ក្រុមមន្ត្រី​អាមេរិក​និយាយថា លោក​ត្រាំ​គាំទ្រ​ការវាយប្រហារ​របស់លោក​ហា​ហ្វ​តា​លើ​ទីក្រុង​ទ្រី​ប៉ូ​លី​

524
ចែករម្លែក

​វេ​ប​សាយ Bloomberg បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២៤​មេសា ដោយ​ដកស្រង់​សម្តី​ក្រុមមន្ត្រី​អាមេរិក​ជាច្រើន​នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​យ៉ាង​ដូច្នេះ​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បានចង្អុលបង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​គាំទ្រ​ការវាយប្រហារ​ដោយ​បុរស​ខ្លាំង​លី​ប៊ី​លោក​ខា​លី​ហ្វា ហា​ហ្វ​តា ទៅលើ​រដ្ឋធានី​ទ្រី​ប៉ូ​លី​របស់​ប្រទេស​ក្នុងអំឡុងពេល​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ពួកគេ​កាលពី​សប្តាហ៍​មុន​។

​យោងតាម​អ្នកការទូត​ចំនួន​បី​រូប​បានឱ្យដឹងថា មុនពេល​ការហៅ​តាម​ទូរស័ព្ទ​របស់លោក​ត្រាំ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ច​ន បូល​តុ​ន ក៏បាន​និយាយ​ជាមួយ​លោក​ហា​ហ្វ​តា​តាមរយៈ​ទូរស័ព្ទ​ដែរ ដោយ​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ថា​ទទួលបាន​ភ្លើង​ខៀវ​ពី​អាមេរិក​សម្រាប់​ការវាយលុក​ដោយ​កងទ័ព​ជាតិ​លី​ប៊ី​របស់គាត់​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន សេត​វិមាន​បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​ការ​តេ​ទូរស័ព្ទ​កាលពី​ថ្ងៃទី ១៥ មេសា​រវាង​លោក​ត្រាំ​និង​លោក​ហា​ហ្វ​តា ដោយ​ហៅ​បុរស​ខ្លាំង​លី​ប៊ី​រូបនេះ​ថា “​លោក​សេនាប្រមុខ​” ។ របាយការណ៍​របស់ Bloomberg និយាយថា ការ​លាតត្រដាង​ថ្មីចែស​នេះ​គឺ​បង្ហាញថា ប្រធានាធិបតី​អាមេរិក​បានទទួល​ស្គាល់​លោក​ហា​ហ្វ​តា​ជា​មេដឹកនាំ​លី​ប៊ី​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន លោក​ត្រាំ​បាន​ពិភាក្សា​អំពី “​កិច្ចប្រឹងប្រែង​ប្រឆាំង​ភេ​វរ​កម្ម​ដែល​កំពុង​ប្រព្រឹត្តទៅ​” និង “​តួនាទី​សំខាន់​របស់លោក​សេនាប្រមុខ​ហា​ហ្វ​តា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​និង​ការធានា​ការពារ​ធនធាន​ប្រេង​របស់​ប្រទេស​លី​ប៊ី​”៕ ដោយ៖ កញ្ញាដាលីស

បាតុករ​លី​ប៊ី​ស្រែក​ទាមទារ​ឱ្យ​បញ្ឈប់​ការវាយលុក​របស់លោក​ហា​ហ្វ​តា​លើ​ទីក្រុង​ទ្រី​ប៉ូ​លី​នៅ​ទីលាន​ម៉ា​ធៀ​ក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី​កាលពី​ថ្ងៃទី​១៩​មេសា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