ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឲ្យ​លោក រៀល ខេ​ម​រិ​ន្ទ្រ បង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម​

907
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជា​ផ្លូវការ​ហើយ​ឲ្យ​លោក​រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម (​គ​.​ខ​.​អ​)​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ជម្រាប​ទៅ​លោក​រៀល ខេ​ម​រិ​ន្ទ្រ តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​អភិរក្សនិយម កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​។

​គណបក្ស​ខ្មែរ​អភិរក្សនិយម មាន​ទីតាំង​ក្នុង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ដើម្បី​ទទួលបាន​នូវ​សុពលភាព និង​អាចធ្វើ​សកម្មភាព​ស្របតាម​ច្បាប់ ស្តីពី​គណបក្សនយោបាយ «​គណបក្ស​ខ្មែរ​អភិរក្សនិយម​» ត្រូវ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​មាត្រា ៩ វ​ក្យ​ខណ្ឌ​ទី​២ មាត្រា​ទី ១៨ ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា ២០ នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​។

លោក​រៀល ខេ​ម​រិ​ន្ទ្រ បាន​អះអាងថា លោក​ធ្វើការ​ផ្លាស់ប្តូរ​ឈ្មោះ​គណបក្សនយោបាយ ទៅតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​អាច​ចុះឈ្មោះ​បង្កើត​គណបក្ស​ស្របទៅតាម​ច្បាប់ និង​អាច​ចូលរួម​ឆាកនយោបាយ​វិញ​ជាមួយនឹង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​ផ្សេងទៀត​។​

​សូមជម្រាបថា លោក រៀល ខេ​ម​រិ​ន្ទ្រ ត្រូវបាន​ប្រមុខរដ្ឋស្តីទី​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ (​ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​)​។ លោក​បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​។ បន្ទាប់ពី​ទទួលបាន​នីតិសម្បទា​ឡើងវិញ លោក​ខេ​ម​រិ​ន្ទ្រ បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