រុស្ស៊ី​និយាយថា កូរ៉េខាងជើង​ត្រូវការ​ការធានា​សន្តិសុខ ប្រសិនបើ​ប្រទេស​នេះ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​

514
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​របស់លោក​ជាមួយ​លោក​គីម ជុង​អ៊ុន ​ថា​ មេដឹកនាំ​កូរ៉េខាងជើង​ត្រៀមខ្លួន​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​ត្រូវការ​ការធានា​សន្តិសុខ​រឹងមាំ​ដើម្បី​ធ្វើ​ដូច្នេះ​។​

​លោកពូ​ទីន​បាន​និយាយថា​ លោក​មាន​ឆន្ទៈ​ក្នុងការ​ចែករំលែក​ព័ត៌មាន​លម្អិត​នៃ​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដោយ​បន្ថែមថា “​មិនមាន​អាថ៌កំបាំង​ទេ​”​។​

​លោក​បាន​កត់សម្គាល់ថា​ លោក​គីម​ផ្ទាល់​បាន​លើកទឹកចិត្ត​ឱ្យ​គាត់​ពន្យល់​ពី​ភាពច្បាស់លាស់​ខ្លះ​នៃ​ជំហរ​របស់​ទីក្រុង​ព្យុងយ៉ាង​ដល់​លោក​ត្រាំ​។​

​ជំនួប​កំពូល​នៅលើ​កោះ​រ៉ា​ស់​ស្គី (Russky) ឆ្លងស្ពាន​ពី​ច្រក​ភាគ​ខាងកើត​ទីក្រុង​កំពង់ផែ​វ្ល៉ា​ឌី​វ៉ូ​ស្តូក (Vladivostok) គឺ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រុស្ស៊ី​ក្នុងការ​ក្លាយខ្លួនជា​អ្នកដើរតួ​ដ៏​សំខាន់​ក្នុងការ​បញ្ឈប់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែលជា​តួនាទី​មួយ​នឹង​បង្កើន​ឥទ្ធិពល​សកលលោក​និង​លើក​គំនាស់​របស់​រុស្ស៊ី​ទប់ទល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​លោកពូ​ទីន​បាន​សង្កត់ធ្ងន់ថា​ មេដឹកនាំ​កូរ៉េខាងជើង​ត្រៀមខ្លួន​ឆ្ពោះទៅរក​ស្ថានភាព​គ្មាន​អាវុធ​នុយក្លេអ៊ែរ ​ប៉ុន្តែ​នឹង​បន្ត​ធ្វើដូច្នេះបាន​ទាល់តែ​គាត់​ទទួលបាន​ការធានា​ដ៏​រឹងមាំ​។​

​ទោះយ៉ាងណា គាត់​មិនបាន​បញ្ជាក់ថា​តើ​ការធានា​ទាំងនោះ​គឺជា​អ្វីខ្លះ​នោះទេ​។​

​លោកពូ​ទីន​បាន​បន្ថែមថា “​លើសពីនេះទៅទៀត គាត់​បាន​ផ្តោតលើ​ការការពារ​ផលប្រយោជន៍​និង​សន្តិសុខ​ជាតិ​”​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​មេសា លោកពូ​ទីន​បាន​សម្តែង​ទំនុកចិត្ត​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​គីម​នឹង​ជួយ​ឱ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​អ្វីដែល​គួរតែ​ធ្វើ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ យល់​ពីអ្វី​ដែល​យើង​អាចធ្វើ​រួមគ្នា និង អ្វីដែល​រុស្ស៊ី​អាច​ធ្វើបាន​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ជា​វិជ្ជមាន​ដែល​កំពុង​បន្ត​នេះ​”​។​

​កិច្ចប្រជុំ​របស់លោក​គីម​ជាមួយ​លោកពូ​ទីន ​ធ្វើឡើង​បន្ទាប់ពី​ការ​ប្រឹង​ផ្នែក​ការទូត​យ៉ាងខ្លាំង​ក្លា​រយៈពេល​មួយឆ្នាំ​ដែល​កូរ៉េខាងជើង​សង្ឃឹមថានឹង​ជួយ​ឱ្យ​ខ្លួន​រួច​ផុតពី​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​លើ​អាវុធ​នុយក្លេអ៊ែរ​និង​កម្មវិធី​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​។​

