​សង្ក្រាន្ត​មណ្ឌលគិរី​ឆ្នាំនេះ​ទទួលភ្ញៀវ​ទេសចរ​ជាង ​២​ម៉ឺន​នាក់​

734
ចែករម្លែក
  • 7
    Shares

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​លោក​ងិន​ សុ​វិមាន ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា ​ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុងឱកាស​អបអរសាទ​រ បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ១៥ និង១៦ ខែមេសា ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ប្រមាណ​ចំនួន​២៥.៩៣០​នាក់ ។​

ក្នុងនោះ ទេសចរ​ជាតិប្រមាណ​ជា​២៥.៤៩១​នាក់ ទេសចរ​អន្តរជាតិ​ចំនួន​៤៣៩​នាក់ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​សរុប​ចំនួន​២២.៦២៣​នាក់​។​ភ្ញៀវទេសចរ​ជាតិ​ចំនួន​២២.២២៦​នាក់ ទេសចរ​អន្តរជាតិ​ចំនួន​៣៩៧​នាក់ កើន​សរុប​១៤,៦១​ភាគរយ​ ក្នុងនោះ​ទេសចរ​ជាតិ​កើន ១៤,៦៩​នាក់ ទេសចរ​អន្តរជាតិ​កើន​១០,៥៧​នាក់​។​

​ចំណែក​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ទូទាំង​ខេត្ត​មាន​ភាពល្អប្រសើរ​។​ជាងនេះទៅទៀត​ ដើម្បី​ញុាំង​ឱ្យ​បរិយាកាស​សប្បាយរីករាយ នាឱកាស​អបអរសាទ​របុណ្យចូលឆ្នាំថ្មី​នេះ ​អាជ្ញាធរខេត្ត​មណ្ឌលគិរី បានរៀបចំ​សង្ក្រាន្ត​មណ្ឌលគិរី​ដែល​ប្រព្រឹត្តទៅ​នៅលើ​សួនឧទ្យាន​សែន​មនោ​រម្យ ​ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

លោក​ស្វាយ​ សំ​អ៊ាង ​អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​និង​តាម​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​រួមទាំង​អាជីវករ​ទាំងអស់​ដែល​បាន​សហការគ្នា​ដែល​បាន​ញុាំ​ង​ឱ្យ​ព្រឹត្តិការណ៍​កើតឡើង​បាន​យ៉ាង​ល្អប្រសើរ​ ដោយ​ស្របទៅនឹង​ផែនការ​ណែនាំ​របស់​គណៈ​ក​ម្មា​ធិ​ការ​បុណ្យជាតិ​និង​អន្តរជាតិ​ស្តីពី​ការរៀបចំ​បុណ្យចូលឆ្នាំថ្មី​។

​លោក​អភិបាលខេត្ត បន្ថែមថា ការ​ប្រារព្វ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ជាការ​ប្រតិបត្តិ​នូវ​ជំនឿ ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូ​រផង់​ដែល​បាន​បន្សល់ទុក​តាំងពី​បុរាណ​រៀងមក​។​លោក​បាន​ណែនាំ​ដល់​កងកម្លាំង​សមត្ថកិច្ច​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​សន្តិសុខ​សណ្តាប់​សាធារណៈ​នៅតាម​គោលដៅ​សំខាន់ៗ ដើម្បី​ធ្វើយ៉ាងណាជួយ​សម្រួល​ចរាចរណ៍​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​មក​ចូលរួម​ទស្សនា​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ ហើយក៏​បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំងអស់គ្នា​។

លោក ឈឹម កាន ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​មានប្រសាសន៍ថា សង្ក្រាន្ត​មណ្ឌលគិរី ដែល​បាន​រៀបចំឡើង​ដោយ​រដ្ឋបាល​សាលាខេត្ត ស​.​ស​.​យ​.​ក​.​ខេត្ត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏​ប្រពៃ​នៃ​ជាតិខ្មែរ​យើង​។ ម្យ៉ាងទៀត​ជា​ខេត្តភូមិភាគឦសាន ស្រប​ពេលដែល​ប្រទេស​មាន​សន្តិភាព ប្រជាជនមាន​ជីវភាព​ធូរធារ ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​ទេសភាព​ក្នុង​ខេត្តមាន​លក្ខណៈ​អំណោយផល​ល្អ វប្បធម៌​ប្រពៃណី​ជនជាតិ ក្នុងការ​ទាក់ទាញ់​ទេសចរ​ឱ្យមាន​ការកើនឡើង ដើម្បី​ជា​មុខមាត់​សម្រាប់​ខេត្តមណ្ឌលគិរី​។

​លោកបន្ថែមថា សង្ក្រាន្ត​មណ្ឌលគិរី​ឆ្នាំនេះ រួម​មានការ​ទស្សនា​ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច សាស់​យក្ស​ ការលេង​ល្បែង​ប្រជាប្រិយ​នានា​ ការ​ទស្សនា​កម្មវិធី​ក្នុង​តំបន់​ត្រជាក់ចិត្ត​និង​មានការ​ដាក់តាំង​ពិ​ព័រណ៍​ផលិតផល​ក្នុងស្រុក​ដើម្បី​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ជាតិ​ អន្តរជាតិ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តមណ្ឌល គិរី​ផងដែរ​៕S/Ha

​ ​ ​(​ប្រភពពីៈ​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី​)​