អ្នកជំនាញៈ កម្ពុ​ជាមាន​អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា​ប្រមាណ​ជា​២.០០០​នាក់​

661
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ ប្រធាន​សមាគម​អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា​កម្ពុជា លោក សែម សុខ​បញ្ញា បាន​ប៉ាន់ប្រមាណ​ជា​អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា​នៅ​កម្ពុជា​ថា របាយការណ៍​របស់​ស​ហ​ព័ន្ធ​អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា​ពិភពលោក ក្នុងចំណោម​មនុស្ស ១០.០០០ នាក់ មាន​មនុស្ស​ម្នាក់ ដែល​កើត​ជំងឺ​ហេ​ម៉ូ​ហ្វី​លា នេះ ដែល​មកពី​មូលហេតុ​តំណពូជ ៧០ ភាគរ និង​កើតឡើង​ដោយ​ឯកឯង​៣០ ភាគរយ ។ ដូច្នេះ​នៅលើ​ពិភពលោក​មាន​អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា ឬ ជំងឺ​ឈាម​កម្រ​កក ប្រមាណ​ជា​៦,៩​លាន​នាក់ ហើយ ៧៥ ភាគរយ នៃ ពួកគេ ពុំទាន់​បានដឹងថា​ខ្លួនគេ​មាន​ជំងឺ​នេះឡើយ ។ នៅ​កម្ពុជា គឺមាន​អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា នេះ ប្រមាណ​ជា ២.០០០​នាក់ ទូទាំងប្រទេស ប៉ុន្តែ​មាន​អ្នកជំងឺ ត្រឹមតែ​ប្រមាណ​ជា ១០០ នាក់​ប៉ុណ្ណោះ ដែល​ទទួល​ការធ្វើ​រោគវិនិច្ឆ័យ និង ព្យាបាល ហើយ​កន្លែង​ដែល​អាច​ព្យាបាល​ជំងឺ​នេះ​គឺ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​រាជធានី​ភ្នំពេញ និង មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ជាមួយនឹង​វេជ្ជបណ្ឌិត​តែ​ពីររូប​ប៉ុណ្ណោះ​។


​លោក សែម សុខ​បញ្ញា ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ទិវា​ជំងឺ​ហេ​ម៉ូ​ហ្វី​លា ឬ ជំងឺ​ឈាម​កម្រ​កក រៀបចំ​នៅឯ​មន្ទីរ​ពេ​ត្យ​កុមារ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ ឈាន​មួយ​ជំ​ហ៊ាន​ដំបូង ដើម្បី​ថែទាំ​សុខភាព ។​


​សូមជម្រាបថា ជំងឺ​ហេ​ម៉ូ​ហ្វី​លា ឬ ជំងឺ​ឈាម​កម្រ​កក ជា​ជំងឺ​ដែលមាន​តាំងពី​កំណើត និង​តំណពូជ ដែល​កើត​មកពី​ឪពុកម្តាយ ជាពិសេស​គឺ​ម្តាយ ជា​អ្នក​ផ្ទុក​ជំងឺ​នេះ​មក​ឲ្យ​កូន ហើយ​ភាគច្រើន​ទៅលើ​កូនប្រុស ហើយ​កូនស្រី​ជា​អ្នក​ផ្ទុក​ជំងឺឆ្លង​បន្តទៅទៀត ។ ជំងឺ​នេះ​ធ្វើ​អ្នកជំងឺ​ហើម ជាំ ទៅលើ​សារពាង្គកាយ ឬ បង្ក​ឲ្យ​មានការ​ហូរឈាម​ទៅតាម​សន្លាក់ ហើយ​ឈឺចាប់​ខ្លាំង​បំផុត​ពេលដែល​ប៉ះពាល់​ទង្គិច​លើ​សរីរាង្គ​អ្នកជំងឺ និង​ធ្ងន់ធ្ងរ​បំផុត​គឺ​ការ​ហូរឈាម​នៅក្នុង​ខួរក្បាល ។ ម្យ៉ាងវិញទៀត​គឺអាច​ក្លាយ​ឲ្យ​មាន​ពិការភាព និង បាត់បង់​ជីវិត​យ៉ាង​ឆាប់រហ័ស​។​


