សម្តេច​តេ​ជោ​ហ៊ុនសែនៈ​អនាគត​កងទ័ព​ពាក់ផ្កាយ​បួន​នឹង​មានតែ​ពីរ​នាក់​

2055
ចែករម្លែក
សម្តេច​តេ​ជោ ហ៊ុន សែន ផ្កាយ​មាស​៥​ផុត​លេខ និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្កាយ​មាស​៥​ផុត​លេខ និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា នៅក្នុង​កងទ័ព​នាពេល​អនាគត គឺ​ឲ្យ​មាន​ផ្កាយ​បួន​តែ​ពីរ​នាក់​ទេ គឺ​រដ្ឋមន្ត្រី​ការពារជាតិ និង​អគ្គបញ្ជាការ​កងទ័ព​ហើយ​ក្រៅពីនោះ​គឺ​ពាក់​ផ្កាយ​បី​ទាំងអស់​។​នេះ​បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវបាន​បែកធ្លាយ និង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ នេះ​។​
​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​នៅពេល​អនាគត​គឺ​ទុក​ត្រឹមតែ​ផ្កាយ​បួន​តែ​ពីរ​នាក់​ទេ គឺ​ទុក​ផ្កាយ​បួន​ជា​រដ្ឋមន្ត្រី​ការពារជាតិ​មួយ និង​អគ្គបញ្ជាការ​កងទ័ព​មួយ​បាន​ហើយ​។ ក្រៅពីនោះ គឺ​ពាក់​ផ្កាយ​បី​ទាំងអស់​។​ឥឡូវនេះ​មេ​រង​ជើងគោក​ថ្ងៃក្រោយ​ក៏ត្រូវ​ពិចារណា​ពីព្រោះ​ឥឡូវនេះ​ពាក់​ផ្កាយ​បី​ទាំង​អស់ហើយ​ប៉ុន្តែ​ក្រោយ​ក្រោយ​នឹង​បន្ត​បញ្ចុះ​ទៅទៀត​។​ឧទាហរណ៍​ថា​មេភូមិ​ភាគ​និង​មេ​កងពល​បច្ចុប្បន្ន​សុទ្ធ​តែ​ផ្កាយ​បី​ទាំងអស់ ហើយ​ជា​អនុ​ជើងគោក ប៉ុន្តែ​ថ្ងៃក្រោយ​អាច​សម្រួល​តទៅទៀត​។ អនុ​ជើងគោក តែ​អនុ​មួយ​ទេ​ដែល​អាច​កាន់​សេនាធិការ​ពាក់​ផ្កាយ​បី​ហើយ​អនុ​ដទៃទៀត​រាប់ទាំង​មេបញ្ជាការ​ភូមិភាគ​ឲ្យ​ពាក់​តែ​ផ្កាយ​ពីរ​ទេ​។ យក​វិធី​នឹង​ដើម្បី​កាត់បន្ថយ​នូវ​ការដំឡើង​ស័ក្តិ​ច្រងេងច្រងាង​ច្រើនពេក​”។

ជាមួយគ្នានេះ សម្តេចតេជោក៏បានបញ្ជូនសារទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីកាត់បន្ថយការដំឡើងស័ក្តិនៅក្នុងនគរបាលផងដែរ ដើម្បីឲ្យមានសមធម៌នៅក្នុងកងកម្លាំងប្រដាប់អាវុធជាទូទៅ។
សម្តេចតេជោបានលើកឡើងថា “ខ្ញុំនឹងទប់ស្កាត់ការចុះហត្ថលេខាទៅលើការដំឡើងថ្នាក់ទាំងពីរផ្នែក ទាំងផ្នែកខាងកងទ័ព និងផ្នែកខាងនគរបាល ព្រោះបើដំឡើងឲ្យខាងនគរបាលអត់ដំឡើងឲ្យកងទ័ពវាអត់សមភាពដែរ”៕សរន

នាយឧត្តមសេនីយ៍ទៀបាញ់ឧបនាយករដ្ឋមន្រ្តីនិងចារដ្ឋមន្រ្តីក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍វង្សពិសេន អគ្គមេបញ្ជាការ(រូបខាងស្តាំ)