​លោក​គីម​បានរៀបចំ​កិច្ចប្រជុំ​កំពូល​បួន​លើក​ជាមួយ​ប្រធានាធិបតី​ចិន​ ស៊ី​ជីន​ពីង បី​លើក​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន ជេ​អ៊ី​ន ​និង​ពីរលើក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​។​

​ជំនួប​លើក​ទី​ពីរ​របស់លោក​គីម​ជាមួយ​លោក​ត្រាំ​កាលពី​ខែកុម្ភៈ​បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ ហើយ​ការធ្វើដំណើរ​របស់លោក​ទៅកាន់​ប្រទេស​រុស្ស៊ី​ឆ្លុះបញ្ចាំង​ពី​បំណងប្រាថ្នា​របស់លោក​ក្នុង​ការដាក់​សម្ពាធ​កាន់តែខ្លាំង​ទៅលើ​វ៉ាស៊ីនតោន​និង​បង្ហាញ​ឯករាជ្យភាព​មួយចំនួន​ពី​ប៉េកាំង​ផងដែរ​។​

​សម្រាប់​លោកពូ​ទីន កិច្ចប្រជុំ​នេះ​ផ្តល់ឱកាស​ដើម្បី​បង្កើន​តួនាទី​របស់លោក​ក្នុងនាម​ជា​អ្នកសម្របសម្រួល​ដ៏​មាន​សក្តានុពល​មួយរូប​។​

​ភ្លាមៗ លោក​បាន​សង្កត់ធ្ងន់ថា លោក​មាន​ឆន្ទៈ​ក្នុងការ​ចែករំលែក​ព័ត៌មាន​លម្អិត​នៃ​កិច្ចប្រជុំ​ជាមួយ​លោក​ត្រាំ​។​

​មេដឹកនាំ​រុស្ស៊ី​រូបនេះ​បាន​សង្កត់ធ្ងន់ថា​ទាំង​មូ​ស្គូ​និង​វ៉ាស៊ីនតោន​ចង់ឱ្យ​ព្យុងយ៉ាង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

​នៅពេលដែល​គាត់​បាន​អង្គុយ​ជជែក​ជាមួយ​លោក​គីម លោកពូ​ទីន​បាន​សរសើរ​លោក​គីម​សម្រាប់​ការចូលរួម​ក្នុង​កិច្ចសន្ទនា​ជាមួយ​សហរដ្ឋអាម៉េរិក​។​

​លោកពូ​ទីន​បាន​ប្រា​ប់លោក​គីម​ថា “​យើង​ស្វាគមន៍​កិច្ចប្រឹងប្រែង​របស់​អ្នក​ដើម្បី​អភិវឌ្ឍ​កិច្ចសន្ទនា​អន្តរ​កូរ៉េ​និង​ធ្វើឱ្យ​ទំនាក់ទំនង​កូរ៉េខាងជើង​ប្រក្រតី​ឡើងវិញ​ជាមួយ​សហរដ្ឋអាម៉េរិក​”​។​

​បន្ទាប់ពី​ជំនួប​មួយ​ទល់នឹង​មួយ​របស់​មេដឹកនាំ​ទាំងពីរ​នៅពេល​ចាប់ផ្តើម​កិច្ចពិភាក្សា​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​មកពី​ភាគី​ទាំងសងខាង លោកពូ​ទីន​និង​លោក​គីម​បាន​និយាយថា ពួកគេ​មានការ​ពិភាក្សា​ដ៏​ល្អ​។​

​លោកពូ​ទីន​បាន​និយាយថា “​យើង​បាន​ពិភាក្សា​ពី​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​និង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​អ្វីដែល​ត្រូវធ្វើ​ដើម្បី​កែលម្អ​ស្ថានភាព​និង​របៀប​ធ្វើ​វា​ឱ្យបាន​”៕ ដោយ៖ កញ្ញាដាលីស/Ha

លោកពូ​ទីន (​ស្តាំ​) លើក​កែវស្រា​ជល់​ជាមួយ​លោក​គីម ជុង​អ៊ុន

ទីតាំងផ្សាយពាណិជ្ជកម្ម