​ជំងឺ​ហេ​ម៉ូ​ហ្វី​លា​នេះ គឺជា​ជំងឺ​ម្យ៉ាងដែ​លអាច​បណ្តាល​ឲ្យ​ហូរឈាម ។ អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា គឺ​មិន​មានការ​ហូរឈាម​លឿន​ជាង​ធម្មតា​ទេ ប៉ុន្តែ​ការហូរ​ឈាម​នេះ មាន​រយៈពេល​យូរ​ជាង​ធម្មតា ដោយសារតែ​ឈាម ដែលមាន​ជំងឺ​ហេ​ម៉ូ​ហ្វី​លា មិនមាន​សារធាតុ កត្តា​ឈាមកក (clotting Factor) គ្រប់គ្រាន់​។ កត្តា​ឈាមកក គឺជា​ប្រូតេអ៊ីន​ម្យ៉ាង (Protein) នៅក្នុង​ឈាម ដែល​អាច​ត្រួតពិនិត្យ​ទៅលើ​ការ​ហូរឈាម ។


​កម្ពុជា បាន​រកឃើញ​ករណី​ជំងឺ​ហេ​ម៉ូ​ហ្វី​លា​នេះ ដំបូង​នៅ​ឆ្នាំ​២០០២ ហើយ​បច្ចុប្បន្ននេះ ការព្យាបាល​ដោយ​ប្រើប្រាស់​ឈាម ផ្លាស​ស្មា (Plasma) ក្រាយ​អូរ (Cryo) និង ថ្នាំ​កត្តា​ឈាមកក (Factor) និង ការព្យាបាល​ដោយ​ចលនា ។​


​ដូចដែល​បានលើកឡើង​មកនេះ ជំងឺ​ឈាម​ក្រ​កក ឬ ជំងឺ​ហេ​ម៉ូ​ហ្វី​លា នេះ គឺជា​ជំងឺ​កាច​សាហាវ​ណាស់ ប៉ុន្តែ ត្រូវបាន​សង្កេតឃើញថា ពុំ​សូវ​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ឡើយ ទើប​អ្នកជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា​៖ សមត្ថភាព​មន្ត្រី​សុខាភិបាល​នៅមានកម្រិត​ទាក់ទង​នឹង​ជំងឺ​នេះ គឺ​មានតែ​វេជ្ជបណ្ឌិត​ពីររូប​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​ក្នុងការ​ព្យាបាល​ជំងឺ​នេះ ហើយ​និង​មន្ទីរពេទ្យ​កុមារ​ចំនួន​ពីរ ជាមួយនឹង​កន្លែង​ធ្វើ​រោគវិនិច្ឆ័យ​ចំនួន​៣​កន្លែង , លំបាក​ស្វែងរក​កន្លែង​ព្យាបាល​អ្នកជំងឺ​ដែលមាន​អាយុ​លើសពី​១៦ ឆ្នាំ ពីព្រោះ​មន្ទីរពេទ្យ​ភាគច្រើន មិន​ផ្តល់​សេវា​សម្រាប់​អ្នកជំងឺ​ហេ​ម៉ូ​ហ្វី​លា​ទេ , មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ពុំទាន់​មានលទ្ធភាព​ផលិត​ក្រាយ​អូរ , គ្រួសារ និង​អ្នកជំងឺ​មួយចំនួន ជាពិសេស​គ្រួសារ​ដែលមាន​លទ្ធភាព​ខ្ពស់ ពុំមាន​ឆន្ទៈ​ក្នុងការ​ចូលរួម​ជាមួយ នឹង​សកម្មភាព​សមាគម , សមាគម​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ឧបត្ថម្ភ​អ្នកជំងឺ និង​គ្រួសារ អ្នកជំងឺ​ក្រីក្រ , ការផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ជំងឺ​នេះ នៅមានកម្រិត , ស្ថាប័ន​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អង្គការ​ជាតិ អន្តរជាតិ និង សាធារណជន ពុំទាន់​យល់ដឹង​អំពី​ជំងឺ​វិបត្តិ​ឈាម​ហូរ នៅឡើយ និង កង្វះ​កិច្ចសហការ​គាំទ្រ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម