ពលរដ្ឋ​ជាង៤០០​​គ្រួសារទៀតទទួល​​អំណោយ ខណៈ​​ខ្យល់​កន្ត្រាក់​បង្ក​ប៉ះពាល់​ផ្ទះ​និង​សំណង់​កើន​ដល់​ជាង​១.៤០០​ខ្នង​

397
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ពលរដ្ឋ​ជាង៤០០​គ្រួសារ​ផ្សេងទៀត​ទទួល​អំណោយ​របស់លោក ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​លោកជំទាវ ខណៈខ្យល់​កន្ត្រាក់​បង្ក​ប៉ះពាល់​ផ្ទះ​និង​សំណង់​កើន​ដល់​ជាង​១.៤២៩​ខ្នង​ នៅ​ស្រុក​ក្រុង​ទាំង​៩​នៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ​។​

ការចែក​នោះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ពិធី​នៅ​សាលាស្រុក​ព្រះនេត្រព្រះ​ផង​និង​នៅ​វត្ត​បឹង​ត្រាវ​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​ផង ក្រោម​វត្តមានលោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​-​អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកស្រី ម៉ៅ មាល័យ។​

លោក​អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ខ្យល់​កន្ត្រាក់ មកពី​ស្រុក​ម៉ាឡៃ ​ព្រះនេត្រព្រះ​​ស្វាយចេក ​អូរជ្រៅ និង​ក្រុង​សិរីសោភ័ណ ចំនួន​២៥៣គ្រួសារ នា​ថ្ងៃទី​២៨ ​ខែមេសា ថា នៅ​ខេត្ត​នេះ​លើ​ក្រុង ស្រុក ទាំង​៩ គិតពី ថ្ងៃទី​១​ មេសា​ ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧ ​ខែមេសា​ ឆ្នាំ​២០១៩ ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​ផ្ទះ និង​សំណង់​ចំនួន​១.៤២៩​ខ្នង។​

ក្នុងនោះ ផ្ទះ​ប្រជាពលរដ្ឋ ១.៣៩៧​ខ្នង ធ្ងន់ ១៩៥​ខ្នង ស្រាល ១.២០២​ខ្នង សាលា​រៀន​១៦ខ្នង សាលា​បាលី២​ខ្នង កុដិ៤​ខ្នង សាលាឆាន់៣ខ្នង មូលដ្ឋានរោង​ដាក់​ម៉ា​ស៊ិន​និង​សម្ភារៈ៦ខ្នង។​

លោក​បាន​បន្តថា ជាងនេះទៅទៀត ក៏មាន​រន្ទះបាញ់​បណ្តាល ស្លាប់ មនុស្ស៥​នាក់​របួស៦​នាក់ និង ស្លាប់​គោ១៣ក្បាល ខូច​ម៉ូតូ​៣​គ្រឿង គោរ​យន្ត១គ្រឿង ហើយ ឆេះ​ផ្ទះមួយ​ខ្នង​ផង។​

នា​យ​ឧ​ត្ត​ម​សេ​នឺ​យ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ភរិយា​បាន​អញ្ជើញ​សាកសួរ​សុខ​ទុ​ក្ឋ​និង​ចែក​អំណោយ​​ដ​ល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ និង​រន្ទះបាញ់​ទាំងនោះ ព្រមទាំងបាន​សម្តែង​មនោសញ្ចេតនា​ចូលរួម​រំលែក​ទុក្ខ​និង​ការលំបាក​ចំពោះ​ការបាត់បង់​សមា​ជិ​គ្រួសារ ផ្ទះសម្បែង ទ្រព្យសម្បត្តិ៕B/