ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ ផលិតផល​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zey Neang លក់​ឡេ​លាប​ស្បែក ស 100 %

642
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Zey Neang លក់​ឡេ​លាប​ស្បែក ស 100 % កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង​ជាច្រើន​មុខ​ដែល​គ្មាន​ចុះ​ប្រវេទន៍ គ្មាន​ការត្រួតពិនិត្យ​គុណភាព គ្មាន​ក្រុមហ៊ុន​នាំចូល​ស្របច្បាប់ ដូចជា ១. ឡេ​លាប​ស្បែក Dr. white body lotion, ២. ឡេ​លាប​ក្លៀក Dr. white ampit day cream, ៣. ឡេ​លាប​ក្លៀក Dr. white ampit night cream, ៤. ឡេ​លាបមុខ Dr. white Skincare និង ៥. Dr. white ampit Serub ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​ជនានុជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​ខាងលើនេះ ជាបន្ទាន់ ។


​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zey Neang Zey Neang លក់​ឡេ​លាប​ស្បែក ស 100 % បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល​ខាងលើនេះ​បន្តទៀត ហើយ​ប្រមូល​ផលិតផល​ទាំងនេះ​មកវិញ ដើម្បី កម្ទេចចោល ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី Zey Nenag Zey Neang លក់​ឡេ​លាប​ស្បែក ស 100 % នេះ​តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ។​


​ជាការ​កត់សម្គាល់ ចំណាត់ការ​របស់​ក្រសួងសុខាភិបាល ច​តាម​វិធី​ប្រហាក់ប្រហែលគ្នា​នេះ មិនមែនជា​លើក​ទី ១ ពោលគឺ​កន្លងមក ក្រសួងសុខាភិបាល មាន​ចំណាត់ការ​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក និង ម្ចាស់​ហ្វេ​ស​ប៊ុ​ក មួយចំនួន​ហើយ ដែល​បានប្រកាស​ដាក់លក់​ផលិតផល​មួយចំនួន​ដូចជា​ផលិត​គ្រឿងសម្អាង និង ផលិត​បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស​ជាដើម ។ ប៉ុន្តែ​គេ​មិនទាន់​បានដឹងថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ហើយ​ទេ ដែល​ត្រូវបាន​នាំទៅ​ប្រឈម​ចំពោះមុខ​ច្បាប់ ។​


​អ្នក​នាំ​ព​ក្យ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ធ្លាប់បាន​អំពាវនាវ​ឱ្យ​សា​ធាណរ​ជន​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​បើ​អាច​ចៀសវាង​បាន គឺ​កុំ​ទិញ​នូវ​ផលិតផល​គ្រឿងសម្អាង ផលិតផល​បំប៉ន​សុខភាព និង ផលិតផល​បំប៉ន​សុខភាព​ផ្លូវភេទ​ជាដើម ដែល​ដាក់លក់​តាម​អន​ឡាញ ព្រោះ​ភាគច្រើនបំផុត គឺជា​ផលិតផល​ដែល​គ្មាន​ការត្រួតពិនិត្យ​ពី​ស្ថាប័ន​ជំនាញ ហើយ​ការប្រើប្រាស់​ផលិត​ទាំងនោះ វា​មិន​ត្រឹមតែ​ខាតបង់​ថវិកា​ឡើយ វា​ថែមទាំង​នាំមក​នូវ​គ្រោះថ្នាក់​ដល់​សុខភាព អាចឈាន​ដល់​ការបាត់​បង់ជីវិត​ទៀតផង ៕ Kh

ផលិតផល​គ្រឿងសម្អាង​ដែល​ប្រកាស​លក់​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zey Neang លក់​ឡេ​លាប​ស្បែក ស 100 % ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ( រូបៈ ក្រសួងសុខាភិបាល )

ទីតាំងផ្សាយពាណិជ្ជកម្ម