​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បាន​បម្រើ​ការងារ​ប្រកបដោយ​ជោគជ័យ ក្នុងឋានៈ​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ( ២០០៤-២០០៨) ជា​ទេសរដ្ឋមន្ត្រី និង​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (២០០៨-២០១៣) ។​

​នៅក្នុង​ខែ កញ្ញា ឆ្នាំ ២០១៣ ឯកឧត្ដម ស៊ុន ចាន់ថុល ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប្រកបដោយ​បេសកម្ម​ច្បាស់លាស់​មួយ ដើម្បី​ធ្វើកំណែទម្រង់​ក្រសួង នៅក្នុង​ផ្នែក​រដ្ឋបាល ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​គាំទ្រ ការអភិវឌ្ឍន៍​វិស័យ​ឯកជន តាមរយៈ​ការបង្កើន​តម្លាភាព និង​ប្រសិទ្ធិភាព​នៅក្នុង​ក្រសួង និង​ដើម្បី​ទាក់ទាញ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​បន្ថែមទៀត សម្រាប់​ប្រទេស​កម្ពុជា ។ លោក​នៅតែ​បន្ត​បម្រើការ​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។​

​ក្នុង​រយៈពេល​ប្រាំបី​ខែ ដំបូង​នៅ​ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល អាចដាក់​ចេញ​នូវ​កំណែទម្រង់​សំខាន់ៗ ដែល​រៀបចំឡើង​ដើម្បី​ឲ្យ​បរិយាកាស ពាណិជ្ជកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ភាពប្រសើរឡើង​យ៉ាង​ឆាប់រហ័ស​។ កំណែទម្រង់​សំខាន់ៗ​ទាក់ទង​នឹង​ការរៀបចំ​ជាថ្មី នូវ​រចនាសម្ព័ន្ធ និង​អង្គការលេខ​របស់​ក្រសួង ពាណិជ្ជកម្ម​ត្រូវបាន​អនុវត្ត ដែល​ក្នុងនោះ​រួមមាន​៖ កិច្ច​ដំណើរ​ចាត់តាំង និង​ការប្រើប្រាស់​ធនធានមនុស្ស​ប្រកបដោយ​តម្លាភាព ។ ការធ្វើ​ស្វ័យប្រវត្តិកម្ម​ផ្នែក​ចុះបញ្ជី​ក្រុមហ៊ុន និង​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​កាត់បន្ថយ​យ៉ាងខ្លាំង​ដល់​ការចំណាយ​ក្រៅផ្លូវការ​ផងដែរ​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ និង​ត្រូវបាន​ពលរដ្ឋ​លើកសរសើរ​ថា​លោក​ជា​រដ្ឋមន្ត្រី​មួយរូប ដែល​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​ទៅ​ទីណា​រីកចម្រើន​ទីនោះ​។ ជាក់ស្ដែង​ក្នុង​រយៈពេល​នេះ​លោក​បានសម្រេច​សមិទ្ធផល​ធំៗ​ជាច្រើន​ជូន​ពលរដ្ឋ​ខ្មែរ​ដូចជា​កំណែទម្រង់​ទៅលើ ការធ្វើ​ប័ណ្ណបើកបរ ប័ណ្ណ​សម្គាល់​យានយន្ត ការប្រឡង​យក​ប័ណ្ណបើកបរ ទៅជា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ការជួសជុល​ផ្លូវដែក ផ្លូវថ្នល់ និង​សមិទ្ធផល​ជាច្រើន​ទៀត​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​៕ អត្ថបទ​៖Sabay

ទីតាំងផ្សាយពាណិជ្ជកម្ម